បោះពុម្ពជំពូកទី 7 ទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 12/04/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 12/04/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://rula.disabilityrightsca.org/km/
ជំពូក 7៖ ការរៀបចំការរស់នៅតាមសហគមន៍សម្រាប់មនុស្សពេញវ័យ
(7.1) តើខ្ញុំសម្រេចពីកន្លែងត្រូវរស់នៅតាមរបៀបណា?
ការពេញចិត្ត ជម្រើស និងក្តីប្រាថ្នារបស់អ្នក គឺជាចំណុចចាប់ផ្តើមសម្រាប់ធ្វើការ សម្រេចិត្តពីទីកន្លែងដែលអ្នកនឹងរស់នៅ។ ធ្វើការសម្រេចពីទីកន្លែងដែលអ្នកចង់រស់នៅគឺជាផ្នែកនៃដំណើរការធ្វើផែនការសម្រាប់ផែនការកម្មវិធីជាលក្ខណៈបុគ្គល (IPP) របស់អ្នក។
អ្នកដែលមានពិការភាពផ្នែកការលូតលាស់រស់នៅតាមមណ្ឌលជាច្រើន។ មណ្ឌលទាំងនេះចាប់ពីទីកន្លែងដែលមានការរឹតបន្តឹងតិចបំផុត (ដូចជាការរស់នៅឯករាជ្យ) ដល់កន្លែងដែលមានការរឹតបន្តឹងខ្លាំងបំផុត (ដូចជាមណ្ឌលដែលមានទំហំធំចាក់សោ ឬ មន្ទីរពេទ្យ)។ ការរៀបចំការរស់នៅផ្សេងទៀតនៅចន្លោះរវាងទីកន្លែងទាំងនោះដែលរួមបញ្ចូលនូវការស់នៅជាមួយឪពុកម្តាយ ឬ សាច់ញាតិ ជាមួយគ្រួសារមួយផ្សេងទៀត ឬ នៅក្នុងផ្ទះមួយក្រុមតូច។ អ្នកមិនត្រូវប្តូរពីមួយទៅមួយមុននឹងអ្នកមានលក្ខណៈរួចរាល់សម្រាប់ទីកន្លែងមានលក្ខណៈចម្រុះ ឬ មិនសូវមានលក្ខណៈ តឹងរ៉ឹង។ គោលដៅនៃច្បាប់ Lanterman Act គឺសម្រាប់អ្នកទាំងឡាយដែលមានពិការភាពផ្នែកការលូតលាស់ ដើម្បីរស់នៅដូចជាអ្នកទាំងឡាយដែលមានអាយុប្រហែលគ្នាដោយពុំមានពិការភាព។ [[ច្បាប់ Lanterman Act ចែងថា សេវាកម្មនិងការគាំពារទាំងឡាយ គួរតែមានផ្តល់ជូនដើម្បីជួយដល់បុគ្គលដែលមានពិការភាពផ្នែកការលូតលាស់ ដើម្បីប៉ាន់ប្រមាណពីបែបផែននៃការរស់នៅប្រចាំថ្ងៃផ្តល់ដល់អ្នកទាំងឡាយដែលពុំមានពិការភាពមានអាយុប្រហាក់ប្រហែលគ្នា។ បញ្ញត្តិ 4501.បុគ្គលទាំងឡាយដែលមានពិការភាពផ្នែកការលូតលាស់ដែលមានសិទ្ធិនិងការទទួលខុសត្រូវស្របច្បាប់ដូចគ្នាត្រូវបានធានាដល់គ្រប់បុគ្គលទាំងអស់ផ្សេងទៀតដោយរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក (United States Constitution) និងច្បាប់ទាំងឡាយ និងរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយរបស់រដ្ឋកាលីហ្វ័រញ៉ា រួមបញ្ចូលទាំងសិទ្ធិដើម្បីសម្រេចការជ្រើសរើសនៅក្នុងការរស់នៅផ្ទាល់ខ្លួនរបស់គេ រួមទាំងទីកន្លែងនិងជាមួយអ្នកដែលពួកគេរស់នៅជាមួយ។ បញ្ញត្តិ 4502(a) និង (b)។ បុគ្គលទាំងឡាយដែលមានពិការភាពផ្នែកការលូតលាស់មានសិទ្ធិទទួលបានការព្យាបាល និងសេវាស្តារនីតិសម្បទា និងការគាំពារនានានៅតាមទីបរិស្ថានដែលមានការរឹតបន្តឹងតិចតួចបំផុតចាំបាច់ដើម្បីសម្រេចនូវគោលបំណងនៃសេវាកម្មទាំងនោះ ហើយសេវាកម្មទាំងឡាយគួរជំរុញដល់សក្តានុពលលូតលាស់របស់បុគ្គល និងតម្រង់ឆ្ពោះទៅសម្រេចនូវជីវិតដែលឯករាជ្យ មានផលិតភាព និងសាមញ្ញបំផុតដែលអាចធ្វើទៅបាន។ បញ្ញត្តិ 4502(b)]]។ អ្នកទាំងឡាយដែលគ្មានពិការភាពរស់នៅក្នុងផ្ទះ និងសហគមន៍ដែលពួកគេជ្រើសរើស ដូច្នេះអ្នកទាំងឡាយដែលមានពិការភាពផ្នែកការលូតលាស់ ក៏គួរតែរស់នៅតាមបែបនោះ។ ជំពូកនេះពិភាក្សាច្រើនបំផុតអំពីជម្រើស ទាំងឡាយដើម្បីរស់នៅតាមសហគមន៍។ វាមិនពិភាក្សាច្រើនអំពីការរស់នៅតាម ទីកន្លែងដែលមានការឹងបន្តឹងខ្លាំងនោះទេ។
(7.2) ប្រសិនបើខ្ញុំចង់រស់នៅក្នុងផ្ទះផ្ទាល់ខ្លួនរបស់ខ្ញុំ តើខ្ញុំត្រូវបង្ហាញថាខ្ញុំអាចរស់នៅដោយខ្លួនឯងបានទេ?
