ការប្រជុំក្រៅផ្លូវការ ជាការប្រជុំរវាងអ្នកនិងនាយករដ្ឋបាលមជ្ឈមណ្ឌលថ្នាក់តំបន់។ នៅពេលអ្នកដាក់ទម្រង់បែបបទស្នើសុំសវនាការយុត្តិធម៌ អ្នកអាចស្នើសុំកិច្ចប្រជុំក្រៅផ្លូវការមួយ និង/ឬការសម្រុះសម្រួលមួយនៅមុនពេលសវនាការបាន។ ប្រសិនបើអ្នកមានកិច្ចប្រជុំក្រៅផ្លូវការណាមួយ មជ្ឈមណ្ឌលថ្នាក់តំបន់ ត្រូវផ្តល់កិច្ចប្រជុំនេះក្នុងរយៈពេល 10 ថ្ងៃ បន្ទាប់ពីទទួលបានសំណើសុំសវនាការយុត្តិធម៌របស់អ្នក លើកលែងតែអ្នកឯកភាពទៅលើកាលបរិច្ឆេទផ្សេងទៀត។ កិច្ចប្រជុំក្រៅផ្លូវការ គឺជាជំហានដំបូងនៅក្នុងដំណើរការសវនាការ។ អ្នកពុំចាំបាច់ត្រូវមានកិច្ចប្រជុំក្រៅផ្លូវការទេ ប្រសិនបើអ្នកមិនត្រូវការវាទេនោះ។ អ្នកតំណាងរបស់អ្នកអាចមានវត្តមាននៅនោះ ប្រសិនបើអ្នកមាន។ [1]§ 4710.7.
នេះគឺជាឱកាសរបស់អ្នកដើម្បីជួបគ្នាជាមួយមជ្ឈមណ្ឌលក្នុងតំបន់ និងដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យផ្តល់ដល់អ្នកនូវសេវាដែលអ្នកត្រូវការ។ បើទោះបីជាអ្នកមិនឯកភាពក៏ដោយ អ្នកនៅតែអាចយល់ពីខាងមជ្ឈមណ្ឌលថ្នាក់តំបន់ និងព្យាយាមឯកភាពទៅលើចំណុចមួយចំនួន។
ក្រោយការប្រជុំ មជ្ឈមណ្ឌលថ្នាក់តំបន់មានរយៈពេល 5 ថ្ងៃនៃថ្ងៃធ្វើការ ដើម្បីផ្ញើឱ្យអ្នកនូវការសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរ។ [2]§ 4710.7(b). សេចក្តីសម្រេចត្រូវរាយរាល់បញ្ហាទាំងអស់នៅក្នុងបណ្តឹងជំទាស់ និងសម្រេចទៅលើបញ្ហានីមួយៗ។ វាក៏ត្រូវតែនិយាយពីអង្គហេតុ ច្បាប់ បទបញ្ញត្តិ និងគោលនយោបាយនានា ដែលមជ្ឈមណ្ឌលថ្នាក់តំបន់ប្រើដើម្បីធ្វើសេចក្តីសម្រេចចិត្តរបស់ខ្លួន។
ប្រសិនបើអ្នកឯកភាពជាមួយនឹងការសម្រេចក្រៅផ្លូវការ អ្នកអាចបដិសេធសំណើសុំសវនាការរបស់អ្នកបាន។ អនុវត្តបែបនេះដោយបំពេញទម្រង់បែបបទ “ការជូនដំណឹងអំពីការលុបចោលបណ្តឹង” ដែលមជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់ជូន ដែលអាចស្វែងរកបានផងដែរនៅលើ៖ https://www.dds.ca.gov/wp-content/uploads/2019/05/DS1804.pdf
សេចក្តីសម្រេចនឹងចូលជាធរមាននៅក្នុងរយៈពេល 10 ថ្ងៃ បន្ទាប់ពីមជ្ឈមណ្ឌលថ្នាក់តំបន់ទទួលបានទម្រង់បែបបទ “ការជូនដំណឹងអំពីការលុបចោលបណ្តឹង” របស់អ្នក [3]§ 4710.9(a).។ ប្រសិនបើអ្នកមិនឯកភាពជាមួយនឹងសេចក្តីសម្រេចក្រៅផ្លូវការទេ អ្នកនៅតែអាចទៅរកការសម្រុះសម្រួលបានប្រសិនបើអ្នក និងមជ្ឈមណ្ឌលថ្នាក់តំបន់បានឯកភាពគ្នា។ អ្នកក៏នៅតែអាចទៅរកសវនាការដោយយុត្តិធម៌បាន។ [4]§ 4710.9(b).