ច្បាប់ Lanterman គឺជាច្បាប់របស់រដ្ឋកាលីហ្វ័រញ៉ា ដែលផ្ដល់ជូន បុគ្គលទាំងឡាយដែលមានពិការភាពផ្នែកលូតលាស់ នូវសិទ្ធិទទួលបានសេវានិងជំនួយគាំទ្រដែលពួកគេត្រូវការដើម្បីរស់នៅក្នុងជីវិតធម្មតាដោយឯករាជ្យ។ ច្បាប់នេះ ស្ថិតនៅក្នុងក្រមស្ថាប័ន និងសុខុមាលភាពរដ្ឋកាលីហ្វញ៉ា នៅផ្នែក 4500-4906។ នៅពេលណាក៏ដោយដែលអ្នកឃើញពាក្យ “ផ្នែក” នៅក្នុងសៀវភៅណែនាំនេះ ឬនៅក្នុងព័ត៌មានយោងនៅចុងទំព័រ ដោយពុំមានព័ត៌មានដទៃទៀត ពាក្យនេះ គឺសំដៅទៅលើ ផ្នែកនៅក្នុងច្បាប់ Lanterman ។ ផ្នែក 4512(a) មានន័យថា ព័ត៌មាននេះបានមកពី ផ្នែករង (a) នៃផ្នែក 4512 នៃច្បាប់ Lanterman នៅក្នុងក្រមស្ថាប័ន និងសុខុមាលភាព។ដើម្បីអានច្បាប់ Lanterman សូមចុចត្រង់នេះ។
ច្បាប់នេះចែងថា មនុស្សម្នាក់ៗចាំបាច់ត្រូវទទួលបានសេវានិងជំនួយគាំទ្រដែលបំពេញតាមតម្រូវការ និងជម្រើសរបស់ពួកគេ។ ច្បាប់នេះទទួលស្គាល់ថា មនុស្សដែលមានពិការភាពផ្នែកលូតលាស់ អាចនឹងត្រូវការជំនួយដើម្បីបានរស់នៅក្នុងជីវិតពេញលេញ និងប្រកបដោយផលិតភាព។
អង្គនីតិប្បញ្ញត្តិ ថ្លែងថា៖
“បណ្ដុំនៃសេវានិងជំនួយគាំទ្រ គួរត្រូវបង្កើតឡើងឲ្យបានពេញលេញគ្រប់គ្រាន់ដើម្បីបំពេញតាមតម្រូវការ និងជម្រើសរបស់បុគ្គលម្នាក់ៗដែលមានពិការភាពផ្នែកលូតលាស់ ដោយមិនគិតពីអាយុ ឬកម្រិតនៃពិការភាពនោះឡើយ និងនៅតាមដំណាក់កាលនីមួយៗនៃជីវិត និងដើម្បីជួយគាំទ្រការធ្វើសមាហរណកម្មរបស់ពួកគេចូលទៅក្នុងជីវិតធម្មតា នៅក្នុងសហគមន៍។