បោះពុម្ពជំពូកទី 9 ទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 11/11/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 11/11/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://rula.disabilityrightsca.org/km/
ជំពូក 9៖ ការចូលរួមក្នុងសហគមន៍ ការងារ សកម្មភាពពេលថ្ងៃ និងសកម្មភាពសម្រាកកាយ
(9.1) តើច្បាប់ Lanterman ចែងអំពីចំណុចទាំងឡាយដូចជាការចូលរួមសហគមន៍ ការងារ សម្មភាពពេលថ្ងៃ និងម៉ោងសម្រាកកាយដូចម្តេចខ្លះ?
ច្បាប់ Lanterman៖
- ការគាំពារទៅដល់ការធ្វើសមាហរ័ណកម្មអ្នកមានពិការភាពផ្នែកការលូតលាស់
- ដោយមិនគិតពីអាយុ ឬកម្រិតនៃពិការភាព
- ចូលទៅក្នុងនិន្នាការជីវិតនៃសហគមន៍របស់ពួកគេ
- ដើម្បីការពារការបំបែកពួកគេចេញពីសហគមន៍ទាំងនោះ
- និងដើម្បីជួយដល់ពួកគេឱ្យអាចរស់នៅបានដោយជីវិតឯករាជ្យបំផុត មាន ផលិតភាព និងប្រក្រតីភាពដែលអាចធ្វើទៅបាន។ [[ផ្នែក 4501 និង 4502.]]
សេវាកម្មទាំងឡាយ ត្រូវតែការពារដល់សេរីភាពបុគ្គលរបស់អ្នកមានពិការភាពផ្នែកការលូតលាស់។ ពួកគេត្រូវតែទទួលបាននូវស្ថានភាពដែលមានការរឹតត្បិតដែលចាំបាច់តិចតួចបំផុត។ [[ផ្នែក 4502(b)(1).]] មានលក្ខណៈរឹតត្បិតតិចបំផុតមានន័យថា ទទួលបានសេវាកម្មនិងការគាំពារដែលស្ថិតនៅជិតផ្ទះអ្នកក្នុងសហគមន៍ ក្នុងទីកន្លែង ដែលមានលក្ខណៈជាធម្មជាតិ ដែលអ្នកមិនមានពិការភាពទទួលបានសេវាកម្ម។ [[ផ្នែក 4502(b)(2).]]
ច្បាប់ស្តីពីពលរដ្ឋអាមេរិកាំងដែលមានពិការភាព (ADA) ផ្តល់ដល់អ្នកនូវសិទ្ធិស្រដៀង គ្នា ពេលខ្លះត្រូវបានហៅថា “ការកំណត់ឱ្យធ្វើសមាហរ័ណកម្ម។” អង្គភាពសាធារណៈ ត្រូវផ្តល់សេវាកម្ម កម្មវិធី និងសកម្មភាពទាំងឡាយនៅក្នុង “បរិបទមួយដែលមានលក្ខណៈសមាហរ័ណកម្មបំផុត” ដើម្បីបំពេញទៅតាមតម្រូវការរបស់អ្នកដែលមានពិការភាព។ [[មាត្រា 28, ក្រមបទបញ្ញតិសហព័ន្ធ ផ្នែក 35.130(d).]] កន្លែងដែលមានលក្ខណៈសមាហរ័ណកម្មបំផុត អនុញ្ញាតឱ្យបុគ្គលមានពិការភាពមានទំនាក់ទំនងបានច្រើនតាមដែលអាចធ្វើបានជាមួយនឹងអ្នកដែលពុំមានពិការភាព។ [[មាត្រា 28 ក្រម បញ្ញតិ្តសហព័ន្ធ ផ្នែក 35 ឧបសម្ព័ន្ធ B.]] សេវាកម្មដែលបំបែកចេញដោយឡែក និងដាក់ឱ្យនៅតែឯង គ្មានអ្នកផ្សេងនោះ គឺរំលោភទៅលើច្បាប់ Lanterman និងច្បាប់ ADA។
ច្បាប់ចែងថា មជ្ឈមណ្ឌលក្នុងតំបន់គួរតែបង្កើតឱកាសដល់មនុស្សដែលមានពិការភាពផ្នែកលូតលាស់ឲ្យធ្វើសមាហរ័ណកម្មចូលទៅក្នុងសហគមន៍របស់ពួកគេ។ [[ផ្នែក 4688.]] ការដាក់បញ្ចូលទៅក្នុងសហគមន៍របស់អ្នកមានន័យថា អ្នករស់នៅ ធ្វើការ និងលេងកម្សាន្តនៅក្នុងទីកន្លែងតែមួយ និងដូចគ្នាទៅនឹងមនុស្សដែលគ្មានពិការភាពដែរ។ វាមានន័យថា អ្នកទិញទំនិញនៅតាមហាងក្នុងមូលដ្ឋាន ចូលរួមក្នុងក្លឹបនិងក្រុមក្នុងមូលដ្ឋាន ធ្វើអ្នកស្ម័គ្រចិត្ត និងទៅជួបគ្រូពេទ្យនិងពេទ្យធ្មេញក្នុង មូលដ្ឋាន។ វាមានន័យថាខ្លួនអ្នកផ្ទាល់ស្ថិតនៅក្នុងសហគមន៍ មានទំនាក់ទំនងជាមួយមិត្តភក្តិ អ្នកជិតខាង និងមិត្តរួមការងារ និងជាមនុស្សរបស់អង្គការសហគមន៍។
អ្នកអាចនឹងត្រូវការជំនួយបន្ថែមដើម្បីអាចចូលរួមឱ្យបានពេញលេញនៅក្នុងសហគមន៍របស់អ្នក រស់នៅក្នុងផ្ទះ ឬអាផាតម៉ិន មានការងារធ្វើ និងចូលរួមក្នុងក្រុម ជ្រើសរើសផ្លូវជីវិតរបស់អ្នក និងកសាងទំនាក់ទំនងជាមួយនឹងអ្នកទាំងឡាយដែលមិនត្រូវបានជួលឱ្យជួយនិងផ្តល់ការគាំពារដល់អ្នកនោះទេ។ នេះគឺជាចំណុចដែលសេវាកម្មបានពីមជ្ឈមណ្ឌលថ្នាក់តំបន់អាចជួយដល់អ្នកបាន។
(9.2) តើខ្ញុំមានសិទ្ធិជ្រើសរើសនិងសម្រេចលើអ្វីបានខ្លះ?
ច្បាប់ចែងថា អ្នកមានសិទ្ធិជ្រើសរើសជម្រើសក្នុងជីវិតរបស់អ្នកបាន រួមទាំង៖
- សកម្មភាពប្រចាំថ្ងៃ
- ការអប់រំ
- ការងារ
- ការសម្រាកកាយ
- ទំនាក់ទំនងជាមួយមនុស្សម្នានៅក្នុងសហគមន៍
- ទីកន្លែងដែលអ្នកចង់រស់នៅនិងមនុស្សដែលអ្នកចង់រស់នៅជាមួយ
- អនាគតផ្ទាល់ខ្លួនរបស់អ្នក។
អ្នកមានសិទ្ធិចូលរួមក្នុងសង្គម ធ្វើលំហាត់ប្រាណ និងចូលរួមក្នុងសហគមន៍ និងសកម្មភាពកែកម្សាន្ត។ [[ផ្នែក 4502(b).]]
(9.3) តើអ្វីជាតួនាទីរបស់មជ្ឈមណ្ឌលថ្នាក់តំបន់នៅក្នុងការជួយដល់ខ្ញុំដែលត្រូវធ្វើសមាហរ័ណកម្មចូលក្នុងសហគមន៍របស់ខ្ញុំវិញនោះ?
មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវជួយអ្នកឱ្យចូលរួមក្នុងជីវិតសហគមន៍។ នេះរួមបញ្ចូលទាំងកម្មវិធី សេវាកម្ម ការងារ អាជីវកម្ម និងសកម្មភាពដែលមានផ្តល់ជូនដល់អ្នកដែលមានពិការភាព។ [[ផ្នែក 4648(a)(13).]] អង្គនីតិបញ្ញត្តិបានផ្តល់អាទិភាពខ្ពស់ទៅលើអ្នកដែលមានពិការភាពផ្នែកលូតលាស់ដែលត្រូវបាន “រួមបញ្ចូលទៅក្នុងជីវិតរស់នៅតាមធម្មតានៃសហគមន៍តាមបែបធម្មជាតិរបស់ពួកគេ។” [[ផ្នែក 4688 (a).]] មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវធ្វើឱ្យប្រសើរឡើងនូវការធ្វើសមាហរ័ណកម្មសហគមន៍ដោយ៖
- បណ្តុះបណ្តាលដល់ទីភ្នាក់ងារ អាជីវកម្ម និងកម្មវិធីទាំងឡាយក្នុងមូលដ្ឋានឱ្យបញ្ចូលពលរដ្ឋមានពិការភាពទៅអង្គភាពរបស់គេ
- ផ្តល់ដល់អ្នកនូវការគាំពារដោយផ្ទាល់ដើម្បីចូលរួមឱ្យកាន់តែពេញលេញទៅក្នុងសហគមន៍របស់អ្នក
- អភិវឌ្ឍឡើងនូវបញ្ជីធនធានក្នុងសហគមន៍
- ធ្វើការជាមួយនឹងអ្នកសម្របសម្រួលការគាំពារសហគមន៍
- ផ្តល់ដល់អ្នកនូវព័ត៌មានដែលធ្វើឱ្យអ្នកបានដឹងពីជម្រើសទាំងឡាយអំពីការងារ
- ជួយដល់អ្នកសម្របសម្រួលសេវា និងសមាជិកគ្រួសាររកឱ្យឃើញនូវមធ្យោបាយ ថ្មីៗដើម្បីធ្វើសមាហរ័ណកម្មអ្នកចូលទៅក្នុងសហគមន៍
- អភិវឌ្ឍនិងគាំពារដល់ប្រព័ន្ធគាំពារតាមលក្ខណៈធម្មជាតិរបស់អ្នក។ [[ផ្នែក 4688(b).]]
នាយកដ្ឋានសេវាអភិវឌ្ឍន៍ផ្នែកការលូតលាស់ (DDS) គេហទំព័រ អាចក៏នឹងមាន ព័ត៌មានមានប្រយោជន៍អំពីកម្មវិធីលើកទឹកចិត្តការងារ របៀបដែលប្រាក់ចំណូលជះឥទ្ធិពលលើអត្ថប្រយោជន៍របស់អ្នក ធនធាននិងការការពារការងារ ឱកាសទទួលបានការបណ្តុះបណ្តាល និងលក្ខខណ្ឌតម្រូវសម្រាប់អ្នកជាប់ពន្ធ។ DDS ត្រូវពិភាក្សា ជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ ដើម្បីស្វែងរកឱ្យឃើញពីអ្វីដែលជាតម្រូវការរបស់បុគ្គលិកមជ្ឈមណ្ឌលថ្នាក់តំបន់ស្តីពីបញ្ហាការងារ និងដើម្បីអភិវឌ្ឍផែនការបណ្តុះបណ្តាលទៅតាមធនធានរបស់គេដែលមាន។ [[ផ្នែក 4639.75.]]
(9.4) ប្រសិនបើខ្ញុំដឹងពីប្រភេទនៃការងារដែលខ្ញុំចង់ធ្វើ និងអ្វីដែលជាសកម្មភាពខ្ញុំពេញចិត្ត តើខ្ញុំសុំឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ជួយខ្ញុំតាមរបៀបណា?
នៅពេលអ្នកសម្រេចពីប្រភេទនៃអ្វីដែលអ្នកចង់ធ្វើនៅក្នុងសហគមន៍របស់អ្នកហើយនោះ សូមទាក់ទងមកមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នក និងសុំឱ្យមានការប្រជុំធ្វើផែនការកម្មវិធីជាលក្ខណៈបុគ្គល (IPP) មួយ។ អ្នកត្រូវប្រើដំណើរការ IPP ដើម្បីពិភាក្សានិងកំណត់ទៅលើសេវាកម្មនិងការគាំពារទាំងឡាយដើម្បីបំពេញទៅតាមការងាររបស់អ្នក សហគមន៍ និងសកម្មភាពសម្រាកកាយដែលជាចំណូលចិត្តរបស់អ្នក។ អ្នកអាចរង់ចាំរហូតដល់ការប្រជុំ IPP របស់អ្នក ដែលត្រូវបានកំណត់កាលវិភាគយ៉ាងទៀងទាត់នៅពេលបន្ទាប់បាន។ ឬ អ្នកអាចស្នើសុំការប្រជុំ IPP មួយ ហើយមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែរៀបចំការប្រជុំ IPP របស់អ្នកក្នុងរយៈពេល 30ថ្ងៃ ក្រោយពីអ្នកស្នើសុំវា។ [[ផ្នែក 4646.5(b).]]
អ្នកអាចនាំនរណាម្នាក់មកចូលរួមក្នុងការប្រជុំ IPP ដើម្បីជួយអ្នកបាន។ ប្រសិនបើអ្នកមានអ្នកបង្វឹកពីការងារនោះ អ្នកអាចអញ្ជើញគាត់ឱ្យមកចូលរួមប្រជុំ IPP ឬ សុំឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ជួយអញ្ជើញគាត់ឱ្យក៏បានដែរ។ អ្នកមិនចាំបាច់ពន្យល់ពីមូលហេតុដែលអ្នកចង់ឱ្យនរណាម្នាក់មកចូលរួមក្នុងកិច្ចប្រជុំ IPP ទេ។ អ្នកដែលបារម្ភពីអ្នកបានមកចូលរួមគឺជាការជួយដ៏ធំធេងនៅក្នុងកិច្ចប្រជុំ IPP របស់អ្នក។ ពួកគេយល់ពីអ្វីដែលអ្នកចូលចិត្ត និងមិនចូលចិត្ត។ ពួកគេអាចផ្តល់ព័ត៌មានអំពីគោលដៅជីវិតរបស់អ្នក និងអ្វីៗដែលអាចចូលពាក់ព័ន្ធដល់ការឈានទៅសម្រេចគោលដៅរបស់អ្នកបាន។
នៅក្នុងកិច្ចប្រជុំនោះ នឹងពិភាក្សាពីចំណង់ចំណូលចិត្តរបស់អ្នក ពីអ្វីដែលអ្នកចង់បាន និងការគាំពារទាំងឡាយដែលអ្នកត្រូវការ។ ពិភាក្សាអំពីអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការ និងចង់បាននៅក្នុង IPP របស់អ្នក។ ប្រសិនបើអ្នកចង់ធ្វើការ និងចូលរួមក្នុងសកម្មភាពជាមួយនឹងអ្នកពុំមានពិការភាពនោះ សូមជជែកអំពីចំណុចនេះនៅក្នុងកិច្ចប្រជុំ IPP របស់អ្នក។ ប្រសិនបើអ្នកចង់បានសេវាពេលថ្ងៃ ការងារ ឬសកម្មភាពដទៃផ្សេងទៀតដែលត្រូវបានធ្វើសមាហរ័ណកម្មទៅក្នុងសហគមន៍ សូមជជែកអំពីអ្វីដែលរារាំងអ្នកមិនឱ្យឈានទៅសម្រេចគោលដៅទាំងនេះបាន និងអ្វីដែលអ្នកត្រូវការដើម្បីឈានទៅដល់គោលដៅទាំងនេះ។ ការវាយតម្លៃរបស់អ្នក និងដំណើរការធ្វើផែនការ គួរតែផ្តោតទៅលើរបៀបធ្វើសកម្មភាពអស់ទាំងនោះ។
ពេលខ្លះ បញ្ហាគឺជាការពុំមានកម្មវិធី ឬ សកម្មភាពគាំពារនៅក្នុងតំបន់របស់អ្នក។ ប្រសិនបើ IPP ដាក់បញ្ចូលនូវសេវាកម្មនិងការគាំពារទាំងឡាយដែលអនុញ្ញាតឱ្យអ្នកអាចចូលរួមក្នុងការងារ ឬសកម្មភាពសមាហរ័ណកម្មនោះ ក្រុមការងារ IPP របស់អ្នកត្រូវតែធ្វើផែនការដើម្បីស្វែងរក ឬ អភិវឌ្ឍឡើងនូវសេវាកម្មទាំងនោះ។ IPP របស់អ្នកអាចដាក់បញ្ចូលនូវការគាំពារទាំងឡាយដែលអ្នកត្រូវការដើម្បីចូលរួមនៅក្នុងសហគមន៍របស់អ្នក និងជួយដល់អ្នកអភវិឌ្ឍនូវការគាំពារតាមលក្ខណៈ ធម្មជាតិ ដូចជាមិត្តភក្តិ ក្លឹប ឬ កម្មវិធីសហគមន៍ជាដើម។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវផ្តល់សេវាកម្មដោយផ្អែកលើតម្រូវការនិងការចង់បានរបស់អ្នក។ [[ផ្នែក 4512(b), 4646 និង 4646.5.]] ប៉ុន្តែ សេវានិងការគាំពាររបស់អ្នក ត្រូវតែមានប្រសិទ្ធភាពចំណាយ ហើយមជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែទិញសេវាកម្មពីអ្នកផ្តល់សេវាដែលមានតម្លៃទាបបំផុតដែលបំពេញតាមតម្រូវការរបស់អ្នកដូចបានកំណត់នៅក្នុង IPP របស់អ្នក។ [[ផ្នែក 4648(a)(6)(D).]] ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់ប្រាប់ដល់អ្នកពីសេវាកម្ម ការងារ ឬ សកម្មភាពពេលថ្ងៃផ្សេងទៀតដែលអ្នកចង់បានហើយមិនមាននោះ សូមសុំឱ្យពួកគេអភិវឌ្ឍឡើងនូវជម្រើសបន្ថែមទៀត។
(9.5) តើខ្ញុំត្រូវតែប្រើធនធានទូទៅដើម្បីទទួលបានជំនួយការងារ ឬសកម្មភាពលំហែមុននឹងមជ្ឈមណ្ឌលថ្នាក់តំបន់ជួយខ្ញុំឱ្យទទួលបានវាទាំងនេះមែនទេ?
