អ្នកដែលមានពិការភាពផ្នែកការលូតលាស់មានសិទ្ធិផ្ទាល់ខ្លួននិងសិទ្ធិពលរដ្ឋ។ សិទ្ធិទាំងនេះរួមមានសិទ្ធិទទួលបានសេវាកម្មដែលអ្នកមានលក្ខណៈសម្បត្តិស្របច្បាប់អាចទទួលបាន និងសិទ្ធិទទួលបានសេវាទាំងឡាយដែលមាននៅតាមទីតាំងប្រមូលផ្តុំភាគច្រើន។ ការតស៊ូមតិមានន័យថាការបញ្ចេញមតិនិងទាមទារសម្រាប់សិទ្ធិទាំងនេះ។
មជ្ឈមណ្ឌលថ្នាក់តំបន់ – និងទីភ្នាក់ងារសាធារណៈនានា – ត្រូវតែគោរពសិទ្ធិរបស់អ្នក។ ពួកគេត្រូវតែអនុវត្តទៅតាមច្បាប់និងវិធានច្បាប់នានាដែលមានជាធរមាន។ វិធានច្បាប់នានាចែងពីរបៀបទទួលបានសេវាកម្មដែលអ្នកត្រូវការនិងជ្រើសរើសយក។
ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់មិនផ្តល់ដល់អ្នកនូវសេវាកម្មឬការគាំពារទាំងឡាយដែលអ្នកត្រូវទទួលបានទេ អ្នកអាចជំទាស់ (ប្តឹងជំទាស់) ការសម្រេចរបស់ពួកគេបាន។
ចំណុចសំខាន់! មានកាលបរិច្ឆេទកំណត់ចំពោះការប្តឹងជំទាស់។ ប្រសិនបើអ្នកខកខានធ្វើទៅតាមកាលបរិច្ឆេទកំណត់នោះ អ្នកអាចនឹងមិនអាចប្តឹងជំទាស់បានទេ។ សូមមើល ជំពូក 10 សម្រាប់ព័ត៌មានបន្ថែមពីការប្តឹងជំទាស់។
ប្រសិនបើអ្នកនឹងប្តឹងជំទាស់ការសម្រេចចេញពីទីភ្នាក់ងារណាមួយ សូមស្នើសុំកាលបរិច្ឆេទកំណត់សម្រាប់ការដាក់បណ្តឹងជំទាស់។