នៅពេលអ្នកសម្រេចពីប្រភេទនៃអ្វីដែលអ្នកចង់ធ្វើនៅក្នុងសហគមន៍របស់អ្នកហើយនោះ សូមទាក់ទងមកមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នក និងសុំឱ្យមានការប្រជុំធ្វើផែនការកម្មវិធីជាលក្ខណៈបុគ្គល (IPP) មួយ។ អ្នកត្រូវប្រើដំណើរការ IPP ដើម្បីពិភាក្សានិងកំណត់ទៅលើសេវាកម្មនិងការគាំពារទាំងឡាយដើម្បីបំពេញទៅតាមការងាររបស់អ្នក សហគមន៍ និងសកម្មភាពសម្រាកកាយដែលជាចំណូលចិត្តរបស់អ្នក។ អ្នកអាចរង់ចាំរហូតដល់ការប្រជុំ IPP របស់អ្នក ដែលត្រូវបានកំណត់កាលវិភាគយ៉ាងទៀងទាត់នៅពេលបន្ទាប់បាន។ ឬ អ្នកអាចស្នើសុំការប្រជុំ IPP មួយ ហើយមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែរៀបចំការប្រជុំ IPP របស់អ្នកក្នុងរយៈពេល 30ថ្ងៃ ក្រោយពីអ្នកស្នើសុំវា។ [1]ផ្នែក 4646.5(b).
អ្នកអាចនាំនរណាម្នាក់មកចូលរួមក្នុងការប្រជុំ IPP ដើម្បីជួយអ្នកបាន។ ប្រសិនបើអ្នកមានអ្នកបង្វឹកពីការងារនោះ អ្នកអាចអញ្ជើញគាត់ឱ្យមកចូលរួមប្រជុំ IPP ឬ សុំឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ជួយអញ្ជើញគាត់ឱ្យក៏បានដែរ។ អ្នកមិនចាំបាច់ពន្យល់ពីមូលហេតុដែលអ្នកចង់ឱ្យនរណាម្នាក់មកចូលរួមក្នុងកិច្ចប្រជុំ IPP ទេ។ អ្នកដែលបារម្ភពីអ្នកបានមកចូលរួមគឺជាការជួយដ៏ធំធេងនៅក្នុងកិច្ចប្រជុំ IPP របស់អ្នក។ ពួកគេយល់ពីអ្វីដែលអ្នកចូលចិត្ត និងមិនចូលចិត្ត។ ពួកគេអាចផ្តល់ព័ត៌មានអំពីគោលដៅជីវិតរបស់អ្នក និងអ្វីៗដែលអាចចូលពាក់ព័ន្ធដល់ការឈានទៅសម្រេចគោលដៅរបស់អ្នកបាន។
នៅក្នុងកិច្ចប្រជុំនោះ នឹងពិភាក្សាពីចំណង់ចំណូលចិត្តរបស់អ្នក ពីអ្វីដែលអ្នកចង់បាន និងការគាំពារទាំងឡាយដែលអ្នកត្រូវការ។ ពិភាក្សាអំពីអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការ និងចង់បាននៅក្នុង IPP របស់អ្នក។ ប្រសិនបើអ្នកចង់ធ្វើការ និងចូលរួមក្នុងសកម្មភាពជាមួយនឹងអ្នកពុំមានពិការភាពនោះ សូមជជែកអំពីចំណុចនេះនៅក្នុងកិច្ចប្រជុំ IPP របស់អ្នក។ ប្រសិនបើអ្នកចង់បានសេវាពេលថ្ងៃ ការងារ ឬសកម្មភាពដទៃផ្សេងទៀតដែលត្រូវបានធ្វើសមាហរ័ណកម្មទៅក្នុងសហគមន៍ សូមជជែកអំពីអ្វីដែលរារាំងអ្នកមិនឱ្យឈានទៅសម្រេចគោលដៅទាំងនេះបាន និងអ្វីដែលអ្នកត្រូវការដើម្បីឈានទៅដល់គោលដៅទាំងនេះ។ ការវាយតម្លៃរបស់អ្នក និងដំណើរការធ្វើផែនការ គួរតែផ្តោតទៅលើរបៀបធ្វើសកម្មភាពអស់ទាំងនោះ។
ពេលខ្លះ បញ្ហាគឺជាការពុំមានកម្មវិធី ឬ សកម្មភាពគាំពារនៅក្នុងតំបន់របស់អ្នក។ ប្រសិនបើ IPP ដាក់បញ្ចូលនូវសេវាកម្មនិងការគាំពារទាំងឡាយដែលអនុញ្ញាតឱ្យអ្នកអាចចូលរួមក្នុងការងារ ឬសកម្មភាពសមាហរ័ណកម្មនោះ ក្រុមការងារ IPP របស់អ្នកត្រូវតែធ្វើផែនការដើម្បីស្វែងរក ឬ អភិវឌ្ឍឡើងនូវសេវាកម្មទាំងនោះ។ IPP របស់អ្នកអាចដាក់បញ្ចូលនូវការគាំពារទាំងឡាយដែលអ្នកត្រូវការដើម្បីចូលរួមនៅក្នុងសហគមន៍របស់អ្នក និងជួយដល់អ្នកអភវិឌ្ឍនូវការគាំពារតាមលក្ខណៈ ធម្មជាតិ ដូចជាមិត្តភក្តិ ក្លឹប ឬ កម្មវិធីសហគមន៍ជាដើម។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវផ្តល់សេវាកម្មដោយផ្អែកលើតម្រូវការនិងការចង់បានរបស់អ្នក។ [2]ផ្នែក 4512(b), 4646 និង 4646.5. ប៉ុន្តែ សេវានិងការគាំពាររបស់អ្នក ត្រូវតែមានប្រសិទ្ធភាពចំណាយ ហើយមជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែទិញសេវាកម្មពីអ្នកផ្តល់សេវាដែលមានតម្លៃទាបបំផុតដែលបំពេញតាមតម្រូវការរបស់អ្នកដូចបានកំណត់នៅក្នុង IPP របស់អ្នក។ [3]ផ្នែក 4648(a)(6)(D). ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់ប្រាប់ដល់អ្នកពីសេវាកម្ម ការងារ ឬ សកម្មភាពពេលថ្ងៃផ្សេងទៀតដែលអ្នកចង់បានហើយមិនមាននោះ សូមសុំឱ្យពួកគេអភិវឌ្ឍឡើងនូវជម្រើសបន្ថែមទៀត។