សេវាទូទៅគឺជាសេវាពីទីភ្នាក់ងារផ្សេងទៀតដែលបម្រើសេវាជូនដល់សាធារណជនទូទៅ។ [[ផ្នែក 4644(b).]] ច្បាប់ចែងថា អតិថិជនរបស់មជ្ឈមណ្ឌលក្នុងតំបន់ម្នាក់ត្រូវតែប្រើប្រាស់សេវាទូទៅ មុនពេលគេអាចធ្វើការទូទាត់សេវាប្រហាក់ប្រហែលនេះ។ [[ផ្នែក 4648(a)(8) និង 4659.]] មជ្ឈមណ្ឌលថ្នាក់តំបន់ជាអ្នកដើរតួចុងក្រោយពីព្រោះអតិថិជនត្រូវតែប្រើធនធានទូទៅជាមុនសិន។ អ្នកចាំបាច់ត្រូវតែប្រើប្រាស់ធនធានទូទៅជាមុនសិន ប្រសិនបើអ្នកទទួលបានសេវាមជ្ឈមណ្ឌលក្នុងតំបន់របស់អ្នកតាមធម្មតា ឬប្រសិនបើអ្នកស្ថិតនៅក្នុងកម្មវិធីស្វ័យសម្រេច (SDP)។ [[ផ្នែក 4685.8(d)(3)(B).]]
ឧទាហរណ៍មួយគឺ នាយកដ្ឋានស្តារនីតិសម្បទា (DOR)។ DOR ជាទីភ្នាក់ងារទូទៅសម្រាប់សេវាកម្មវិជ្ជាជីវៈនិងការធ្វើដំណើរ។ DOR ជួយអ្នកមានពិការភាពដើម្បីទទួលបាន និងរក្សាការងារ និងរស់នៅដោយឯករាជ្យក្នុងសហគមន៍របស់គេ។ នេះរួមបញ្ចូលទាំងសេវាស្តារនីតិសម្បទាវិជ្ជាជីវៈ (ត្រូវបានពិភាក្សាខាងក្រោម)។ DOR ក៏អាចផ្តល់ការបណ្តុះបណ្តាល់អំរំ និងថ្នាក់មហាវិទ្យាល័យបានដែរ។ ប្រសិនបើអ្នកមានសិទ្ធិទទួលបានសេវាកម្មពី DOR មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចទិញសេវាកម្មដូចគ្នានោះបានទេ។ ច្បាប់ Lanterman ក៏ចែងថា មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែធានាឱ្យប្រាកដថា ពុំមានការខ្វះចន្លោះនៅក្នុងការផ្តល់សេវាកម្មនិងការគាំពារដែលមាននៅក្នុង IPP ឡើយ។ [[ផ្នែក 4501 និង 4648(g).]] ដូច្នេះ រហូតដល់ទីភ្នាក់ងារទូទៅដែលទទួលខុសត្រូវយល់ព្រមចេញថ្លៃសេវានោះ សុំឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់បង់ថ្លៃសិន។ សូមមើល ជំពូក 4 ស្តីអំពីដំណើរការអភិវឌ្ឍន៍ IPP។
(9.6) តើប្រភេទនៃសកម្មភាពពេលថ្ងៃមានអ្វីខ្លះត្រូវជ្រើសរើស?
សម្រាប់ការងារ ជម្រើសរួមមាន៖
- ការងារដែលមានលក្ខណៈប្រកួតប្រជែង
- ធ្វើការងារខ្លួនឯង
- ការងារដែលទទួលបាននូវកិច្ចគាំពារ
- កម្មវិធីសកម្មភាពការងារ
ជម្រើសសកម្មភាពការងារពេលថ្ងៃរួមមាន៖
- មជ្ឈមណ្ឌលអភិវឌ្ឍន៍សម្រាប់មនុស្សពេញវ័យ ឬកម្មវិធីពេលថ្ងៃ
- មណ្ឌលសកម្មភាព
- កម្មវិធីគ្រប់គ្រងអាកប្បកិរិយា
- កម្មវិធីកែកម្សាន្តសង្គម ប្រសិនបើអ្នកបំពេញបានទៅតាមលក្ខខណ្ឌលើកលែងជាក់លាក់ (មើលខាងក្រោម)
- កម្មវិធីពេលថ្ងៃជាលក្ខណៈបុគ្គលផ្សេងទៀត
(9.7) តើការងារដែលមានលក្ខណៈប្រកួតប្រជែងជាអ្វី?
ការងារដែលមានលក្ខណៈប្រកួតប្រជែងជាការងារដែលត្រូវបានធ្វើឡើងនៅក្នុងការងារដែលបើកចំហរនៅលើទីផ្សារការងារដោយគ្មានការជួយពីអ្នកផ្សេង (ដូចជាអ្នកបង្វឹកការងារ)។ ការគាំពារជាលក្ខណៈធម្មជាតិរបស់អ្នកអាចនឹងគ្រប់គ្រាន់សម្រាប់ អ្នកឱ្យទទួលបានជោគជ័យនៅក្នុងការងារដែលមានលក្ខណៈប្រកួតប្រជែង។ ការគាំពារជាលក្ខណៈធម្មជាតិគឺជាទំនាក់ទំនងបុគ្គលរបស់អ្នកដែលអាចនិងមានឆន្ទៈគាំទ្រដល់អ្នកក្នុងការងាររបស់អ្នក។ [[ផ្នែក 4512(e).]]
(9.8) អ្វីទៅជាការងារដែលទទួលបាននូវកិច្ចគាំពារ?
ការងារដែលទទួលបាននូវកិច្ចគាំពារ គឺជាការងារដែលមានប្រាក់ឈ្នួលនៅក្នុងសហគមន៍ដែលមានសេវាគាំទ្រជាបន្តដែលអ្នកត្រូវការដើម្បីថែរក្សាការងាររបស់អ្នក។ [[ផ្នែក 4851(n) និង (p).]] អ្នកអាចត្រូវបានជួលដោយនិយោជិតណាម្នាក់ដោយផ្ទាល់ ឬតាមរយៈកម្មវិធីការងារដែលទទួលបានកិច្ចគាំពារ។ ប្រសិនបើអ្នកទាក់ទងមជ្ឈមណ្ឌលថ្នាក់តំបន់សម្រាប់ការងារដែលទទួលបាននូវការគាំពារនោះ ពួកគេអាចនឹងណែនាំអ្នកបន្តទៅកាន់នាយកដ្ឋានស្តារនីតិសម្បទា (DOR)។
សេវាជួយដល់ការងារដែលទទួលបានការគាំពារអាច៖
- អភិវឌ្ឍការងារសម្រាប់អ្នក។
- គិតរកប្រភេទការងារដែលប្រសើរបំផុតសម្រាប់អ្នក។
- គ្រប់គ្រង ឬ បណ្តុះបណ្តាលអ្នកអំពីការងារ ឬ មុនពេលអ្នកទទួលបានការងារ។
- ផ្តល់ដល់អ្នកនូវការបណ្តុះបណ្តាលនិងជំនាញទាំងឡាយដែលសម្របទៅតាមការងាររបស់អ្នកនិងរក្សាការងាររបស់អ្នក។
- ផ្តល់ការប្រឹក្សាយោបល់ដល់គ្រួសាររបស់អ្នកដើម្បីធ្វើឱ្យប្រាកដថាអ្នកមានការគាំពារដែលអ្នកត្រូវការសម្រាប់ការងាររបស់អ្នក។
- តស៊ូមតិសម្រាប់អ្នកប្រសិនបើអ្នកមានបញ្ហាជាមួយនឹងនិយោជករបស់អ្នក។
- ផ្តល់ការគាំពារជាប្រចាំនៅពេលអ្នកទទួលបានការងារ។ [[ផ្នែក 4851(q)(1-7).]]
សេវាការងារដែលទទួលបាននូវការគាំពារ ត្រូវតែមាននៅក្នុង IPP របស់អ្នក ឬ ផែនការគាំពារការមាននីតិសម្បទាជាលក្ខណៈបុគ្គល (IHSP)។ សូមមើលខាងក្រោមសម្រាប់ព័ត៌មានអំពី IHSPs) សេវាកម្មត្រូវបានចេញដោយនាយកដ្ឋានសេវាអភិវឌ្ឍន៍ការលូតលាស់ (DDS) (តាមរយៈមជ្ឈមណ្ឌលថ្នាក់តំបន់) ឬ នាយកដ្ឋានស្តារនីតិសម្បទា (DOR)។
(9.9) តើខ្ញុំអាចធ្វើការឱ្យខ្លួនឯងនៅក្នុងអាជីវកម្មរបស់ខ្ញុំបានទេ?
ការធ្វើការឱ្យខ្លួនឯង (ក៏ត្រូវបានគេហៅថា សហគ្រាសខ្នាតតូច) គឺជាអ្នកដែលមានពិការភាពដែលចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់គេ។ មនុស្សកាន់តែច្រើនដែលជាអ្នកមានពិការភាពផ្នែកការលូតលាស់ ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់គេ។ មជ្ឈមណ្ឌលថ្នាក់តំបន់និងការតស៊ូមតិរបស់អ្នកអាចជួយអ្នកឱ្យចាប់ផ្តើមបាន។
ជាដំបូងអ្នកត្រូវការមនុស្សមួយក្រុមដែលអាចជួយអ្នក និងតស៊ូមតិឱ្យអ្នក។ ក្រុមការងាររបស់អ្នកពិចារណាទៅលើធនធាននិងទឹកប្រាក់ដែលអ្នកអាចប្រើដើម្បីចាប់ផ្តើមអាជីវកម្មរបស់អ្នក។ គិតអំពីអ្វីដែលអ្នកពូកែបំផុត និងអ្វីដែលអ្នកចង់ធ្វើជាមួយនឹងពេលវេលាដែលអ្នកមាន។ កំណត់គោលដៅសម្រាប់អាជីវកម្មរបស់អ្នក។ បន្ទាប់មក សរសេរផែនការអាជីវកម្មនិងធ្វើវាឱ្យកើតឡើង! ឧទាហរណ៍ ម្ចាស់អាជីវកម្មខ្នាតតូចដែលជួលខ្លួនឯងរួមមាន៖ ជាជំនួយការផ្ទាល់ ឬ ទីប្រឹក្សាឱ្យអ្នកផ្សេង ការ ផ្តល់ការកែសម្សាន្តដល់មនុស្ស ការរចនាម៉ូដគ្រឿងអលង្ការ ឬ សិល្បៈនិងសិប្បកម្ម។ អ្នកអាចធ្វើការងារវាយឯកសារ ថែសួន ឬ ខ្ចប់កាដូបាន។ អ្នកអាចផ្តល់ការងារកាត់ក្រដាស ឬ មើលថែសត្វចិញ្ចឹម។ អ្នកអាចដាក់ម៉ាស៊ីនលក់ផលិតផលផ្ទាល់ខ្លួន អាជីវកម្មទាក់ទងការជិះកង់ ឬ អាជីវកម្មលក់ប័ណ្ណ និងសម្ភារការិយាល័យ។
ដើម្បីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនបាន ដំបូងអ្នកនឹងត្រូវការក្រុមការងាររៀបចំ អាជីវកម្មមួយក្រុម។ ក្រុមការងាររបស់អ្នកមិនចាំបាច់ដូចក្រុមជួយគាំពារនៅជុំវិញខ្លួនអ្នក ឬ ក្រុម IPP នោះទេ។ មាននរណាម្នាក់នៅក្នុងក្រុមរបស់អ្នកមានបទពិសោធន៍ខាងអាជីវកម្ម។ អនុវត្តទៅតាមជំហានទាំងនេះជាមួយនឹងក្រុមការងារអាជីវកម្មរបស់អ្នក៖
- រិះរកមើលអ្វីដែលអ្នកស្រឡាញ់ពេញចិត្តធ្វើ និងរបៀបដែលអ្នកអាចរកចំណូលបានពីការធ្វើអាជីវកម្មនោះ។ ករណីនេះហៅថាផែនការអាជីវកម្ម “ផ្តោតទៅលើបុគ្គល”។ សម្រេចទៅលើចំនួនទឹកប្រាក់ដែលអ្នកត្រូវការដើម្បីចាប់ផ្តើមវា។
- សិក្សាទៅលើផលិតផលនិងសេវាកម្មអ្វីដែលអ្នកចង់ផ្តល់ដើម្បី ឱ្យប្រាកដថាមានមនុស្សគ្រប់គ្រាន់ត្រូវការវាដើម្បីឱ្យអាជីវកម្មអ្នកអាចរស់បាន។
- សុំឱ្យអ្នកជំនាញផ្នែកអត្ថប្រយោជន៍ពិនិត្យមើលអត្ថប្រយោជន៍របស់អ្នក ដើម្បីឱ្យអ្នកបន្តទទួលបានអត្ថប្រយោជន៍ដែលអ្នកត្រូវការ នៅពេលដែលអ្នកមានចំណូល ពីអាជីវកម្ម។
- ធ្វើផែនការអាជីវកម្មដែលបង្ហាញពីអ្វីដែលអាជីវកម្មរបស់អ្នកនឹងធ្វើឡើង របៀបដែលអ្នកនឹងរកប្រាក់ និងជំនួយអ្វីខ្លះដែលអ្នកត្រូវការដើម្បីចាត់ចែងអាជីវកម្មរបស់អ្នក។
- នៅពេលអ្នករួចរាល់ហើយ សូមចាប់ផ្តើមអាជីវកម្មរបស់អ្នក។
- តាមដានអាជីវកម្មរបស់អ្នក និងការគាំពារដែលត្រូវការដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកនឹងបន្តដំណើរការទៅដោយរលូន។
សួរទៅកាន់អ្នកសម្របសម្រួលសេវាមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នក ក្រែងអ្នកផ្តល់សេវា ឬធនធានក្នុងមូលដ្ឋានអាចជួយអ្នកឱ្យចាប់ផ្តើមអាជីវកម្មរបស់អ្នកបាន។ រៀបចំប្រជុំ IPP ដើម្បីជជែកអំពីជម្រើសនានា។ អ្នកអាចទទួលបានប្រាក់ដើម្បីចាប់ផ្តើមអាជីវកម្មរបស់អ្នកពីមូលនិធិឯកជន សេវាទូទៅ ប្រាក់គម្រោងពិសេស ឬ សេវាដែលត្រូវបានបង់ថ្លៃដោយមជ្ឈមណ្ឌលថ្នាក់តំបន់។ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចជួយអ្នកឱ្យចាប់ផ្តើមអាជីវកម្មរបស់អ្នកបានទេ សូមទាក់ទងទៅកាន់ Disability Rights California ឬ OCRA សម្រាប់ជំនួយការតស៊ូមតិ។
(9.10) តើអ្វីទៅជាកម្មវិធីសកម្មភាពការងារ?
