នៅក្នុងច្បាប់ពលរដ្ឋអាមេរិកាំងមានពិការភាព (ADA) “ការកែសម្រួលសមស្រប” ជាការកែសម្រួល ឬ កែតម្រូវដែលអនុញ្ញាតឱ្យអ្នកបំពេញបាននូវមុខងារជាចាំបាច់នៃការងាររបស់អ្នកបាន។ ការកែសម្រួលសមស្របអាចជា៖
- ពេលវេលាឈប់ពីការងារសម្រាប់ការណាត់ជួបជាមួយគ្រូពេទ្យ
- កាលវិភាគធ្វើការមានលក្ខណៈបត់បែន ដើម្បីឱ្យអ្នកអាចធ្វើការបានច្រើនម៉ោងនៅ “ថ្ងៃល្អ” និងតិចម៉ោងនៅពេលចាំបាច់
- លុបចេញនូវមុខងារទាំងឡាយណាដែលមិនចាំបាច់ពីការពិពណ៌នាការងាររបស់អ្នក
- ឧបករណ៍បច្ចេកវិទ្យា
- បន្ទប់ទឹកដែលអាចចេញចូលបាន ឬ
- ការអប់រំ ឬ ការផ្តល់ព័ត៌មានពីមិត្តរួមការងាររបស់អ្នក។
ច្បាប់ ADA មិនកំណត់ថា និយោជកត្រូវជួលចំនួនជាក់លាក់នៃអ្នកមានពិការភាពទេ។ វាចែងថា និយោជកត្រូវផ្តល់ដល់អ្នកពិការភាពនូវឱកាសការងារដូចគ្នាទៅនឹងនិយោជិតដែលពុំមានពិការភាពដែរ។ អ្នកត្រូវតែមានសមត្ថភាពបំពេញនូវមុខងារចាំបាច់ទាំងឡាយនៃការងាររបស់អ្នក ដោយមាន ឬ ពុំមានការកែសម្រួលសមស្រប ដែលត្រូវបានការពារដោយច្បាប់ ADA។ ប្រសិនបើអ្នកមិនអាចបំពេញមុខងារចាំបាច់នានានៃការងាររបស់អ្នកបានទេ សូម្បីតែមានការកែសម្រួលសមស្របហើយក៏ដោយ នោះនិយោជកមិនចាំបាច់ត្រូវជួលអ្នក ឬ ផ្តល់នូវការកែសម្រួល សមស្របនោះទេ។
បើទោះជាក្នុងករណីដែលការគាំពារការងាររបស់អ្នកត្រូវការនោះធំជាងអ្វីដែលច្បាប់ ADA តម្រូវឱ្យនិយោជកត្រូវផ្តល់ក៏ដោយ ក៏អ្នកអាចនឹងនៅតែអាចធ្វើការនៅទីនោះបាន ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់ ឬ DOR ផ្តល់នូវការគាំពារនោះ។
សម្រាប់ព័ត៌មានបន្ថែមអំពីការកែសម្រួលសមស្រប និងសំណួរទាំងឡាយផ្សេងទៀត អំពីការងាររបស់អ្នក សូមទាក់ទងទៅកាន់អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា។