ពិការភាពធ្ងន់ធ្ងរគឺជាការចុះខ្សោយខ្លាំងខាងផ្នែកមុខងារពុទ្ធិ និង/ឬមុខងារសង្គមដែលតម្រូវឲ្យមានការធ្វើផែនការអន្តរវិស័យ និង ការសម្របសម្រួលសេវាកម្ម ដើម្បីជួយឲ្យសម្រេចបាននូវសក្ដានុពលអតិបរមា។ ច្បាប់ចែងថា អ្នកត្រូវមានស្ថានភាពសិទ្ធិទទួលបានមួយក្នុងចំណោមប្រាំដែលបានពិភាក្សាខាងលើ ហើយវាត្រូវតែជាពិការភាពធ្ងន់ធ្ងរចំពោះអ្នក ក្នុងផ្នែកសំខាន់របស់ជីវិតចំនួនបីឬច្រើនជាងនេះ៖ [1]ផ្នែក 4512(a).
- ការប្រាស្រ័យទាក់ទង (ផ្នែកអាន-ស្តាប់ និងផ្នែកសរសេរ-និយាយ)
- ការសិក្សារៀនសូត្រ
- ការថែទាំខ្លួនឯង
- ការផ្លាស់ទី
- ការគ្រប់គ្រងខ្លួនឯង
- សមត្ថភាពសម្រាប់ការរស់នៅដោយឯករាជ្យ
- ភាពម្ចាស់ការលើខ្លួនឯងផ្នែកសេដ្ឋកិច្ច [2]មាត្រា 17 នៃក្រមស្ដីពីបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 54001(a).
មិនថាពិការភាពមួយណាដែលអ្នកមានសម្រាប់មជ្ឈមណ្ឌលក្នុងតំបន់ទេ អ្នកត្រូវតែបង្ហាញទៅមជ្ឈមណ្ឌលនោះនូវលទ្ធផលជាពិការភាពធ្ងន់ធ្ងរ។ ពិការភាពធ្ងន់ធ្ងរ គឺជា “ភាពចុះខ្សោយសំខាន់ៗនៃមុខងារពុទ្ធិ និង/ឬមុខងារសង្គម។” [3]មាត្រា 17 នៃក្រមស្ដីពីបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 54001. នេះមានន័យថា អ្នកមានពិការភាពធ្ងន់ធ្ងរដោយសារបញ្ហាសំខាន់ពាក់ព័ន្ធនឹង៖
- មុខងារពុទ្ធិរបស់អ្នក (ការគិតរបស់អ្នក សតិបញ្ញារបស់អ្នក) ឬ
- មុខងារសង្គមរបស់អ្នក (តើអ្នកពាក់ព័ន្ធនឹងអ្នកដទៃដូចម្ដេច)។
អ្នកមិនចាំបាច់បញ្ជាក់ថាមានចំណុចទាំងពីរនេះទេ។
មនុស្សជាច្រើនដែលមានជំងឺអូទីស៊ឹមមានបញ្ហាធំក្នុងការប្រាស្រ័យទាក់ទងក្នុងសង្គម។ ពួកគេអាចមិនមានបញ្ហាក្នុងការគិតនោះទេ។ ពួកគេអាចមានពិន្ទុខ្ពស់ក្នុងការធ្វើតេស្តផ្នែកសតិបញ្ញា។ ប៉ុន្តែ ប្រសិនបើពួកគេបញ្ជាក់ថាបំណិនសង្គមរបស់ពួកគេត្រូវបានចុះខ្សោយយ៉ាងខ្លាំងដោយជំងឺអូទីស៊ឹម ពួកគេអាចមានពិការភាពធ្ងន់ធ្ងរ និងអាចមានសិទ្ធិទទួលបានសេវារបស់មជ្ឈមណ្ឌលក្នុងតំបន់។
យោងតាមច្បាប់នេះ ស្ថានភាពពិការភាពធ្ងន់ធ្ងរ តម្រូវឲ្យមាន “ការធ្វើផែនការអន្តរ វិស័យ” និង “ការសម្របសម្រួលសេវាកម្ម” ដើម្បីជួយអ្នក “សម្រេចបាននូវសក្ដានុពល អតិបរមា”។ [4]មាត្រា 17 នៃក្រមស្ដីពីបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 54001 (a)។