កម្មវិធីសកម្មភាពការងារផ្តល់សេវាកម្មសម្រាប់មនុស្សពេញវ័យដែលមានពិការភាពផ្នែកការលូតលាស់ដើម្បីធ្វើការ។ កម្មវិធីទាំងនេះរួមមាន៖
- កម្មវិធីសកម្មភាពការងារតាមសហគមន៍ទទួលបញ្ជាក់ដោយ DOR ឬ ទទួលស្គាល់គុណភាពដោយ CARF (គណៈកម្មការស្តីពីការទទួលស្គាល់គុណភាព គិលានស្តារនីតិសប្បទា)។ [[ផ្នែក 4851(e)(f) និង (l).]]
- កន្លែងការងារសម្រាប់ជនពិការ (ទាំងនេះនឹងមិនមែនជាជម្រើសនៅត្រឹមឆ្នាំ2025 ទេ)
- មណ្ឌលសកម្មភាពការងារ
ជាធម្មតា កន្លែងការងារសម្រាប់ជនពិការ និងមណ្ឌលសកម្មភាពការងារផ្តល់ប្រាក់កម្រៃតិចជាងប្រាក់ឈ្នួលអប្បបរមា។ ពួកគេអាចមិនមានដោយសារតែវិធានច្បាប់ថ្មីស្តីពីការផ្តល់កម្រៃទាបសម្រាប់ការងារដែលគេធ្វើ។ ទាំងមជ្ឈមណ្ឌលថ្នាក់តំបន់ ឬ DOR ផ្តល់កម្រៃសម្រាប់កម្មវិធីសកម្មភាពការងារ។ មជ្ឈមណ្ឌលក្នុងតំបន់ឬ DOR ធ្វើការបង់ប្រាក់សម្រាប់កម្មវិធីសកម្មភាពការងារ។ [[ផ្នែក 4867.]] អ្នកមិនចាំបាច់ត្រូវធ្វើការនៅក្នុងមណ្ឌលសកម្មភាពការងារ ឬ ទីតាំងធ្វើការសម្រាប់ជនពិការមុននឹងសាកល្បងអ្វីមួយដូចជាការងារដែលទទួលបាននូវការគាំពារ ការងារដែលមានលក្ខណៈប្រកួតប្រជែង ឬ ការធ្វើការងារឱ្យខ្លួនឯងនោះទេ។ ប្រាប់ដល់អ្នកសម្របសម្រួលសេវាមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកពីគោលដៅការងាររបស់អ្នក និងត្រូវសរសេរនៅក្នុង IPP របស់អ្នក។ គោលដៅរបស់អ្នកនឹងជួយសម្រេចពីអ្វីដែលជា សេវាគាំទ្រដែលអ្នកត្រូវការ។ វាក៏នឹងជួយមជ្ឈមណ្ឌលថ្នាក់តំបន់ឱ្យភ្ជាប់អ្នកទៅនឹងការផ្តល់សេវាដែលអាចជួយដល់អ្នកបានផងដែរ។
(9.11) តើអ្វីទៅជាកម្មវិធីពេលថ្ងៃ?
កម្មវិធីពេលថ្ងៃជាពាក្យទូទៅដែលត្រូវបានប្រើដើម្បីរៀបរាប់ពីកម្មវិធីខុសៗគ្នាសម្រាប់ មនុស្សពេញវ័យដែលមានពិការភាពផ្នែកការលូតលាស់។ កម្មវិធីទាំងនេះ ផ្តល់ សេវាកម្មជាចំនួនម៉ោង ឬ ថ្ងៃ ប៉ុន្តែមិនមែនជាកម្មវិធី 24 ម៉ោងទេ។ នៅក្នុងកម្មវិធីពេលថ្ងៃ អ្នកអាចរៀនពីរបៀបប្រាស្រ័យទាក់ទងជាមួយនឹងអ្នកផ្សេង ការសម្តែងពីតម្រូវការរបស់អ្នក និងការអនុវត្តទៅតាមការណែនាំ។ ប្រភេទនៃកម្មវិធីពេលថ្ងៃរួមមាន៖
- មណ្ឌលអភិវឌ្ឍន៍មនុស្សពេញវ័យ
- មជ្ឈមណ្ឌលសកម្មភាព
- កម្មវិធីគ្រប់គ្រងអាកប្បកិរិយា
- កម្មវិធីជំនាញរស់នៅដោយឯករាជ្យ និង
- កម្មវិធីកម្សាន្តនៅក្នុងសង្គម [[មាត្រា 17, ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា, ផ្នែក 54302(a)(16)។
មណ្ឌលអភិវឌ្ឍន៍មនុស្សពេញវ័យ ជាប្រភេទកម្មវិធីពេលថ្ងៃ។ ពួកគេផ្តោតទៅលើការជួយដល់អ្នកអភិវឌ្ឍនិងរក្សាជំនាញទាំងឡាយដែលអ្នកត្រូវការដើម្បីតស៊ូមតិសម្រាប់ខ្លួនឯង ធ្វើសមាហរ័ណកម្មចូលក្នុងសហគមន៍ ទទួលបានការងារ និងការមើលថែទាំខ្លួនឯង។ [[មាត្រា 17, ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា, ផ្នែក 54302 (a)(7).]] មណ្ឌលខ្លះផ្តល់នូវសកម្មភាពផ្សេងៗគ្នាជារៀងរាល់ថ្ងៃដូចជាការងារ ស្ម័គ្រចិត្ត ការអប់រំ សកម្មភាពកែកម្សាន្ត និងជំនាញការរស់នៅដោយឯករាជ្យ។ សកម្មភាព របស់អ្នកអាស្រ័យទៅលើអ្វីដែលអ្នកត្រូវការនិងចង់បាន។
សួរទៅមជ្ឈមណ្ឌលថ្នាក់តំបន់ក្រែងមានកម្មវិធីដូចនេះស្ថិតនៅជិតកន្លែងអ្នករស់នៅ។ ប្រសិនបើមិនមាន សុំឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ចាប់ផ្តើមកម្មវិធីមួយឡើង។
មណ្ឌលសកម្មភាព ជាកម្មវិធីពេលថ្ងៃសម្រាប់អ្នកដែល៖
- មានជំនាញថែទាំខ្លួនឯងជាមូលដ្ឋានរួចហើយ
- អាចប្រាស្រ័យទាក់ទងជាមួយអ្នកដទៃបានតិចតួច
- អាចពន្យល់ពីអ្វីដែលពួកគេត្រូវការ និង
- ការធ្វើទៅតាមការណែនាំ។
កម្មវិធីទាំងនេះជួយអ្នកឱ្យអភិវឌ្ឍនិងរក្សាបាននូវជំនាញទាំងឡាយដែលអ្នកត្រូវការដើម្បីតស៊ូមតិសម្រាប់ខ្លួនឯង ត្រូវធ្វើសមាហរ័ណកម្មចូលសហគមន៍ និងការងារ។ [[មាត្រា 17, ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា, ផ្នែក 54302(a)(2).]]
កម្មវិធីគ្រប់គ្រងអាកប្បកិរិយា ជាសកម្មភាពពេលថ្ងៃសម្រាប់មនុស្សពេញវ័យដែលមានបញ្ហាផ្នែកអាកប្បកិរិយាធ្ងន់ធ្ងរ ឬ ពិការភាពទាំងផ្នែកការលូតលាស់និងសតិ បញ្ញា។ ពួកគេផ្តល់សេវាដល់មនុស្សពេញវ័យដែលមិនមានសិទ្ធិទទួលបានកម្មវិធីពេលថ្ងៃផ្សេងទៀត ដោយសារតែបញ្ហាអាកប្បកិរិយា។ [[មាត្រា 17, ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា, ផ្នែក 54302(a)(12).]]
កម្មវិធីសកម្មភាពកែកម្សាន្តសង្គម ជាកម្មវិធីពេលថ្ងៃដែលជួយដល់អ្នកធ្វើ សមាហរ័ណកម្មចូលក្នុងសហគមន៍ និងតស៊ូមតិសម្រាប់ខ្លួនអ្នកសម្រាប់សកម្មភាពកែកម្សាន្តនិងសម្រាកកាយ។ [[មាត្រា 17, ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា, ផ្នែក 54302(a)(64).]] មជ្ឈមណ្ឌលក្នុងតំបន់ត្រូវបានអនុញ្ញាតឲ្យទិញសេវាសកម្មភាពកែកម្សាន្តម្តងទៀត គិតមកត្រឹមខែកក្កដា ឆ្នាំ2021។ [[ផ្នែក 4648.5(a) សេវារបស់មជ្ឈមណ្ឌលក្នុងតំបន់ដែលបានព្យួរនៅក្នុងឆ្នាំ2009 នៅពេលនេះត្រូវបានជួសជុលសងឡើងវិញមកត្រឹមថ្ងៃទី1 ខែកក្កដា ឆ្នាំ2021។ សេវាកម្មនេះរួមមានការចំណាយសម្រាប់ការបោះជំរំ និងការចំណាយពាក់ព័ន្ធនឹងការធ្វើដំណើរ សកម្មភាពកែកម្សាន្តនៅក្នុងសង្គម សេវាអប់រំ និងការព្យាបាលក្រៅវេជ្ជសាស្ត្រ ដូចជាការព្យាបាលដោយតូរ្យតន្ត្រីជាដើម។]]
ករណីលើកលែងអាចត្រូវបានធ្វើឡើងសម្រាប់មជ្ឈមណ្ឌលថ្នាក់តំបន់ ដើម្បីទិញសកម្មភាពកែកម្សាន្តសង្គម ក្នុងករណីដែលមជ្ឈមណ្ឌលថ្នាក់តំបន់សម្រេចថា សេវាកម្មជា៖ “មធ្យោបាយចម្បង ឬ សំខាន់សម្រាប់” ការលើកកម្ពស់ប្រសិទ្ធភាពរាងកាយ កម្រិតយល់ដឹង ឬ ចិត្តសង្គមនៃពិការភាពផ្នែកការលូតលាស់របស់អ្នក” ឬ សេវាកម្មចាំបាច់នានាដើម្បីជួយដល់អ្នកឱ្យស្នាក់នៅក្នុងផ្ទះរបស់អ្នក និងពុំមាន សេវាណាផ្សេងទៀតអាចបំពេញបានតាមតម្រូវការរបស់អ្នកឡើយ។ [[ផ្នែក 4648.5(c).]]
(9.12) តើប្រភេទផ្សេងទៀតនៃសកម្មភាពពេលថ្ងៃនិងលំហែកាយសម្រាប់អ្នកមានពិការភាពផ្នែកការលូតលាស់មានអ្វីខ្លះ?
មជ្ឈមណ្ឌលថ្នាក់តំបន់អាចបង់ថ្លៃឱ្យបានសម្រាប់ការបោះជំរំនិងចំណាយលើការធ្វើដំណើរពាក់ព័ន្ធនោះ។ នេះគឺជាសេវាដែលត្រូវបានព្យួរទុកពីមុនមក មានន័យថាមជ្ឈមណ្ឌលក្នុងតំបន់មិនអាចទូទាត់ប្រាក់សម្រាប់សេវានេះទេ។ ប៉ុន្តែ មកត្រឹមខែកក្កដា ឆ្នាំ2021 ពួកគេអាច។ [[ផ្នែក 4648.5(a)]]
ជម្រើសពីរផ្សេងទៀត សេវាដែលផ្តោតទៅលើពេលថ្ងៃ និងសេវាបណ្តុះបណ្តាលតាមសហគមន៍តាមសក្ខីប័ត្រ អនុញ្ញាតឱ្យអ្នកជ្រើសរើសនិងកំណត់សេវាពេលថ្ងៃរបស់អ្នកតម្រូវតាមអ្នកចង់បាន។ ប្រភេទ និងអំឡុងពេលនៃសេវាកម្មទាំងនេះ ត្រូវបានសម្រេចតាមរយៈដំណើរការ IPP របស់អ្នក និងត្រូវបានសរសេរចូលទៅក្នុង IPP រួមបញ្ចូលទាំងប្រភេទ និងចំនួនទឹកប្រាក់នៃសេវាកម្ម និងចំនួនបុគ្គលិកដែលត្រូវការដើម្បីអនុវត្តផែនការរបស់អ្នក។
ប្រសិនបើអ្នកជ្រើសរើសសេវាផ្តោតលើពេលថ្ងៃ វាត្រូវតែធ្វើរឿងពីរ។
- តើសេវាកម្មរបស់អ្នកធ្វើឡើងតាមរយៈ IPP របស់អ្នក ដែលផ្តល់អត្ថប្រយោជន៍បំផុតពីជម្រើសនិងតម្រូវការរបស់អ្នក។ សេវានេះជាធម្មតាតិចម៉ោង ឬ តិចថ្ងៃជាងកម្មវិធីពេលថ្ងៃបែបប្រពៃណី ហើយមានលក្ខណៈបត់បែនបំពេញទៅតាមតម្រូវការដាច់ដោយឡែករបស់អ្នក។
- ផ្តល់ឱកាសសម្រាប់អ្នកដើម្បីទទួលបាននិងរក្សាឱ្យបាននូវការងារ សកម្មភាពស្ម័គ្រចិត្ត ឬ ការអប់រំ ទាញយកប្រយោជន៍ឱ្យបានច្រើនបំផុតពីសេវារបស់អ្នក និងជួយអ្នកឱ្យធ្វើសមាហរ័ណកម្មចូលទៅក្នុងសហគមន៍។ [[ផ្នែក 4688.21 (b)(1-7).]]
សេវាបណ្តុះបណ្តាលតាមសហគមន៍តាមសក្ខីប័ត្រ (សេវា VCBT) ត្រូវជួយអ្នកអភិវឌ្ឍជំនាញដែលត្រូវការជាចាំបាច់សម្រាប់ការងារក្នុងសហគមន៍ ឬ ចូលរួមនៅក្នុងការងារស្ម័គ្រចិត្ត ឬ ការអប់រំ។ មានវិធានច្បាប់ជាច្រើនសម្រាប់កម្មវិធីដែលត្រូវកំណត់តាមតម្រូវការនេះ រួមមាន៖
- សេវាកម្មត្រូវតែផ្តល់ឡើងក្នុងបរិយាកាសលក្ខណៈធម្មជាតិនៅក្នុងសហគមន៍ ប៉ុន្តែមិនមែននៅក្នុងផ្ទះរបស់អ្នកទេ។
- ប្រសិនបើអ្នក ឪពុកម្តាយរបស់អ្នក ឬ អ្នកមើលថែទាំ ត្រូវបានកំណត់ឱ្យធ្វើជាអ្នកផ្តល់សេវា VCBT នោះអ្នកត្រូវតែប្រើសេវាគ្រប់គ្រងហិរញ្ញវត្ថុ (FMS)
- ឪពុកម្តាយរបស់អ្នក ឬ អ្នកមើលថែទាំមិនអាចជាបុគ្គលិកគាំពារផ្ទាល់របស់អ្នកបានទេ
- ប្រសិនបើ អ្នកត្រូវបានកំណត់ឱ្យផ្តល់សេវា VCBT នោះ អ្នកក៏ត្រូវតែមានសិទ្ធិសម្រាប់ប័ណ្ណរថយន្តក្រុងផ្តល់មូលនិធិដោយមជ្ឈមណ្ឌលថ្នាក់តំបន់ដែរ ប្រសិនបើសមស្រប និង
- សេវា VCBT គឺត្រូវបានកំណត់ចំនួនអតិបរមា 150ម៉ោងក្នុងមួយត្រីមាស។[[ផ្នែក 4688.21 (c)(1-12), មើលផងដែរមាត្រា 17 ក្រមបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 58884-58888.]]
