Medi-Cal បង់ប្រាក់ទូទាត់សេវាថែទាំសុខភាព សម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប និងបុគ្គលដែលមានពិការភាព។ អ្នកប្រើប្រាស់សេវារបស់មជ្ឈមណ្ឌលប្រចាំតំបន់ជាច្រើន មានសិទ្ធិទទួលបានជំនួយគាំទ្រពី Medi-Cal ។ កម្មវិធីរបស់ Medi-Cal ត្រូវគោរពតាមច្បាប់និងបទប្បញ្ញត្តិរបស់រដ្ឋនិងសហព័ន្ធ។
ប្រសិនបើអ្នកគឺជាអ្នកទទួលអត្ថប្រយោជន៍ពី Medi-Cal នោះ Medi-Cal ទំនងជានឹងបង់ប្រាក់ទូទាត់ចំណែកមួយចំនួននៃសេវា ឧបករណ៍ និងការគ្រប់គ្រងករណីរបស់មជ្ឈមណ្ឌលប្រចាំតំបន់របស់អ្នក។ អ្នកប្រហែលជាពុំដឹងថា Medi-Cal កំពុងបង់ប្រាក់ទូទាត់ជំនួសអ្នកនោះឡើយ ពីព្រោះវានៅតែត្រូវអនុវត្តឆ្លងកាត់មជ្ឈមណ្ឌលប្រចាំតំបន់។
ប្រសិនបើ IPP របស់អ្នក រួមបញ្ចូលសេវា ឬឧបករណ៍ដែលជាទូទៅមិនត្រូវគ្របដណ្ដប់ដោយ Medi-Cal ដូចជាការថែទាំជំនួស ឬសេវាគាំទ្រការរស់នៅ នោះ Medi-Cal អាចនឹងបង់ទូទាត់ តាមរយៈការអនុគ្រោះសិទ្ធិសម្រាប់ សេវានៅតាមផ្ទះ និងនៅក្នុងសហគមន៍។ សេវានៃការអនុគ្រោះសិទ្ធិ គឺជាសេវាដែល ជាទូទៅ Medi-Cal ផ្ដល់ជូនបុគ្គល ដែលស្នាក់នៅក្នុងមណ្ឌលថែទាំ តែប៉ុណ្ណោះ និងមិនត្រូវផ្ដល់ជូនអ្នកដែលរស់នៅក្នុងផ្ទះរបស់ខ្លួនគេផ្ទាល់នោះឡើយ។ ការអនុគ្រោះសិទ្ធិនេះ លើកលែងលក្ខខណ្ឌតម្រូវដែលថាមានតែបុគ្គល ដែលស្នាក់នៅក្នុងមណ្ឌលថែទាំតែប៉ុណ្ណោះទើបអាចទទួលបានសេវាទាំងនេះ។
អ្នកប្រើប្រាស់សេវារបស់មជ្ឈមណ្ឌលប្រចាំតំបន់មួយចំនួន អាចទទួលសេវារបស់ Medi-Cal តាមរយៈការអនុគ្រោះសិទ្ធិសម្រាប់សេវាពិការភាពផ្នែកលូតលាស់នៅតាមផ្ទះ និងនៅក្នុងសហគមន៍ ឬ “ការអនុគ្រោះសិទ្ធិ DD”។ ខាងក្រោមនេះគឺជាសេវាមួយចំនួន (មិនមែនទាំងអស់) ដែលអាចទទួលបាន តាមរយៈការអនុគ្រោះនេះ៖
- ការគ្រប់គ្រងករណី
- អ្នករៀបចំផ្ទះ
- សេវាអ្នកជំនួយសុខាភិបាលនៅផ្ទះ
- ការថែទាំជំនួស
- ការស្តារនីតិសម្បទា
- ការភ្សាំទៅនឹងបរិស្ថានដែលអាចចេញចូលបាន
- ការថែទាំប្រកបដោយជំនាញវិជ្ជាជីវៈ
- ការធ្វើដំណើរ
- សម្ភារៈឧបករណ៍ និងបរិក្ខារវេជ្ជសាស្រ្តឯកទេស
- សេវាបំពេញកិច្ចការផ្ទះ
- ប្រព័ន្ធឆ្លើយតបនាគ្រាអាសន្នជាលក្ខណៈបុគ្គល
- ការបណ្ដុះបណ្ដាលគ្រួសារ
- ការថែទាំមនុស្សពេញវ័យនៅក្នុងលំនៅដ្ឋាន
- សេវាដទៃទៀតនៃការអនុគ្រោះនេះ ដែលមានប្រសិទ្ធិភាពនិងចាំបាច់ សម្រាប់បង្ការការបញ្ជូនទៅកាន់ស្ថាប័នថែទាំ៖
- ការសម្របខ្លួនជាមួយនឹងយានយន្ត
- កិច្ចអន្តរាគមន៍នៅពេលមានវិបត្តិ
- កិច្ចអន្តរាគមន៍ចល័តនៅពេលមានវិបត្តិ
- សេវាមណ្ឌលអន្តរាគមន៍គ្រាមានវិបត្តិ
- ការពិគ្រោះយោបល់អំពីអាហារូបត្ថម្ភ
- សេវាអន្តរាគមន៍ទៅលើអាកប្បកិរិយា ដោយរួមមាន ការអភិវឌ្ឍ ការវិភាគ និងតាមដានកម្មវិធី
- សេវាព្យាបាលឯកទេស
មិនមែនគ្រប់អ្នកប្រើបា្រស់សេវារបស់មជ្ឈមណ្ឌលប្រចាំតំបន់ទាំងអស់ ឬសេវារបស់មជ្ឈមណ្ឌលប្រចាំតំបន់ទាំងអស់ ត្រូវបានគ្របដណ្ដប់ដោយ Medi-Cal នោះឡើយ។ អ្នកប្រើប្រាស់សេវារបស់មជ្ឈមណ្ឌលប្រចាំតំបន់មួយចំនួន មិនមានសិទ្ធិទទួលយកការជួយគាំទ្រពី Medi-Cal នោះឡើយ ដោយសារតែប្រាក់ចំណូល ស្ថានភាពអន្តោប្រវេសន៍របស់ពួកគេ ឬដោយសារហេតុផលផ្សេងៗទៀត។ IPP របស់អ្នក គួររៀបរាប់សេវាទាំងអស់ដែលអ្នកត្រូវការ ទោះបីជាមជ្ឈមណ្ឌលប្រចាំតំបន់ មិនបង់ប្រាក់ទូទាត់ សេវាទាំងអស់នោះក៏ដោយ។ ប្រសិនបើ Medi-Cal ឬសាលារៀន បង់ប្រាក់ទូទាត់សេវារបស់អ្នក សេវាទាំងនោះគួរតែត្រូវបានចុះកត់ត្រានៅក្នុង IPP របស់អ្នក។ប៉ុន្តែវិសោធនកម្មនៅក្នុងច្បាប់ Lanterman ចែងថា មជ្ឈមណ្ឌលប្រចាំតំបន់អាចកាត់បន្ថយ ឬបញ្ឈប់សេវាមួយចំនួន។ ប្រសិនបើអ្នកស្ថិតនៅក្នុងកម្មវិធីអនុគ្រោះ DD Waiver ហើយមជ្ឈមណ្ឌលប្រចាំតំបន់របស់អ្នក ព្យាយាម កាត់បន្ថយឬបញ្ឈប់សេវាមួយដែលត្រូវបានអនុម័តនិងកត់ត្រានៅក្នុង IPP របស់អ្នក ចូរអ្នកទាក់ទងទៅកាន់អង្គការ Disability Rights California ។