វាជាសិទ្ធិរបស់អ្នកត្រូវប្តឹងជំទាស់ទៅនឹងការសម្រេចចិត្តរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ដែលបដិសេធកូនរបស់អ្នកពីសេវាកម្មដែលគេត្រូវការ។ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់មិនឯកភាពថា កូនរបស់អ្នកត្រូវការសេវាកម្មមួយទេ វាមិនមែនមានន័យថាពួកគេកំពុងព្យាយាមធ្វើឲ្យកូនរបស់អ្នកឈឺចាប់នោះទេ។ ប្រសិនបើប្តឹងជំទាស់ មិនមែនមានន័យថាអ្នកកំពុងតែស្នើសុំលើសពីអ្វីដែលកូនរបស់អ្នកត្រូវការទេ។ វាគ្រាន់តែមានន័យថា អ្នកមិនឯកភាពជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ពីអ្វីដែលកូនរបស់អ្នកត្រូវការតែប៉ុណ្ណោះ។
នៅក្នុងការប្តឹងជំទាស់ ភាគីម្ខាងៗផ្តល់ព័ត៌មានទៅកាន់ចៅក្រមផ្នែកនីតិរដ្ឋបាលពីអ្វីដែលពួកគេជឿថាកុមារត្រូវការដើម្បីឆ្លើយតបទៅនឹងគោលដៅនៅក្នុង IPP។ ចៅក្រមធ្វើសេចក្តីសម្រេចចិត្តជាចុងក្រោយ។ ប្រសិនបើអ្នកឆ្លងកាត់បណ្តឹងជំទាស់ ចូរគ្រាន់តែប្រាប់ការពិតនៅពេលដែលអ្នកឡើងបង្ហាញពីករណីកូនរបស់អ្នក។ ចៅក្រមនឹងរកមើលការពិត សក្ខីកម្ម និងឯកសារនានា និងប្រើច្បាប់ (ភាគច្រើនច្បាប់ Lanterman) ដើម្បីសម្រេចរឿងក្តីនោះ។ បើទោះបីជាកូនរបស់អ្នកចាញ់បណ្តឹងជំទាស់ក៏ដោយ មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចសងសឹក ដាក់ទោសកូនរបស់អ្នក ឬ យកចេញនូវសេវាកម្មរបស់កូនអ្នកដោយសារតែអ្នកបានប្តឹងជំទាស់នោះបានទេ។ សម្រាប់ព័ត៌មានបន្ថែមអំពីការប្តឹងជំទាស់ សូមមើលជំពូក 10។