(9.13) តើធ្វើដូចម្តេចប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់លែង ឯកភាពទៅនឹងកម្មវិធី ឬ សកម្មភាពពេលថ្ងៃ ដែលខ្ញុំកំពុងតែទទួលបានស្ថិតក្រោម IPP របស់ខ្ញុំ?
មជ្ឈមណ្ឌលថ្នាក់តំបន់អាចស្នើសុំធ្វើការផ្លាស់ប្តូរកម្មវិធី ឬ សកម្មភាពពេលថ្ងៃរបស់អ្នកបាន។ ទោះជាយ៉ាងណា នៅពេលអ្នកមានកម្មវិធី ឬ សកម្មភាពពេលថ្ងៃដែលត្រូវបានសរសេរចូលទៅក្នុង IPP របស់អ្នកហើយ មជ្ឈមណ្ឌលថ្នាក់តំបន់អាចគ្រាន់តែសុំឱ្យអ្នកប្តូរកម្មវិធីរបស់អ្នកនៅក្នុងកិច្ចប្រជុំ IPP ប៉ុណ្ណោះ។ ប្រសិនបើអ្នកមិន ឯកភាពជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ក្រោយពីការប្រជុំទេនោះ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែផ្ញើឱ្យអ្នកនូវការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការផ្លាស់ប្តូរនេះ ដែលមានឈ្មោះថា ការជូនដំណឹងត្រូវអនុវត្តន៍ (NOA)។ ការជូនដំណឹងនេះ ត្រូវតែប្រាប់អ្នកអំពីសិទ្ធិប្តឹងជំទាស់របស់អ្នក។
អ្នកមានសិទ្ធិដាក់ពាក្យស្នើសុំសវនាការ។ ប្រសិនបើដាក់ពាក្យក្នុងរយៈពេល 10ថ្ងៃ ឬ តិចជាងនេះ ក្រោយពីអ្នកទទួលបានការជូនដំណឹងរបស់មជ្ឈមណ្ឌលថ្នាក់តំបន់នោះ អ្នកអាចស្ថិតនៅក្នុងកម្មវិធីបានក្នុងខណៈដែលអ្នកកំពុងប្តឹងជំទាស់។ [[ផ្នែក 4701(n).]] ប្រសិនបើអ្នកមិនដាក់បណ្តឹងជំទាស់ក្នុងរយៈពេល 10ថ្ងៃទេ អ្នកនៅតែអាចតតាំងជាមួយនឹងការសម្រេចចិត្តរបស់មជ្ឈមណ្ឌលថ្នាក់តំបន់បាន ដរាបណាអ្នកដាក់ពាក្យបណ្តឹងក្នុងរយៈពេល 30ថ្ងៃ។ អ្នកមិនអាចស្ថិតនៅក្នុងកម្មវិធីបានទេក្នុងអំឡុងដំណើរការប្តឹងជំទាស់នោះ។
(9.14) តើខ្ញុំអាចធ្វើដូចម្តេចបាន ប្រសិនបើកម្មវិធីពេលថ្ងៃរបស់ខ្ញុំមិនបំពេញបានទៅតាមគោលដៅ IPP របស់ខ្ញុំ?
ប្រសិនបើអ្នកជឿថាកម្មវិធីពេលថ្ងៃរបស់អ្នកមិនបំពេញបានទៅតាមតម្រូវការរបស់អ្នកទេ សូមស្នើសុំការប្រជុំ IPP មួយ ដើម្បីជជែកពីការផ្លាស់ប្តូរកម្មវិធីឬសកម្មភាពរបស់អ្នក។ ដំណើរការ IPP របស់អ្នកកំណត់ពីអ្វីដែលជាការងារ ឬ កម្មវិធីពេលថ្ងៃប្រសើរបំផុតសម្រាប់អ្នក។ អ្នកមានសិទ្ធិដើម្បីពិចារណាទៅលើកម្មវិធីពេលថ្ងៃ ដែលជួយឱ្យអ្នកឈានទៅសម្រេចគោលដៅ IPP របស់អ្នក។ គ្មាននរណាម្នាក់អាចបង្ខំអ្នកឱ្យទៅកម្មវិធីពេលថ្ងៃបានទេ ប្រសិនបើអ្នកមិនចង់ទៅទេនោះ។
រាល់កម្មវិធីពេលថ្ងៃទាំងអស់ត្រូវតែមាននីតិវិធីបណ្តឹងសារទុក្ខ។ [[ផ្នែក 4705(a)(2) និងមាត្រា 17, ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 56710(a).]] ប្រសិនបើអ្នកមិនឯកភាពជាមួយនឹងការសម្រេចរបស់កម្មវិធី អ្នកអាចសុំប្រើនីតិវិធីបណ្តឹងសារទុក្ខបាន។ ប្រសិនបើកម្មវិធីពេលថ្ងៃរំលោភលើសិទ្ធិរបស់អ្នក អ្នកអាចដាក់ “បណ្តឹងតាមផ្នែក 4731 បាន។” (សូមមើល ជំពូក 10)។
ប្រសិនបើកម្មវិធីគិតថាអ្នកជាការគំរាមកំហែងដល់សុខភាពនិងសុវត្ថិភាពរបស់អ្នកដទៃនៅក្នុងកម្មវិធី កម្មវិធីអាចសុំឱ្យអ្នកនៅផ្ទះចេញឆ្ងាយពីកម្មវិធីភ្លាមៗបាន។ ប៉ុន្តែ លើកលែងតែមានការព្រមព្រៀងជាលាយលក្ខណ៍អក្សរជាមុនទេ កម្មវិធីត្រូវតែប្រជុំក្នុងរយៈពេលបីថ្ងៃជាមួយអ្នកនិងអ្នកសម្របសម្រួលសេវារបស់អ្នក ដើម្បីពិភាក្សាពីបញ្ហា និងការផ្លាស់ប្តូរកម្មវិធីទាំងឡាយណាដែលអាចនឹងជួយដោះស្រាយបញ្ហា បាន។ [[មាត្រា 17, ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 56718(g).]]
(9.15) តើកម្មវិធីស្វ័យសម្រេចគឺជាអ្វី?
កម្មវិធីស្វ័យសម្រេច (SDP) គឺជាវិធីមួយក្នុងការទទួលបានសេវាមជ្ឈមណ្ឌលក្នុងតំបន់របស់អ្នក។ [[ផ្នែក 4685.8]] ខុសពីវិធីចាស់ៗ ដែលមជ្ឈមណ្ឌលក្នុងតំបន់ទិញសេវារបស់អ្នកពីអ្នកលក់របស់ខ្លួន។ នៅក្នុង SDP អ្នកប្រើប្រាស់សេវា និងក្នុងគ្រួសារពួកគេមានសេរីភាព ការគ្រប់គ្រង និងការទទួលខុសត្រូវច្រើនជាងមុនក្នុងការជ្រើសរើសសេវានិងការគាំទ្រ ដើម្បីជួយពួកគេឲ្យសម្រេចបានវត្ថុបំណងនៅក្នុងផែនការកម្មវិធីសម្រាប់បុគ្គលរបស់ពួកគេ (IPP)។ មកត្រឹមខែកក្កដា ឆ្នាំ2021 SDP មានផ្តល់ជូនដល់រាល់អ្នកប្រើប្រាស់សេវាទាំងអស់របស់មជ្ឈមណ្ឌលក្នុងតំបន់ដែលមានសិទ្ធិទទួលបាន។ មជ្ឈមណ្ឌលក្នុងតំបន់នីមួយៗមានគណៈកម្មាធិការប្រឹក្សាយោបល់តាមមូលដ្ឋានដែលជួបប្រជុំដើម្បីជួយធ្វើផែនការ SDP នៅក្នុងតំបន់នោះ។
នៅក្នុង SDP អ្នកត្រូវ៖
- បង្កើតផែនការដែលផ្តោតលើបុគ្គល ដើម្បីធ្វើការងារឆ្ពោះទៅរកអនាគតតាមការចង់បានរបស់អ្នក។ នៅអំឡុងកិច្ចដំណើរការបង្កើតផែនការដែលផ្តោតលើបុគ្គល អ្នកតម្រង់ទិសការសន្ទនាអំពីចំណុចខ្លាំង សមត្ថភាព ទំនោរ បែបផែនជីវិតរស់នៅ និងសាវតារវប្បធម៌។ នៅចុងបញ្ចប់នៃកិច្ចដំណើរការ អ្នកនឹងមានផែនការជាលាយលក្ខណ៍អក្សរមួយសម្រាប់គោលដៅសម្រាប់សកម្មភាពកម្សាន្ត មធ្យោបាយធ្វើដំណើរ មិត្តភាព ការព្យាបាល លំនៅដ្ឋាន ការងារ ទំនាក់ទំនងគ្រួសារ និងអ្វីៗផ្សេងទៀតដែលអ្នកចង់បាន។
- នឹងមានថវិកាសម្រាប់បុគ្គល ដែលជាទឹកប្រាក់របស់អ្នកដើម្បីទិញសេវានិងការគាំពាររបស់អ្នក។ ក្រុមការងារ IPP ធ្វើការសម្រេចទៅលើថវិការបស់អ្នក ផ្អែកលើទឹកប្រាក់ដែលអ្នកបានប្រើប្រាស់សម្រាប់សេវានៅក្នុងរយៈពេល 12ខែចុងក្រោយបំផុត។ បន្ទាប់មក អ្នកនឹងបង្កើតផែនការចំណាយដើម្បីចែងអំពីរបៀបដែលអ្នកនឹងត្រូវចំណាយថវិការបស់អ្នកទៅលើសេវានានា។
- អាចអនុញ្ញាតឲ្យអ្នកសម្របសម្រួលឯករាជ្យជួយអ្នកក្នុងការបង្កើតផែនការដែលផ្តោតលើបុគ្គល ធ្វើការសម្រេចចិត្តអំពីថវិកានិងការចំណាយរបស់អ្នក ស្វែងរកសេវា និងអ្នកតស៊ូមតិសម្រាប់អ្នក។
- ត្រូវតែមានសេវាគ្រប់គ្រងហិរញ្ញវត្ថុ (FMS)។ អ្នកជ្រើសរើសយក FMS ដែលបានលក់ដោយមជ្ឈមណ្ឌលក្នុងតំបន់។ FMS នឹងជួយអ្នកឲ្យគ្រប់គ្រងថវិការបស់អ្នកតាមរយៈការបង់ទូទាត់វិក្កយបត្រ និងការគ្រប់គ្រងប្រាក់ខែសម្រាប់បុគ្គលិកគាំពារ។
- ស្វែងរកអ្នកផ្តល់សេវាសម្រាប់សេវាកម្មនិងការគាំទ្រនានា។ ពួកគេមិនចាំបាច់ទាល់តែជាអ្នកលក់នៃមជ្ឈមណ្ឌលក្នុងតំបន់ទេ ដូចដែលពួកគេអនុវត្តនៅក្នុងប្រព័ន្ធចាស់នោះទេ។ អ្នកអាចទិញសេវាដែលរដ្ឋាភិបាលសហព័ន្ធបានឯកភាព និងដែលបានរៀបរាប់នៅក្នុងការអនុគ្រោះសិទ្ធិ SDP។ មានសេវាផ្សេងៗជាច្រើនដែលអ្នកអាចទិញដោយប្រើថវិការបស់អ្នក។ មានសេវាមួយចំនួនដែលអ្នកមិនអាចទិញបាន ដូចជាបន្ទប់និងចំណីអាហារ (ថ្លៃឈ្នួល អាហារ និងសេវាសាធារណៈ)។
ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹង IPP របស់អ្នក ថវិកាសម្រាប់បុគ្គល ឬផ្នែកផ្សេងទៀតនៃសេវាកម្មរបស់អ្នក អ្នកអាចធ្វើឧទ្ធរណ៍ និងស្នើសុំឲ្យមានការធ្វើសវនាការយុត្តិធម៌។ សិទ្ធិប្តឹងឧទ្ធរណ៍និងសវនាការរបស់អ្នក គឺដូចគ្នានៅក្នុង SDP ដូចមាននៅក្នុងប្រព័ន្ធចាស់នៃមជ្ឈមណ្ឌលក្នុងតំបន់។ មើល ជំពូក 10 សម្រាប់ការប្តឹងឧទ្ធរណ៍ ការប្តឹងតវ៉ា និងកាលកំណត់។
សម្រាប់ព័ត៌មានបន្ថែមអំពី SDP សូមចូលទៅកាន់គេហទំព័រ SDP របស់នាយកដ្ឋាន សេវាផ្នែកលូតលាស់នៅទីនេះ៖ https://www.dds.ca.gov/initiatives/sdp/។ ដើម្បីចុះឈ្មោះក្នុង SDP សូមពិភាក្សាជាមួយអ្នកសម្របសម្រួលសេវានៃមជ្ឈមណ្ឌលក្នុងតំបន់របស់អ្នក។ អ្នកត្រូវតែចូលរួមនៅក្នុងការតម្រង់ទិស មុនពេលអ្នកអាចចាប់ ផ្តើមកម្មវិធី SDP។ ការតម្រង់ទិសមានផ្តល់ជូនតាមរយៈមជ្ឈមណ្ឌលក្នុងតំបន់ ឬ គណៈកម្មាធិការប្រឹក្សាយោបល់តាមមូលដ្ឋាន ជាភាសាផ្សេងៗ។ អាចនឹងមានការតម្រង់ទិសទូទាំងរដ្ឋដែលអ្នកអាចចូលរួមបាន។
(9.16) តើខ្ញុំពិភាក្សាពីគោលដៅរបស់ខ្ញុំដែលចង់ទទួលបានការងារជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ដោយរបៀបណា?
ប្រសិនបើអ្នកចង់ធ្វើការ សូមពិភាក្សាវានៅក្នុងកិច្ចប្រជុំ IPP របស់អ្នក។ ការពិភាក្សា៖
- ចំណូលចិត្ត និងសមត្ថភាពរបស់អ្នក
- បរិយាកាស ម៉ោង និងទីតាំងដែលអ្នកពេញចិត្ត
- ឱកាសការងារ និងសកម្មភាពដែលអ្នកចង់ធ្វើ
- កន្លែងស្នាក់នៅនិងការគាំពារនានាដែលអ្នកត្រូវការ
- ទំនាក់ទំនងសង្គមដែលមានសក្តានុពល
- កម្រៃទទួលបាន និងអត្ថប្រយោជន៍នានា
- ការធ្វើដំណើរ និង
- ប្រាក់ដែលរកបានអាចនឹងប៉ះពាល់ដល់អត្ថប្រយោជន៍ដែលពាក់ព័ន្ធនឹងពិការភាព របស់អ្នកតាមរបៀបណា
ពេលខ្លះការងារទីមួយរបស់អ្នកមិនជោគជ័យទេ។ អ្នកអាចនឹងត្រូវសាកល្បងការងារ មួយចំនួនតូចសិនមុននឹងអ្នករកបានការងារមួយដែលអ្នកចូលចិត្ត។ ករណីនេះកើតឡើងចំពោះមនុស្សទូទៅដែលពុំមានពិការភាពផងដែរ។ ការងារជាច្រើនដែលមានគឺជាកម្មវិធីដែលអ្នករកប្រាក់បានតិចតួច។ អ្នកអាចនឹងចង់ស្វែងរកអ្វីមួយផ្សេងដែល កៀកទៅនឹងគោលដៅការងាររបស់អ្នក។ ច្បាប់ Lanterman ចែងថា សេវាកម្មនិងការគាំពាររបស់អ្នក គួរតែជួយដល់អ្នកឱ្យមានឯករាជ្យ ផលិតភាព និងជាសមាជិករបស់សហគមន៍។ ប្រសិនបើអ្នកមានអាយុលើ 18ឆ្នាំ នេះមានន័យថាជាការធ្វើ ការងារ ឬ ការស្ម័គ្រចិត្តនៅក្នុងបរិបទសមាហរ័ណកម្មសហគមន៍។ [[ផ្នែក 4640.7(a) និង 4501.]]