“ការធ្វើផែនការអន្តរវិស័យ” មានន័យថា អ្នកត្រូវការសេវាកម្មពីពលរដ្ឋខុសៗគ្នាដូចជា គ្រូបង្រៀន គ្រូពេទ្យចិត្តសាស្រ្ត វេជ្ជបណ្ឌិត បុគ្គលិកសង្គមកិច្ច និងអ្នកប្រឹក្សាយោបល់ស្ដានីតិសម្បទា។ អ្នកពុំចាំបាច់ត្រូវបង្ហាញថាអ្នកត្រូវការសេវាទាំងអស់នេះទេ។ អ្នកពុំចាំបាច់ត្រូវបង្ហាញថាអ្នកត្រូវការជំនួយពីពលរដ្ឋក្នុងប្រភេទខុសៗគ្នា ដើម្បីធ្វើការរួមគ្នាទេ។
“ការសម្របសម្រួលសេវាកម្ម” មានន័យថា នរណាម្នាក់ត្រូវប្រាកដថា អ្នកទទួលបានសេវាកម្មខុសៗគ្នា ធ្វើការរួមគ្នាដើម្បីជួយដល់អ្នក។ ទីភ្នាក់ងារដើម្បីសម្របសម្រួលសេវាកម្មនានាដែលអ្នកត្រូវការ អាចជាមជ្ឈមណ្ឌលក្នុងតំបន់។ បុគ្គលិកមជ្ឈមណ្ឌលក្នុងតំបន់ ត្រូវបានហៅថា “អ្នកសម្របសម្រួលផ្នែកសេវាកម្ម”។ អ្នកសម្របសម្រួលផ្នែកសេវាកម្មជួយអ្នក៖
- ឲ្យទទួលបានសេវាពីទីភ្នាក់ងារដទៃ (សន្តិសុខសង្គម សាលារៀន មន្ទីរពេទ្យ អ្នកផ្ដល់សេវាថែទាំសុខភាព ឬនាយកដ្ឋានស្ដានីតិសម្បទា)
- ស្វែងរកកន្លែងរស់នៅ
- ឲ្យមានសុវត្ថិភាព
- ពិនិត្យមើលប្រាក់កាសរបស់អ្នក
- បំពេញតម្រូវការផ្ទាល់ខ្លួនរបស់អ្នក
ទាំងអស់នេះហៅថា សេវាគ្រប់គ្រងករណីពេញមួយជីវិត។ ប្រសិនបើអ្នកត្រូវការប្រភេទជំនួយបែបនេះ នេះគឺជាការសម្របសម្រួលផ្នែកសេវាកម្ម និងការធ្វើផែនការអន្តរវិស័យ។ ប្រសិនបើអ្នកត្រូវការប្រភេទជំនួយបែបនេះ អ្នកអាចត្រូវមានពិការភាព ធ្ងន់ធ្ងរដែលមានលក្ខណៈសម្បត្តិទទួលបានសេវារបស់មជ្ឈមណ្ឌលក្នុងតំបន់។ ច្បាប់ចែងថា អ្នកគប្បីប្រើការធ្វើផែនការអន្តរវិស័យ និងការសម្របសម្រួលផ្នែក សេវាកម្ម ដើម្បី “សម្រេចបាននូវសក្ដានុពលអតិបរមា”។ នេះមានន័យថា សេវាកម្មរបស់អ្នកគប្បីជួយអ្នកឲ្យបានច្រើនបំផុតតាមដែលអ្នកអាចធ្វើបាន មិនគ្រាន់តែធ្វើឲ្យអ្នកមានភាពប្រសើរបន្តិចបន្តួចជាងពេលនេះនោះទេ។ ការធ្វើផែនការអន្តរវិស័យ និងការសម្របសម្រួលផ្នែកសេវាកម្ម អាចជួយអ្នកឲ្យសម្រេចបាននូវគោលដៅជីវិតនិងក្ដីស្រមៃរយៈពេលយូរអង្វែងរបស់អ្នក។ គិតអំពីអ្វីដែលអ្នកចង់ធ្វើនៅក្នុងជីវិតរបស់អ្នក និងជំនួយអ្វីដែលត្រូវការដើម្បីធ្វើបែបនេះ។