(9.17) តើខ្ញុំអាចទទួលបានការងារនៅក្នុងកន្លែងដែលមាន លក្ខណៈសមាហរ័ណកម្មទេ?
ការងារដែលមានលក្ខណៈសមាហរ័ណកម្មមានន័យថាអ្នកធ្វើការនៅក្នុងសហគមន៍ និងប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សពុំមានពិការភាព (មិនរាប់បញ្ចូលអ្នកផ្តល់សេវារបស់អ្នកទេ)។ អ្នកគួរតែធ្វើការជាមួយនឹងអ្នកដែលមាន និងគ្មានពិការភាព ដូចគ្នាទៅនឹងនិយោជិតភាគច្រើនដែរ។ [[ផ្នែក 4851(o).]]
ការងារដែលមានលក្ខណៈប្រកួតប្រជែង និងការងារដែលទទួលបានការគាំពារ គឺជាការងារដែលបានធ្វើសមាហរ័ណកម្ម (មើលព័ត៌មានខាងលើសម្រាប់ព័ត៌មានបន្ថែម )។ [[ផ្នែក 4851(n).]] ភាពខុសគ្នាចម្បងនោះគឺ អ្នកមិនទទួលបានសេវានិងការគាំទ្រសម្រាប់ការងារដែលមានលក្ខណៈប្រកួតប្រជែងទេ។ ប៉ុន្តែនិយោជកត្រូវតែផ្តល់ “ការកែសម្រួលសមស្រប” ដើម្បីឱ្យអ្នកអាចធ្វើការបាន។
ប្រសិនបើ IPP និងផែនការគាំទ្រការស្តារនីតិសម្បទាបុគ្គល (IHSP) របស់អ្នកចែងអំពីសេវានិងការគាំទ្រដែលអ្នកត្រូវការលើសពីការដំណោះស្រាយដែលនិយោជករបស់អ្នកធ្វើឡើង នោះមជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែផ្តល់ជូនសេវាទាំងនោះ។ [[ផ្នែក 4861.]] មជ្ឈមណ្ឌលក្នុងតំបន់ទូទាត់ប្រាក់ទៅលើសេវានិងការគាំទ្រទាំងនេះ សម្រាប់ជា “សេវានីតិសម្បទា” ឬ “សេវាស្តារនីតិសម្បទាការងារ”។ ជាធម្មតា អ្នកគ្រប់គ្រងករណី និងអ្នកផ្តល់ ពិភាក្សាគ្នាអំពី “ការងារដែលទទួលបាននូវកិច្ចគាំពារ” ឬ “មណ្ឌលសកម្មភាពការងារ។” ពួកគេមិនហៅសេវាទាំងនោះថា “សេវាមាននីតិសម្បទា” នោះទេ។ មានពាក្យធំៗជាច្រើនត្រូវបានប្រើដើម្បីរៀបរាប់ពីកម្មវិធីខុសៗគ្នា។ គ្រាន់តែផ្ដោតទៅលើប្រភេទនៃការងារ ឬ កម្មវិធីដែលអ្នកចង់បាននិងសុំវាដាក់ទៅក្នុង IPP របស់អ្នកទៅបានហើយ។
(9.18) តើសេវានីតិសម្បទាជាអ្វី?
កម្មវិធីមជ្ឈមណ្ឌលថ្នាក់តំបន់ ដូចជាកម្មវិធីការងារដែលទទួលបាននូវការគាំពារ ឬ កម្មវិធីសកម្មភាពការងារ ត្រូវបានឱ្យឈ្មោះថា “សេវាផ្តល់នីតិសម្បទា” នៅក្នុងច្បាប់។ កម្មវិធីជាច្រើនដែលត្រូវបានពិភាក្សាខាងលើគឺជាសេវាផ្តល់នីតិសម្បទាសេវាទាំងនោះត្រៀមអ្នកសម្រាប់ការងារឱ្យបានកម្រិតខ្ពស់បំផុតតាមដែលអាចធ្វើបាន ឬ ត្រៀមអ្នកសម្រាប់សេវាស្តារនីតិសម្បទាវិជ្ជាជីវៈ។ [[ផ្នែក 4851(a).]] DDS គ្រប់គ្រងទៅលើកម្មវិធីសេវាផ្តល់នីតិសម្បទា។ [[ផ្នែក 4850.1.]]
(9.19) តើនរណាមានសិទ្ធិទទួលបានកម្មវិធីសេវាផ្តល់ នីតិសម្បទា?
អ្នកមានសិទ្ធិទទួលបានកម្មវិធីសេវាផ្តល់នីតិសម្បទា ប្រសិនបើអ្នកមានអាយុ 18 ឆ្នាំ មានពិការភាពផ្នែកលូតលាស់ និងបានជ្រើសរើសសេវាកម្មទាំងនេះតាមរយៈដំណើរការ IPP។ [[ផ្នែក 4852.]] ប្រសិនបើអ្នកមានសិទ្ធិទទួលបាន មជ្ឈមណ្ឌលក្នុងតំបន់នឹងណែនាំអ្នកបន្តទៅកាន់អ្នកផ្តល់សេវានីតិសម្បទា។ នៅពេលអ្នកចាប់
ផ្តើមកម្មវិធីសកម្មភាពការងារ អ្នកទទួលបានសេវារហូតដល់ទៅ 90ថ្ងៃ។ ក្នុងអំឡុងពេលនេះ កម្មវិធីពិនិត្យទៅលើជំនាញការងាររបស់អ្នក និងសរសេររបាយការណ៍ (ហៅថា “របាយការណ៍វាយតម្លៃជំនាញការងារ”) សម្រាប់មជ្ឈមណ្ឌលថ្នាក់តំបន់។ ក្រុមការងារ IPP របស់អ្នកពិនិត្យឡើងវិញទៅលើរបាយការណ៍និងសម្រេចថាតើការដាក់អ្នកនៅទីនោះសមស្របដែរឬទេ។ [[ផ្នែក 4853(c).]] របាយការណ៍នឹងត្រូវពិភាក្សា៖
- ថាតើអ្នកអាចប្រព្រឹត្តិបានសមរម្យនៅក្នុងកន្លែងការងារទេ។
- ថាតើអ្នកអាចយកចិត្តទុកដាក់បានយូរគ្រប់គ្រាន់ដើម្បីធ្វើការងារដែលទទួលបានកម្រៃទេ។
- ថាតើអ្នកអាចយល់ពីការណែនាំងាយៗនៅក្នុងពេលវេលាមួយសមស្របទេ។
- ថាតើអ្នកអាចទំនាក់ទំនងពីតម្រូវការជាមូលដ្ឋាននិងយល់ពីអ្វីដែលអ្នកដទៃនិយាយទេ។
- ការចូលរួមរបស់អ្នក។ [[ផ្នែក 4853(b)(1-5).]]
ស្ថានភាពរបស់អ្នកនៅក្នុងកម្មវិធីត្រូវបានពិនិត្យឡើងវិញយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។ ការវាយតម្លៃកំណត់ថាតើអ្នកត្រូវការសេវាស្តារនីតិសម្បទាវិជ្ជាជីវៈទេ រួមទាំងកម្មវិធីការងារដែលទទួលបាននូវការគាំពារផងនោះ។ [[ផ្នែក 4858.]] ប៉ុន្តែអ្នកអាចសុំប្តូរបទពិសោធន៍ការងារ ឬ កន្លែងដាក់ឱ្យធ្វើការនៅពេលណាមួយក៏បាន។ ប្រសិនបើកម្មវិធី ឬ កន្លែងដាក់បម្រើការនោះមិនដំណើរការល្អសម្រាប់អ្នកទេ សូមកោះប្រជុំ IPP ដើម្បីជជែកពីការផ្លាស់ប្តូរ។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតាមដាន វាយតម្លៃ និងធ្វើសវនកម្មទៅលើអ្នកផ្តល់សេវាផ្តល់នីតិសម្បទា។ ពួកគេត្រូវតែធ្វើឱ្យប្រាកដថា កម្មវិធីមានប្រសិទ្ធភាពដោយពិនិត្យទៅលើគុណភាពនៃសេវាកម្ម ការការពារដែលផ្តល់ឱ្យអ្នក និងថាតើវាអនុលោមទៅតាមស្តង់ដាតម្រូវដែរឬទេ។ [[ផ្នែក 4856.]]
(9.20) តើអ្វីទៅជាផែនការសេវាផ្តល់នីតិសម្បទាជាលក្ខណៈបុគ្គល (IHSP)?
អ្នកផ្តល់សេវាផ្តល់នីតិសម្បទារបស់អ្នកអភិវឌ្ឍឡើងនូវផែនការសេវាផ្តល់នីតិសម្បទា ជាលក្ខណៈបុគ្គល (IHSP) សម្រាប់អ្នកដើម្បីបំពេញទៅតាមគោលដៅការងារនៅក្នុង IPP របស់អ្នក។ [[ផ្នែក 4851(c).]] ដើម្បីអភិវឌ្ឍ IHSP របស់អ្នកបាន អ្នកផ្តល់សេវារបស់អ្នកត្រូវពិចារណាថាតើអ្នកអាច៖
- បន្តការងារទទួលបានប្រាក់កម្រៃសម្រាប់រយៈពេលមួយជាក់លាក់បានទេ
- រក្សាបន្ទុកការងារជាក់លាក់មួយបានទេ
- បន្តកម្រិតវត្តមានរបស់អ្នកបានទេ
- មានអាកប្បកិរិយាសមរម្យនៅកន្លែងធ្វើការ។ [[ផ្នែក 4854.]]
មជ្ឈមណ្ឌលថ្នាក់តំបន់នឹងរក្សាបន្តបង់ថ្លៃសម្រាប់សេវាផ្តល់នីតិសម្បទានៅក្នុង IHSP របស់អ្នកប្រសិនបើ៖
- អ្នកមានការរីកចម្រើនគ្រប់គ្រាន់ឆ្ពោះទៅកាន់គោលដៅផ្តល់នីតិសម្បទារបស់អ្នក
- មជ្ឈមណ្ឌលថ្នាក់តំបន់កំណត់ថា សេវាកម្មដែលចាំបាច់សម្រាប់អ្នកត្រូវតែរក្សាក្នុងកម្រិតខ្ពស់បំផុតរបស់អ្នកនៃ “ការបំពេញមុខងារវិជ្ជាជីវៈ” ឬ
- សេវាកម្មត្រូវបានត្រៀមអ្នកសម្រាប់សេវាស្តារនីតិសម្បទាវិជ្ជាជីវៈ។ [[ផ្នែក 4857.]]
ក្រុមការងារ IPP របស់អ្នកអាចពិនិត្យមើលឡើងវិញដើម្បីឱ្យដឹងថា តើកម្មវិធីរបស់អ្នកសមស្របទេ និងថាតើការងាររបស់អ្នកសមស្របទេ? [[ផ្នែក 4854.1.]] ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់ធ្វើការសម្រេចចិត្តដែលប៉ះពាល់ដល់សេវានីតិសម្បទារបស់អ្នក ហើយអ្នកមិនយល់ស្របនោះ អ្នកអាចប្តឹងឧទ្ធរណ៍បាន។ (សូមមើល ជំពូក 10 ស្តីអំពីដំណើរការប្តឹងជំទាស់។)
(9.21) អ្វីទៅជាសេវាស្តារនីតិសមប្បទាវិជ្ជាជីវៈ?
នាយកដ្ឋានស្តារនីតិសម្បទា (DOR) ផ្តល់នូវសេវាស្តារនីតិសម្បទាដល់អ្នកទាំងឡាយដែលចង់ធ្វើការក្នុងកម្មវិធីការងារដែលទទួលបាននូវការគាំពារ ឬ ការងារដែលមានលក្ខណៈប្រកួតប្រជែង។ សេវាស្តារនីតិសម្បទាវិជ្ជាជីវៈរួមមាន៖
- ការផ្តល់ប្រឹក្សា ការណែនាំ និងការបញ្ជូនបន្ត
- សម្ភារៈបណ្តុះបណ្តាល
- ការដាក់ឱ្យធ្វើការនៅតាមកន្លែងមានបរិយាកាសសមស្រប
- សេវាបំពេញឡើងវិញផ្នែកផ្លូវកាយនិងផ្លូវចិត្ត
- ការធ្វើដំណើរ
- ការថែទាំជួសជុល
- សេវាជាលក្ខណៈបុគ្គល ដូចជាការធ្វើជាអ្នកកត់ត្រា អ្នកអាន អ្នកបកប្រែភាសា អ្នកចូលរួម និងអ្នកបើកបរជាដើម
- បច្ចេកវិទ្យាជំនួយ ដូចជាផ្នែកទំនាក់ទំនង ញាណ និងឧបករណ៍ផ្សេងទៀត។
- ការបង្វឹកការងារ
- សេវាកម្មទៅដល់សមាជិកក្រុមគ្រួសារ
- សេវាក្រោយបញ្ចប់ការងារ។ [[មាត្រា 9, ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា, ផ្នែក 7149]]
នៅពេលអ្នកចាប់ផ្តើមការងារ DOR បង់ថ្លៃ 100% សម្រាប់សេវាកម្មទាំងនេះ។ នៅពេលការងាររបស់អ្នកមានស្ថិរភាព ការផ្តល់មូលនិធិត្រូវកាត់បន្ថយបន្តិចម្តងៗ។ [[មាត្រា 9, ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 7021.5(b).]] សម្រាប់ព័ត៌មានបន្ថែមអំពីសេវា DOR, សូមទាក់ទៅកាន់អង្គការជនពិការកាលីហ្វ័រញ៉ា ឬ ចូលទៅកាន់ គេហទំព័រ DOR។
(9.22) តើនរណាមានសិទ្ធិទទួលបានសេវាស្តារនីតិសម្បទា វិជ្ជាជីវៈ?
អ្នកមានសិទ្ធិទទួលបានសេវាស្តារនីតិសម្បទាវិជ្ជាជីវៈប្រសិនបើ៖
- អ្នកជា “បុគ្គលមានពិការភាព” និង
- អ្នកត្រូវការសេវានានាដើម្បីទទួលបានការងារមួយ។ [[មាត្រា 9, ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 7062.]]
“បុគ្គលមានពិការភាព” មានន័យថា អ្នកមានពិការភាពផ្នែករាងកាយ ឬ ចិត្ត ដែលធ្វើឱ្យវាពិបាកខ្លាំងដើម្បីឲ្យអ្នកទទួលបានការងារធ្វើ ហើយសេវាស្តារនីតិសម្បទាវិជ្ជាជីវៈ នឹងជួយអ្នកឱ្យទទួលបានការងារ។ [[មាត្រា 29 ក្រមសហរដ្ឋអាមេរិក ផ្នែក 19151 និង 705(20), មាត្រា 9 ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 7017.]] ប្រសិនបើអ្នកទទួលបាន SSI ឬ SSDI, អ្នកមានសិទ្ធិទទួលបានដោយស្វ័យប្រវត្តិ។ [[មាត្រា 29 ក្រមសហរដ្ឋអាមេរិក ផ្នែក 722.]]
(9.23) តើអ្វីទៅជាភាពខុសគ្នារវាងសេវាផ្តល់នីតិសម្បទា និងសេវាស្តារនីតិសម្បទាវិជ្ជាជីវៈ?
សេវាផ្តល់នីតិសម្បទា និងសេវាស្តារនីតិសម្បទាវិជ្ជាជីវៈផ្តល់ដោយទីភ្នាក់ងារ សាធារណៈផ្សេងគ្នា ហើយផ្តល់សេវាខុសគ្នា។ DDS ចាត់ចែងកម្មវិធីសេវាផ្តល់ សម្បទាតាមរយៈមជ្ឈមណ្ឌលថ្នាក់តំបន់។ សេវាផ្តល់សម្បទាអាចមានរយៈពេលវែង។ អ្នកអាចទទួលបានសេវាទាំងនោះរហូតដល់អ្នកចូលនិវត្តន៍។ DOR ចាត់ចែងកម្មវិធីសេវាស្តារនីតិសម្បទាវិជ្ជាជីវៈ។ អ្នកអាចទទួលសេវាស្តារនីតិសម្បទាវិជ្ជាជីវៈបានតែពេលវេលាមានកំណត់។
ក្រោយអ្នកសម្រេចថាអ្នកចង់ធ្វើការ មជ្ឈមណ្ឌលថ្នាក់តំបន់នឹងស្វែងរកអ្នកផ្តល់ សេវាដើម្បីជួយដល់អ្នក។ អ្នកផ្តល់សេវាខ្លះប្រើមូលនិធិពី DOR ដើម្បីជួយអ្នកឱ្យស្វែងរកការងារ បន្ទាប់មកក៏ផ្ទេរការគាំពាររបស់អ្នកទៅកាន់ DDS។ អ្នកផ្តល់សេវាផ្សេងទៀតមិនធ្វើការជាមួយនឹង DORទេ។ ពួកគេទទួលបានមូលនិធិពី DDS ដើម្បីជួយដល់អ្នកឱ្យស្វែងរកនិងរក្សាការងារ។ កម្មវិធីទាំងពីរផ្តល់ការគាំពារដល់អ្នកសម្រាប់ការងារ និងសកម្មភាពពាក់ព័ន្ធនឹងការងារ។
(9.24) តើ DOR និង DDS (មជ្ឈមណ្ឌលក្នុងតំបន់) ធ្វើការរួមគ្នា ដើម្បីជួយដល់អ្នកមានពិការភាពផ្នែកការលូតលាស់កើតទេ?
មជ្ឈមណ្ឌលថ្នាក់តំបន់ច្រើនណែនាំមនុស្សបន្តទៅឱ្យ DOR។ ដើម្បីទទួលបាននូវការណែនាំបន្តសម្រាប់សេវាវិជ្ជាជីវៈ សូមសុំឱ្យមានការប្រជុំ IPP ។ លើកឡើងថាអ្នកចាប់អារម្មណ៍ការងារដែលទទួលបាននូវការគាំពារ ឬ ការងារដែលមានលក្ខណៈ ប្រកួតប្រជែង។ ប្រសិនបើអ្នកមានការងារធ្វើហើយនៅក្នុងកម្មវិធីសកម្មភាពការងារ ពួកគេពិនិត្យមើលវឌ្ឍនភាពការងាររបស់អ្នកជារៀងរាល់ឆ្នាំ និងសម្រេចថាតើសេវាវិជ្ជាជីវៈត្រឹមត្រូវសម្រាប់អ្នកទេ។ ប្រសិនបើក្រុមការងារ IPP របស់អ្នកសម្រេចថា សេវាទាំងនោះនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នក វានឹងណែនាំអ្នកទៅកាន់ DOR។ [[ផ្នែក 4858 (a)-(b).]]
DOR អាចបដិសេធមិនផ្តល់សេវាដល់អ្នកប្រសិនបើពិការភាពរបស់អ្នកធ្ងន់ធ្ងរខ្លាំងពេក ដែលសេវារបស់វានឹងមិនមានអ្វីជួយដល់អ្នកកើតនោះ។ DOR ត្រូវតែបញ្ជាក់ឲ្យឃើញថា សេវាស្តារនីតិសម្បទាវិជ្ជាជីវៈនឹងមិនជួយឲ្យអ្នកទទួលបានការងារមួយនោះទេ ប្រសិនបើពិការភាពរបស់អ្នកមានភាពធ្ងន់ធ្ងរពេក។ [[មាត្រា 29 ក្រមសហរដ្ឋអាមេរិក ផ្នែក 722(a)(2)(A), សូមមើលផងដែរនូវមាត្រា 34 ក្រមបទបញ្ញត្តិ សហព័ន្ធ ផ្នែក 361.42; ក្រមស្តីពីសុខុមាលភាព & ស្ថាប័ន ផ្នែក 19103(b); មាត្រា 9 ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា, ផ្នែក 7062(c)។]]
អ្នកអាចទទួលបានសេវាស្តារនីតិសម្បទាវិជ្ជាជីវៈរយៈពេលរហូតដល់ 18ខែ។ សេវាកម្មទាំងឡាយអាចបញ្ចប់ភ្លាមៗបាន ប្រសិនបើអ្នកមានលក្ខណៈឯករាជ្យ ឬ ប្រសិនបើការគាំពាររបស់អ្នកបានជួយដល់អ្នកបានច្រើនបំផុតតាមដែលអាចធ្វើ បាន។ ក្រោយរយៈពេល 18ខែ DOR ផ្ទេរអ្នកទៅកាន់ DDS។ បន្ទាប់មកអ្នកអាចទទួលបានសេវាកម្មពីកម្មវិធីសេវាផ្តល់នីតិសម្បទា។ ប្រសិនបើអ្នកត្រូវបានណែនាំបន្តទៅឱ្យ DOR និងដាក់អ្នកនៅក្នុងបញ្ជីរង់ចាំនោះ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវផ្តល់ដល់អ្នកនូវសេវាកម្មទាំងឡាយដែលអ្នកត្រូវការរហូតដល់សេវា DOR ចាប់ផ្តើម។ [[ផ្នែក 4855.]]
(9.25) តើអ្វីទៅជាកម្មវិធីសមាហរ័ណកម្មបញ្ច្រាស?
កម្មវិធីសមាហរ័ណកម្មបញ្រ្ចាសគឺនៅពេលដែលមនុស្សពុំមានពិការភាពត្រូវបានជួលឱ្យមកធ្វើការជាមួយនឹងអ្នកមានពិការភាព។ កិច្ចសន្យារដ្ឋាភិបាលខ្លះរួមមានកម្មវិធីបញ្ច្រាសសមាហរ័ណកម្មការងារ ឬ ការងារដែលទទួលបាននូវកិច្ចគាំពារផងដែរ។ ដើម្បីឱ្យដឹងថាមានកម្មវិធីបញ្ច្រាសសមាហរ័ណកម្មនៅក្នុងតំបន់អ្នករស់នៅដែរឬក៏អត់នោះ សូមទាក់ទង DOR ឬ អ្នកសម្របសម្រួលសេវាមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នក។
(9.26) តើអ្នកអាចទទួលបានអ្នកបង្វឹកការងារ ឬអ្នកអភិឌ្ឍន៍ការងារទេ?
អ្នកអាចទទួលបានជំនួយពីអ្នកបង្វឹកការងារ ឬ អ្នកអភិវឌ្ឍន៍ការងារ ដើម្បីបំពេញបានទៅតាមចំណង់ចំណូលចិត្តពាក់ព័ន្ធនឹងការងាររបស់អ្នក។
អ្នកបង្វឹកការងារបង្វឹកនិងផ្តល់ការគាំទ្រដល់អ្នកទាំងលើការងារកំពុងធ្វើនិងក្រៅការងារ ដើម្បីឱ្យអ្នកអាចមានភាពជោគជ័យនៅកន្លែងការងារ។ ពេលខ្លះអ្នកបង្វឹកការងារបង្រៀននិយោជករបស់អ្នក ឬ និយោជិតផ្សេងទៀតពីរបៀបគាំពារដល់អ្នក។ ធ្វើបែបនេះជួយដល់អ្នករៀនពីការងារ និងចូលចុះទៅក្នុងវប្បធម៌ក្រុមហ៊ុន។ គោលដៅរបស់អ្នកបង្វឹកការងារគឺដើម្បីអភិវឌ្ឍការគាំពារតាមលក្ខណៈធម្មជាតិ ដើម្បីឱ្យអ្នកអាចធ្វើការដោយជំនួយកាន់តែតិចទៅៗតាមដែលអាចធ្វើទៅបាន ប្រហែលសូម្បីតែគ្មានអ្នកបង្វឹកក៏អ្នកអាចធ្វើបានដែរ។
អ្នកបង្វឹកការងារខុសពីអ្នកអភិវឌ្ឍការងារ។ អ្នកអភិវឌ្ឍការងារជួយដល់អ្នកស្វែងរកការងារ ឬ អភិវឌ្ឍការងារជាពិសេសសម្រាប់អ្នក។ អ្នកអភិវឌ្ឍការងារដែលពូកែ បង្កើតឡើងនូវទំនាក់ទំនងថ្មីជានិច្ចជាមួយនឹងនិយោជកថ្មីៗ ហើយពួកគេរៀនពីក្រុមហ៊ុនទាំងឡាយដែលផ្តល់ការងារទៅដល់អ្នកដែលមានពិការភាព។
នៅពេលអ្នកចាប់ផ្តើមការងាររបស់អ្នក អ្នកអាចស្នើសុំសេវាគាំពារមួយទល់មួយពីអ្នកបង្វឹកការងារបាន។ អ្នកបង្វឹកការងាររបស់អ្នកនឹងធ្វើការជាមួយអ្នកនៅតាមកន្លែងការងារ ឬ ក្រៅកន្លែងការងារ ប៉ុន្តែសេវាបង្វឹកថយចុះបន្តិចម្តងៗ។ [[ផ្នែក 4851(s).]]
ឬ អ្នកអាចជួបជាមួយនឹងមនុស្សផ្សេងទៀតនៅកន្លែងការងាររបស់អ្នកនៅក្នុងបរិបទ ជាក្រុមដើម្បីទទួលបានការបង្វឹក។ មជ្ឈមណ្ឌលថ្នាក់តំបន់ ឬ DOR នឹងបង់ថ្លៃសម្រាប់ការងារអ្នកបង្វឹកម្នាក់ យ៉ាងហោចណាស់មានមនុស្សទទួលសេវាបីនាក់ក្នុងមួយក្រុម ប៉ុន្តែមិនឱ្យលើសពីប្រាំបីនាក់ឡើយរួមទាំងអ្នកផង។ [[ផ្នែក 4851(r).]] ត្រូវតែធ្វើឱ្យប្រាកដថា សេវាបឋម ឬ សេវាកំពុងដំណើរការដែលអ្នកអាចនឹងត្រូវការដើម្បីជួយដល់អ្នកឱ្យរក្សាបាននូវការងាររបស់អ្នកត្រូវបានរាយនៅក្នុង IPP ឬ IHSP របស់អ្នក។
(9.27) តើខ្ញុំអាចទទួលបាននូវការកែសម្រួលសមស្របនៅកន្លែងការងាររបស់ខ្ញុំទេ?
នៅក្នុងច្បាប់ពលរដ្ឋអាមេរិកាំងមានពិការភាព (ADA) “ការកែសម្រួលសមស្រប” ជាការកែសម្រួល ឬ កែតម្រូវដែលអនុញ្ញាតឱ្យអ្នកបំពេញបាននូវមុខងារជាចាំបាច់នៃការងាររបស់អ្នកបាន។ ការកែសម្រួលសមស្របអាចជា៖
- ពេលវេលាឈប់ពីការងារសម្រាប់ការណាត់ជួបជាមួយគ្រូពេទ្យ
- កាលវិភាគធ្វើការមានលក្ខណៈបត់បែន ដើម្បីឱ្យអ្នកអាចធ្វើការបានច្រើនម៉ោងនៅ “ថ្ងៃល្អ” និងតិចម៉ោងនៅពេលចាំបាច់
- លុបចេញនូវមុខងារទាំងឡាយណាដែលមិនចាំបាច់ពីការពិពណ៌នាការងាររបស់អ្នក
- ឧបករណ៍បច្ចេកវិទ្យា
- បន្ទប់ទឹកដែលអាចចេញចូលបាន ឬ
- ការអប់រំ ឬ ការផ្តល់ព័ត៌មានពីមិត្តរួមការងាររបស់អ្នក។
ច្បាប់ ADA មិនកំណត់ថា និយោជកត្រូវជួលចំនួនជាក់លាក់នៃអ្នកមានពិការភាពទេ។ វាចែងថា និយោជកត្រូវផ្តល់ដល់អ្នកពិការភាពនូវឱកាសការងារដូចគ្នាទៅនឹងនិយោជិតដែលពុំមានពិការភាពដែរ។ អ្នកត្រូវតែមានសមត្ថភាពបំពេញនូវមុខងារចាំបាច់ទាំងឡាយនៃការងាររបស់អ្នក ដោយមាន ឬ ពុំមានការកែសម្រួលសមស្រប ដែលត្រូវបានការពារដោយច្បាប់ ADA។ ប្រសិនបើអ្នកមិនអាចបំពេញមុខងារចាំបាច់នានានៃការងាររបស់អ្នកបានទេ សូម្បីតែមានការកែសម្រួលសមស្របហើយក៏ដោយ នោះនិយោជកមិនចាំបាច់ត្រូវជួលអ្នក ឬ ផ្តល់នូវការកែសម្រួល សមស្របនោះទេ។
បើទោះជាក្នុងករណីដែលការគាំពារការងាររបស់អ្នកត្រូវការនោះធំជាងអ្វីដែលច្បាប់ ADA តម្រូវឱ្យនិយោជកត្រូវផ្តល់ក៏ដោយ ក៏អ្នកអាចនឹងនៅតែអាចធ្វើការនៅទីនោះបាន ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់ ឬ DOR ផ្តល់នូវការគាំពារនោះ។
សម្រាប់ព័ត៌មានបន្ថែមអំពីការកែសម្រួលសមស្រប និងសំណួរទាំងឡាយផ្សេងទៀត អំពីការងាររបស់អ្នក សូមទាក់ទងទៅកាន់អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា។
(9.28) តើចំណូលពីការងាររបស់ខ្ញុំនឹងប៉ះពាល់ដល់អត្ថប្រយោជន៍ ពិការភាពរបស់ខ្ញុំដែរឬទេ?
ប្រហែលជាអាច។ អ្នកចាំបាច់ត្រូវរាយការណ៍ពីប្រាក់ចំណូលដែលអ្នករកបាន ប្រសិនបើអ្នកទទួលបាននូវអត្ថប្រយោជន៍ជាក់លាក់នោះ។ ប្រសិនបើអ្នកទទួលបានអត្ថប្រយោជន៍សន្តិសុខសង្គម ឬ អត្ថប្រយោជន៍ Medi-Cal នោះ សូមសុំជំនួយពីកម្មវិធីផ្តល់នីតិសម្បទាការងារ ឬ ការងារដែលទទួលបាននូវកិច្ចគាំពារឱ្យធ្វើផែនការ អត្ថប្រយោជន៍របស់អ្នក។ ប្រាក់ដែលអ្នករកបានអាចនឹងប៉ះពាល់ដល់អត្ថប្រយោជន៍ របស់អ្នក។ សូមពិភាក្សាជាមួយនឹងអ្នកសម្របសម្រួលសេវារបស់អ្នក ឬ អ្នកធ្វើផែនការអត្ថប្រយោជន៍សាធារណៈមុននឹងអ្នកចាប់ផ្តើមធ្វើការងារ ដើម្បីពិភាក្សាអំពីអត្ថប្រយោជន៍សំខាន់ៗដូចជាចំណូលបន្ថែមពីរបបសន្តិសុខ (SSI), ចំណូលរបបសន្តិសុខសង្គមសម្រាប់ពិការភាព (SSDI), Medi-Cal, Medicare, ការធានាសុខភាព ផ្សេងទៀត ការទទួលបានទីជម្រកក្នុងផ្នែកទី 8 សេវាគាំពារតាមផ្ទះ (IHSS) ឬ កម្មវិធី អាហារកិច្ចជាដើម។ ចូររៀបចំផែនការទុកជាមុន ធ្វើបែបនេះអ្នកនឹងមិនបាត់បង់ អត្ថប្រយោជន៍របស់អ្នក។
ឧទាហរណ៍ អ្នកអាចសុំឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ជួយធ្វើឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបាននូវអត្ថប្រយោជន៍សន្តិសុខសង្គម ដោយផ្អែកទៅលើប្រវត្តិការងាររបស់ឪពុកម្តាយរបស់អ្នកបាន។ អ្នកអាចនឹងត្រូវការជំនួយពីមជ្ឈមណ្ឌល ថ្នាក់តំបន់ ឬ ការងារដែលទទួលបាននូវកិច្ចគាំពារ ឬ កម្មវិធីផ្តល់នីតិសម្បទាដើម្បីរៀបចំឯកសារការងារទាំងឡាយណាដែលបានទទួលឧបត្ថម្ភធន ឬ លក្ខខណ្ឌពិសេស។ នេះជារឿងសំខាន់ប្រសិនបើប្រាក់ចំណូលរបស់អ្នកលើសពីកម្រិតសកម្មភាពទទួលបានពេញលេញពីរបបសន្តិសុខសង្គម (SGA) ប៉ុន្តែគួរតែអាចទូទាត់គ្នាបានដោយការឧបត្ថម្ភធន ឬ លក្ខខណ្ឌពិសេស ធ្វើដូចនេះអ្នកនឹងមិនបាត់បង់ (ឬ មិនអាចទទួលបាន) អត្ថប្រយោជន៍ទាំងនោះឡើយ។
(9.29) តើប្រភេទនៃសកម្មភាពសម្រាកកាយប្រភេទអ្វីដែលមជ្ឈមណ្ឌលថ្នាក់តំបន់ជួយឱ្យអ្នកមានពិការភាពផ្នែកការ លូតលាស់ពេញចិត្តនោះ?
មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែគោរពតាមជម្រើសរបស់អ្នក និងជួយអ្នកឲ្យទទួលបាននូវពេលវេលាសម្រាកលំហែ។ [[ផ្នែក 4502.1.]] ការសម្រាកលំហែនិងសកម្មភាពកម្សាន្ត គឺជាផ្នែកដ៏សំខាន់មួយនៃជីវិតរបស់អ្នក។ អ្នកអាចធ្វើនូវរឿងជាច្រើន ដូចជា៖
- លេង ឬ មើលកីឡា។
- លេងកីឡាជាមួយនឹងអ្នកដែលពុំមានពិការភាពនៅក្នុងព្រឹត្តិការមួយ ឬ សម្ព័ន្ធ កីឡា។
- លេងកីឡាជាលក្ខណៈអូឡាំពិកពិសេស ឬ សម្ព័ន្ធកីឡាផ្សេងទៀតសម្រាប់អ្នកមានពិការភាព។
- ទៅចូលរួមការប្រគំតន្ត្រី ឬ សួនកម្សាន្ត ឬ ភោជនីយដ្ឋាន។
- ទៅដើរទិញអីវ៉ាន់ ឬ ទៅក្លឹបហាត់ប្រាណ ឧទ្យាន ឬ ឆ្នេរសមុទ្រ។
អ្នកដឹងច្បាប់ពីអ្វីដែលអ្នកត្រូវការដើម្បីរីករាយជាមួយនឹងពេលទំនេររបស់អ្នក។ គិតអំពីអ្វីៗដែលអ្នកចង់ធ្វើ។ បញ្ចូលវាជាមួយនឹងការគាំពារទាំងឡាយដែលអ្នកត្រូវការ នៅក្នុង IPP របស់អ្នក។
មជ្ឈមណ្ឌលថ្នាក់តំបន់មិនចាំបាច់ត្រូវបង់ថ្លៃសម្រាប់សកម្មភាពដែលអ្នកចង់ធ្វើទេ។ ប៉ុន្តែ វាត្រូវតែផ្តល់ដល់អ្នកនូវការគាំពារទាំងឡាយដេលអ្នកត្រូវការដើម្បីធ្វើសកម្មភាព នោះ។ ឧទាហរណ៍ ប្រសិនបើអ្នកទៅមើលការប្រកួតបាល់បេស្ស៍ប័លនោះ អ្នកត្រូវការទិញសំបុត្រ អាហារ និងវត្ថុអនុស្សាវរីយ៍ដោយខ្លួនឯង។ ប៉ុន្តែមជ្ឈមណ្ឌលថ្នាក់តំបន់អាចបង់ថ្លៃសម្រាប់អ្នកដែលទៅជាមួយអ្នកបាន និងសម្រាប់ការធ្វើដំណើរ ប្រសិនបើចាំបាច់សម្រាប់គោលដៅសកម្មភាពកែកម្សាន្តរបស់អ្នកដែលមាននៅក្នុង IPP របស់អ្នក។ ប្រសិនបើអ្នកត្រូវការការកែសម្រួលសមស្របមួយនោះ មជ្ឈមណ្ឌលថ្នាក់តំបន់អាចជួយអ្នកឱ្យទទួលបានវាពីបុគ្គលណាម្នាក់ដែលរៀបចំសកម្មភាពនោះ។ ប្រសិនបើការកែសម្រួលសមស្របនោះវាច្រើនលើសលប់ពេក ឬ ប្រសិនបើវាប្តូរលក្ខណៈដើមនៃសកម្មភាពនោះ មជ្ឈមណ្ឌលថ្នាក់តំបន់អាចផ្តល់នូវការកែសម្រួលសមស្របនោះបាន។ មជ្ឈមណ្ឌលថ្នាក់តំបន់ក៏អាចបណ្តុះបណ្តាល និងបង្រៀនអ្នកពីជំនាញសង្គម ឬ ចល័ត ឬ ផ្តល់សេវាធ្វើដំណើរ ដើម្បីឱ្យអ្នកអាចទៅលេងជាមួយមិត្តភក្តិ បាន។
(9.30) តើការកែសម្រួលសមស្របតម្រូវឱ្យជួយដល់ខ្ញុំពេញចិត្តចំពោះសកម្មភាពសម្រាកកាយនិងកែកម្សាន្តទេ?
អ្នកអាចទទួលបាននូវ ការកែសម្រួលសមស្របសម្រាប់សកម្មភាពកែកម្សាន្ត និងសកម្មភាពសម្រាកកាយបាន។ ប៉ុន្តែ អ្នកត្រូវតែបំពេញបានជាដំបូងនូវលក្ខខណ្ឌតម្រូវពី “សិទ្ធិទទួលបានជាចាំបាច់”នៃសកម្មភាព។ នេះមានន័យថា ជាមួយនឹងការកែសម្រួលសមស្របមួយ អ្នកអាចចូលរួម និងទទួលបានអត្ថប្រយោជន៍ពីសកម្មភាព ដូចមនុស្សដែលពុំមានពិការភាពអាចទទួលបានដែរ។ ការកែសម្រួលសមស្របសម្រាប់សកម្មភាពកែកម្សាន្ត ឬ សម្រាកកាយរួមមាន៖
- ការកែប្រែនៅក្នុងគោលនយោបាយ
- បុគ្គលិកបន្ថែម
- អ្នកបកប្រែភាសា ឬ ជំនួយផ្សេងទៀត ប្រសិនបើអ្នកថ្លង់ ឬពិបាកស្តាប់។
- ឯកសារអក្សរស្ទាប ឬ ឯកសារព្រីនជាអក្សរធំៗ ប្រសិនបើអ្នកមានបញ្ហាក្នុងការមើល
- ឧបករណ៍ជំនួយ
អ្នករៀបចំ ឬ អ្នកឧបត្ថម្ភទៅលើសកម្មភាពត្រូវតែផ្តល់នូវការសម្របសម្រួលដ៏សមស្របមួយដែលអ្នកត្រូវការ លើកលែងតែវាថ្លៃពេក ពិបាកពេក ឬ នឹងផ្លាស់ប្តូរ “លក្ខណៈដើមជាគ្រឹះ” នៃសកម្មភាព។ អ្នករៀបចំសកម្មភាពមិនអាចគិតថ្លៃបន្ថែមសម្រាប់សកម្មភាពរបស់អ្នក ព្រោះតែអ្នកត្រូវការការកែសម្រួលសមស្របនោះទេ។
(9.31) តើកម្មវិធី ឬ សកម្មភាពអាចបដិសេធមិនដាក់បញ្ចូលរូបខ្ញុំដោយសារតែហេតុផលពិការភាពរបស់ខ្ញុំប៉ះពាល់ដល់ខ្ញុំបានទេ?
កម្មវិធី ឬសកម្មភាពមិនអាចបដិសេធអ្នកចំពោះហានីភ័យត្រូវទទួលខុសត្រូវបានទេ។ កម្មវិធីត្រូវតែវាយតម្លៃដើម្បីសម្រេចថាតើអ្នកជាហានីភ័យនោះឬអត់ ធ្វើការពិចារណាទៅលើសមត្ថភាពនិងបទពិសោធន៍របស់អ្នក។ ការវាយតម្លៃត្រូវរកឱ្យ ឃើញថាតើការកែសម្រួលសមស្រប ដូចជាការផ្លាស់ប្តូរគោលនយោបាយ និងឧបករណ៍ជំនួយ នឹងបន្ថយហានីភ័យរបស់អ្នកគ្រប់គ្រាន់សម្រាប់ឱ្យអ្នកចូលរួមបានទេ។
បើទោះបីជាពិការភាពប៉ះពាល់ដល់ឥរិយាបថរបស់អ្នកក៏ដោយ ក៏កម្មវិធីអាចត្រឹមតែដកអ្នកចេញពីសកម្មភាពប្រសិនបើឥរិយាបថរបស់អ្នកមានការគំរាមកំហែងដោយផ្ទាល់ទៅលើអ្នកដទៃនោះ។ ឥរិយាបថរំខាន ឬ គួរឱ្យធុញទ្រាន់មិនគំរាមកំហែងដល់រាងកាយអ្នកដទៃទេ។ អ្នកត្រូវតែមានការវាយតម្លៃមួយមុននឹងកម្មវិធីអាចដកអ្នកចេញពីសកម្មនេះបាន។ ការវាយតម្លៃត្រូវពិចារណាថាតើការកែសម្រួលសមស្រប អាចបន្ទាបការគំរាមកំហែងបានទេ។ ការកែសម្រួលសមស្របអាចជាការផ្លាស់ប្តូរទៅលើនីតិវិធី ឬ វិធានច្បាប់ ការបណ្តុះបណ្តាលបុគ្គលិក ការបន្ថែមបុគ្គលិក ឬ ការអភិវឌ្ឍផែនការឥរិយាបថសម្រាប់ដោះស្រាយបញ្ហាឥរិយាបថ។ កម្មវិធីត្រូវផ្តល់ដល់អ្នកនូវការកែសម្រួលសមហេតុផលដែលអ្នកត្រូវការ លើកលែងតែវាថ្លៃពេក ពិបាកពេក ឬ អាចនឹងផ្លាស់ប្តូរខ្លាំងពេកទៅលើសកម្មភាព ឬកម្មវិធី។
(9.32) តើខ្ញុំអាចទទួលបានជំនួយនៅក្នុងការរៀនពីរបៀបបង្កើត និងរក្សាទំនាក់ទំនងឱ្យបានល្អនិងថែមទាំងពីរបៀបក្លាយជាឪពុកម្តាយដ៏ប្រសើរបានទេ?
អ្នកមានសិទ្ធិមានទំនាក់ទំនង អាចរៀបការ និងមានកូននិងក្រុមគ្រួសារបាន។ ដើម្បីជួយដល់អ្នក មជ្ឈមណ្ឌលថ្នាក់តំបន់អាចផ្តល់បាន៖
- ការបណ្តុះបណ្តាលពីជីវិតផ្លូវភេទ
- ការប្រឹក្សាយោបល់ក្រុមគ្រួសារ និងសេវាកម្មគាំពារ
- ការបណ្តុះបណ្តាលបំណិនចិញ្ចឹមកូន
- ការពារពីការបៀតបៀននិងពីការចោទប្រកាន់ពីអំពើបៀតបៀន
- ជួយឱ្យជួបជុំក្រុមគ្រួសារ
- ការរស់នៅដែលទទួលបានការគាំពារសម្រាប់អ្នកនិងកូនៗរបស់អ្នក ប្រសិនបើអ្នកជាឪពុកម្តាយដែលមានពិការភាពផ្នែកការលូតលាស់។ [[ផ្នែក 4687.]]
(9.33) តើខ្ញុំអាចទទួលបានជំនួយការធ្វើដំណើរទេ?
ប្រសិនបើអ្នកត្រូវការសេវាធ្វើដំណើរ សូមបញ្ចូលវាទៅក្នុង IPP របស់អ្នក។ មជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកអាចនឹងជួយដល់អ្នកឱ្យទទួលបាននូវការគាំពារការធ្វើដំណើរ។ [[ផ្នែក 4512(b).]] ឧទាហរណ៍ មជ្ឈមណ្ឌលថ្នាក់តំបន់អាចជួយដល់អ្នកឱ្យប្រើមធ្យោបាយធ្វើដំណើរសាធារណៈ។ មជ្ឈមណ្ឌលថ្នាក់តំបន់អាចបង្រៀនអ្នកឱ្យប្រើមធ្យោបាយធ្វើដំណើរដោយឯករាជ្យតាមដែលអាចធ្វើបាន។ ករណីនេះហៅថាការបណ្តុះបណ្តាលពីការចល័តទី។ អ្នកអាចរៀនពីរបៀបប្រើប្រាស់រថយន្តក្រុង ឬ របៀបដើរទៅសាលា ទៅហាងទំនិញ ឬ ទីកន្លែងដទៃផ្សេងទៀត។ ករណីគួរតែត្រូវបានដាក់បញ្ចូលទៅក្នុងផែនការទទួលបានការធ្វើដំណើរ។ ខណៈដែលមជ្ឈមណ្ឌលថ្នាក់តំបន់អាចជួយដល់អ្នកបានជាមួយនឹងមធ្យោបាយធ្វើដំណើរ ច្បាប់ Lanterman ដាក់កំហិតទៅលើសេវាកម្ម។ សូមមើល សំណួរបន្ទាប់។
(9.34) តើមានការកំហិតអ្វីខ្លះមកលើសេវាធ្វើដំណើរផ្តល់ដោយ មជ្ឈមណ្ឌលថ្នាក់តំបន់?
មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចបង់ថ្លៃធ្វើដំណើរឯកជន ឯកទេសសម្រាប់មនុស្សពេញវ័យដែលអាចប្រើមធ្យោបាយធ្វើដំណើរសាធារណៈបានដោយសុវត្ថិភាពនោះទេ។ [[ផ្នែក 4648.35(a).]] ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់បានបង់ថ្លៃសម្រាប់ការធ្វើដំណើរឯកជន ឯកទេសសម្រាប់អ្នកទៅនិងមកពីការម្មវិធីពេលថ្ងៃ ឬ ការងារនោះ ពួកគេត្រូវអភិវឌ្ឍផែនការទទួលបានការធ្វើដំណើរមួយប្រសិនបើអ្នកអាចប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈបាន ហើយវាមានផ្តល់ជូននោះ។ [[ផ្នែក 4646.5(a)(7)(A).]] ប៉ុន្តែផែនការត្រូវតែរួមបញ្ចូលនូវសេវាកម្មនិងការគាំពារដល់អ្នកដែលត្រូវការដើម្បីជួយអ្នកឱ្យប្រើមធ្យោបាយសាធារណៈ។ [[ផ្នែក 4646.5(a)(7)(B).]]
មិនថាមជ្ឈមណ្ឌលថ្នាក់តំបន់បង់ថ្លៃការធ្វើដំណើរឯកជន ឬ ការគាំពារដែលអ្នកត្រូវការដើម្បីទទួលបានការធ្វើដំណើរតាមមធ្យោបាយសាធារណៈនោះទេ វាអាចជួយបង់ឱ្យអ្នកបានតែសម្រាប់សេវាកម្មដែលថោកបំផុត ដែលបំពេញបានទៅតាមតម្រូវការ។ [[ផ្នែក 4646.5(a)(7)(B) និង 4648.35(b)&(c).]]
ជាមួយគ្នានោះដែរ ច្បាប់ក៏បានចែងថាមជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចទិញសេវាការបណ្តុះបណ្តាលការចល័តទី និងសេវាដែលពាក់ព័ន្ធការធ្វើដំណើរបានទេ ប្រសិនបើអ្នកអាចទទួលបានសេវាកម្មទាំងនេះពីមណ្ឌលសិក្សាធិការរបស់អ្នកនោះ។ អ្នកអាចទទួលបានសេវាទាំងនោះពីសាលាបានទេ ប្រសិនបើអ្នកមានអាយុពី 18 ដល់ 22ឆ្នាំនោះ ដែលមានសិទ្ធិទទួលបានសេវាកម្មសម្រាប់ការអប់រំពិសេសនិងសេវាពាក់ព័ន្ធនានា និងមិនបានទទួលសញ្ញាបត្រ ឬ វិញ្ញាបនបត្រនៃការបញ្ចប់ការសិក្សានៅឡើយ នោះ។ [[ផ្នែក 4648.55(a).]]
(9.35) តើការផ្លាស់ប្តូរពីសាលាទៅកាន់សេវាមនុស្សពេញវ័យដំណើរការទៅយ៉ាងដូចម្តេច?
មណ្ឌលសិក្សាធិការត្រូវចាប់ផ្តើមធ្វើផែនការផ្លាស់ប្តូរសម្រាប់សិស្សដែលមាន ពិការភាពផ្នែកការលូតលាស់នៅអាយុ 16ឆ្នាំ។ ផែនការផ្លាស់ប្តូរកើតឡើងក្នុងកិច្ចប្រជុំកម្មវិធីអប់រំជាលក្ខណៈបុគ្គល (IEP) និងរួមបញ្ចូលនូវការវាយតម្លៃ និងគោលដៅពាក់ព័ន្ធនានាទៅនឹងការបណ្តុះបណ្តាល ការអប់រំបន្ត ការងារ និងជំនាញរស់នៅ ដោយឯករាជ្យ។ [[ក្រមស្តីពីការអប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 56345(a)(8).]] មណ្ឌលសិក្សាធិការរបស់អ្នកបង់ថ្លៃសម្រាប់សេវាផ្លាស់ប្តូរទាំងនេះដរាបណាអ្នកនៅជាសិស្ស មានអាយុរហូតដល់ 22ឆ្នាំ។ [[ក្រមស្តីពីការអប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 56026 (c)(4) និង 56026.]]
ពិតមែនតែមជ្ឈមណ្ឌលក្នុងតំបន់មិនផ្តោតជាទូទៅលើសេវាផ្លាស់ផ្ទេរនានានៅក្នុងកម្មវិធី IEP របស់អ្នកក្តី ក៏ពួកគេពិតជាត្រូវចូលរួមនៅក្នុងការធ្វើផែនការផ្លាស់ផ្ទេរនេះដែរ។ [[ផ្នែក 4648.55(a).]] សូមមើល សំណួរបន្ទាប់។ (9.36). អ្នកអាចសុំឲ្យសាលារៀនអញ្ជើញអ្នកសម្របសម្រួលសេវារបស់អ្នកមកចូលរួមជាផ្នែកមួយនៃក្រុមការងារ IEP ដើម្បីជួយដល់ការរៀបចំផែនការផ្ទេរផ្លាស់។ ពួកគេក៏អាចអញ្ជើញនាយកដ្ឋានស្តារនីតិសម្បទា (DOR) ឱ្យមកចូលរួមពិភាក្សាពីជម្រើសវិជ្ជាជីវៈនានាបានផងដែរ។ មជ្ឈមណ្ឌលថ្នាក់តំបន់អាចជួយអ្នកអភិវឌ្ឍន៍គោលដៅផ្លាស់ប្តូរ IEP របស់អ្នក និងជ្រើសរើសសេវាកម្មដើម្បីជួយដល់អ្នកឱ្យឈានទៅដល់គោលដៅទាំងនោះ។ សេវាដែលអ្នកទទួលបានអាស្រ័យទៅលើអ្វីដែលអ្នកត្រូវការនិងចង់ បាន។ សេវារបស់អ្នកអាចជាបទពិសោធន៍សហគមន៍ ការអភវិឌ្ឍន៍ការងារ និងគោលដៅផ្សេងទៀតសម្រាប់ជីវិតរបស់អ្នកក្នុងនាមជាមនុស្សពេញវ័យ។ អ្នកអាចទទួលបានការបណ្តុះបណ្តាលនៅក្នុងជំនាញរស់នៅប្រចាំថ្ងៃ និងការវាយតម្លៃដើម្បីឱ្យដឹងពីអ្វីដែលជាភាពខ្លាំងនិងសមត្ថភាពរបស់អ្នក (មានឈ្មោះថាការវាយតម្លៃ មុខងារវិជ្ជាជីវៈ)
(9.36) តើមជ្ឈមណ្ឌលថ្នាក់តំបន់អាចផ្តល់សេវាមនុស្សពេញ វ័យមុនខ្ញុំផ្លាស់ប្តូរចេញពីសាលាបានទេ?
ប្រសិនបើអ្នកជាសិស្សទទួលការអប់រំពិសេស មជ្ឈមណ្ឌលថ្នាក់តំបន់នឹងរំពឹងថាអ្នកប្រើសេវាដែលផ្តល់ដោយមណ្ឌលសិក្សាធិការក្នុងមូលដ្ឋានរបស់អ្នករហូតដល់អ្នកមានអាយុ 22ឆ្នាំ បើមិនដូច្នោះទេ អ្នកបានទទួលសញ្ញាបត្រ ឬ វិញ្ញាបនបត្របញ្ចប់ការងារសិក្សាហើយ។ មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចទិញសេវាទាំងនេះសម្រាប់អ្នកបានទេ ប្រសិនបើអ្នកមានអាយុចន្លោះ 18-22ឆ្នាំ ហើយមិនទាន់ទទួលបានសញ្ញាបត្រ ឬ វិញ្ញាបនបត្រទេនោះ៖
- កម្មវិធីពេលថ្ងៃ
- ការអប់រំវិជ្ជាជីវៈ
- សេវាការងារ
- កម្មវិធីរស់នៅដោយឯករាជ្យ និង
- ការបណ្តុះបណ្តាលអំពីចល័តភាព និងមធ្យោបាយដឹកជញ្ជូនដែលពាក់ព័ន្ធ។ [[ផ្នែក 4648.55(a).]]
ទោះជាយ៉ាងណា មជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងទិញសេវាទាំងនេះប្រសិនបើអ្នកបំពេញបានទៅនឹងការរំពឹងទុក ឬ ការលើកលែងដូចខាងក្រោម។ អ្នកអាចទទួលបានសេវាទាំងនេះប្រសិនបើ៖
- ក្រុមការងារ IPP កំណត់ថា តម្រូវការរបស់អ្នកមិនអាចបំពេញបានដោយប្រព័ន្ធអប់រំទេនោះ។
- ក្រុមការងារ IPP របស់អ្នកសម្រេចថា ធនធានទូទៅដែលមានផ្តល់ជូនអ្នកតាម រយៈមណ្ឌលសិក្សាធិការរបស់អ្នកមិនសមស្របឆ្លើយតបទៅនឹងតម្រូវការរបស់អ្នក (ករណីលើកលែង “ស្ថានភាពពិសេស” ទេនោះ ឬ
- អ្នកកំពុងស្ថិតនៅក្នុងកម្មវិធីហាត់ការដែលទទួលបានប្រាក់ឈ្នួល ឬ កំពុងស្ថិតក្នុងកម្មវិធីការងារដែលមានលក្ខណៈប្រកួតប្រជែងធ្វើសមាហរ័ណកម្មដែលជាលទ្ធផលនៃការដែលទទួលបានប្រាក់ឈ្នួលនោះ។
ប្រសិនបើអ្នកស្ថិតនៅក្នុងការហ្វឹកហាត់ការងារដែលទទួលបានប្រាក់ឈ្នួល ឬការងាររួមបញ្ចូលគ្នាដែលមានការប្រកួតប្រជែង អ្នកក៏អាចបន្តទទួលបានសេវាសាលារៀនដែរ (ប្រសិនបើសេវាកម្មទាំងនោះបន្តបំពេញទៅតាមតម្រូវការរបស់ អ្នក)។ [[ផ្នែក 4648.55(d)(1).]] កម្មវិធីហាត់ការមានប្រាក់ឈ្នួលដែលផ្តល់ជូនដោយមជ្ឈមណ្ឌលក្នុងតំបន់ ត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងនេះ៖
- ការបង់ប្រាក់ទៅឲ្យបុគ្គលដែលចូលរួមក្នុងការងារហាត់ការដែលទទួលបានប្រាក់ឈ្នួល មិនត្រូវលើសពី $10,400 ក្នុងមួយឆ្នាំឡើយ។
- ការហាត់ការដែលទទួលបានប្រាក់ឈ្នួល ត្រូវធ្វើឡើងនៅមជ្ឈដ្ឋានការងារក្នុង បរិបទប្រកួតប្រជែងនិងសមាហរ័ណកម្ម។
- ការហាត់ការត្រូវជួយដល់បុគ្គលនោះឲ្យអភិវឌ្ឍជំនាញនានាដែលចាំបាច់ដើម្បីទទួលបានការងារដែលមានប្រាក់ឈ្នួល។
- មជ្ឈមណ្ឌលក្នុងតំបន់ ត្រូវបង្កើនការយល់ដឹងអំពីឱកាសសម្រាប់មនុស្សក្នុងការចូលរួមក្នុងកម្មវិធីហ្វឹកហាត់ការងារដែលទទួលបានប្រាក់ឈ្នួល តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយ និងកិច្ចប្រជុំ IPP។ [[ផ្នែក 4870.]]
(9.37) តើធ្វើដូចម្តេចប្រសិនបើខ្ញុំមានអាយុពី 18 ទៅ 22ឆ្នាំ ប៉ុន្តែខ្ញុំឈប់រៀនហើយ?
ប្រសិនបើអ្នកមានអាយុចន្លោះពី 18 ទៅ 22ឆ្នាំ ហើយឈប់រៀនហើយនោះ សូមកោះប្រជុំ IPP ដើម្បីពិភាក្សាពីសេវាកម្មទាំងឡាយដែលអ្នកត្រូវការ។ អ្នកអាចនឹងទទួលបានសេវាមនុស្សពេញវ័យពីមជ្ឈមណ្ឌលថ្នាក់តំបន់ ដូចជាកម្មវិធីពេលថ្ងៃ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ឬ ការបណ្តុះបណ្តាលជំនាញរស់នៅដោយឯករាជ្យជាដើម។ ប្រសិនបើក្រុមការងារ IPP សម្រេចថា សាលាអាចផ្តល់សេវាទាំងនេះបាន ពេលនោះមជ្ឈមណ្ឌលថ្នាក់តំបន់ ដំបូងត្រូវព្យាយាមរកវាឱ្យអ្នកពីសាលា។ ក្រុមការងារ IPP ក៏គួរតែពិភាក្សាគ្នាផងដែរ ថាតើអ្នកបំពេញបានទៅនឹងការងារដែលមានលក្ខណៈ ប្រកួតប្រជែង ការហាត់ការដែលទទួលបានប្រាក់ឈ្នួល ឬ ករណីលើកលែងក្នុងស្ថានភាពពិសេសណាមួយដែរឬទេ។
ឧបមាថា អ្នកទទួលបានវិញ្ញាបនបត្រនៅអាយុ 20ឆ្នាំ។ នេះមានន័យថា អ្នកមិនអាចទទួលបានសេវាអប់រំពិសេសថែមទៀតទេ រួមទាំងសេវាផ្លាស់ប្តូរផងដែរពីសាលានោះ។ [[ក្រមអប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 56026(c)(4) និង 56026.1.]] មជ្ឈមណ្ឌលថ្នាក់តំបន់ ពោលគឺមិនមែនសាលាទេ ពេលនេះត្រូវទទួលខុសត្រូវចំពោះការទទួលបាន ឬ ការផ្តល់មូលនិធិសម្រាប់សេវានានាដែលពាក់ព័ន្ធនឹងពិការភាពដែលអ្នកត្រូវការ។
ប្រសិនបើអ្នកទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាហើយ អ្នកនៅតែអាចទទួលបានការអប់រំពិសេស និងសេវាផ្លាស់ប្តូរពីមណ្ឌលសិក្សាធិការរបស់អ្នក ពីព្រោះតែអ្នកមិនបានទទួលសញ្ញាបត្រទូទៅនៅឡើយនោះ។ អ្នកគួរតែនៅអាចទទួលបានសេវាកម្ម (កម្មវិធីពេលថ្ងៃ ការអប់រំវិជ្ជាជីវៈ សេវាការងារ សេវារស់នៅដោយឯករាជ្យ និងការបណ្តុះបណ្តាលពីការចល័តភាព និងសេវាធ្វើដំណើរដែលពាក់ព័ន្ធនានា) ពីព្រោះអ្នកបានទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សា។ [[ក្រមអប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 56026(c)(4) និង 56026.1, និងច្បាប់ Lanterman ផ្នែក 4648.55(a).]]
ប្រសិនបើអ្នកឈប់សិក្សានៅអាយុ 18ឆ្នាំ ប៉ុន្តែអ្នកមិនទាន់គ្រប់អាយុ 22 ឆ្នាំនៅឡើយនោះ អ្នកមានជម្រើសមួយចំនួនតូច។ អ្នកអាចត្រឡប់ទៅសាលាវិញដើម្បីទទួលបានសេវាផ្លាស់ប្តូរបន្ថែម ដរាបណាអ្នកនៅជាសិស្សដែលទទួលការអប់រំពិសេសបានចុះឈ្មោះរួច នៅមុនចូលអាយុ 19ឆ្នាំ។ [[ក្រមអប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 56026(c)(4).]] អ្នកអាចស្វែងយល់ថាតើអ្នកមានសិទ្ធិទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាពីមណ្ឌលសិក្សាធិការរបស់អ្នកបានទេ ហើយព្យាយាមទទួលវា។ នេះគួរតែដោះស្រាយឧបសគ្គទាំងឡាយដែលរារាំងអ្នកពីការទទួលបាននូវកម្មវិធីពេលថ្ងៃ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងសេវាផ្សេងទៀតពីមជ្ឈមណ្ឌលថ្នាក់តំបន់។ [[ផ្នែក 4648.55(a).]] ឬ អ្នកអាចសុំឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់ដល់អ្នកនូវសេវាមនុស្សពេញវ័យដែលអ្នកត្រូវការ។ អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា បានរកឃើញថាមានមជ្ឈមណ្ឌលថ្នាក់តំបន់មួយចំនួននឹងផ្តល់សេវាមនុស្សពេញវ័យអាយុចន្លោះពី 18 ដល់ 22ឆ្នាំ ដែលបានបោះបង់ការសិក្សាដោយពុំមានសញ្ញបត្រ ឬ វិញ្ញាបនបត្របញ្ចប់ការសិក្សា ហើយមិនចង់ត្រឡប់ទៅសាលាវិញ។ មជ្ឈមណ្ឌលថ្នាក់តំបន់ផ្សេងទៀត អាចជំរុញឱ្យអ្នកត្រឡប់ទៅមណ្ឌលសិក្សាធិការរបស់អ្នកវិញដើម្បីទទូល សេវាកម្ម។