ដើម្បីរស់នៅដោយខ្លួនឯង នៅក្នុងអាផាតម៉ិន ឬ ផ្ទះ អ្នកមានសិទ្ធិទទួលបានសេវានិងការគាំពារពីមជ្ឈមណ្ឌលថ្នាក់តំបន់ដើម្បីជួយអ្នក។ ច្បាប់ចែងថា សេវាកម្មនិងការគាំពារជួយដល់អ្នកទាំងឡាយដែលមានពិការភាពផ្នែកការលូតលាស់ ដើម្បីរស់នៅតាមរបៀបដូចគ្នាដែលអ្នកពុំមានពិការភាពរស់នៅ។ ច្បាប់មិនចែងទៅលើការ ផ្តល់សេវាទៅឱ្យតែអ្នកដែលត្រូវការជំនួយតិចតួចដើម្បីរស់ដោយឯករាជ្យនោះទេ។ ច្បាប់ Lanterman Act ផ្តល់ឱកាសដល់មនុស្សពេញវ័យ មិនថាពិការភាពផ្នែកការលូតលាស់របស់គេមានកម្រិតប៉ុណ្ណាទេ ដើម្បីរស់នៅក្នុងផ្ទះរបស់ពួកគេផ្ទាល់ ឬ ផ្ទះជួលនោះ។ ច្បាប់ចែងថា ការគាំពារគួរតែមានផ្តល់ឱ្យបានញឹកញាប់និងយូរទៅតាមតម្រូវការរបស់ពួកគេ នៅពេលដែលការផ្តល់ឱ្យនោះគឺជាគោលដៅនៃច្បាប់នៃ IPP។ [[បញ្ញត្តិ 4689.]]
គ្រប់គ្នាត្រូវការជំនួយមួយចំនួនដើម្បីរស់នៅ “ដោយឯករាជ្យ។” យើងទាំងអស់គ្នាពឹងផ្អែកលើអ្នកផ្សេង ដូចជាក្រុមគ្រួសារ មិត្តភក្តិ អ្នកជិតខាង អ្នកថែសួន ជាងទឹក និងអ្នកមើលថែកូនសម្រាប់ការគាំពារតិចតួច។ អ្នកអាចនឹងទទួលបានការគាំពារដែលអ្នកត្រូវការដើម្បីរស់នៅបានដោយឯករាជ្យពីក្រុមគ្រួសារ មិត្តភក្តិ និងអ្នកមើលថែទាំដែលត្រូវបានជួលមក។
(7.3) តើប្រភេទនៃសេវារបស់មជ្ឈមណ្ឌលថ្នាក់តំបន់អាចជួយឱ្យខ្ញុំរស់នៅដោយឯករាជ្យនៅក្នុងផ្ទះដែលខ្ញុំមានជាកម្មសិទ្ធិ ឬ ជួល?
សេវាទីមួយរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់ដល់អ្នកដើម្បីរស់នៅបានដោយឯករាជ្យ គឺការបណ្តុះបណ្តាល “បំណិនជីវិតឯករាជ្យ” និង “សេវារស់នៅដោយគាំពារ។”
បំណិនជីវិតឯករាជ្យ
បំណិនជីវិតឯករាជ្យ (ហៅកាត់ខ្លីថា ILS) ជាបំណិនទាំងឡាយដែលអ្នកត្រូវការដើម្បីរស់ដោយឯករាជ្យក្នុងសហគមន៍របស់អ្នក។ កម្មវិធី ILS អាចបង្រៀនបំណិនទាំងនេះ ដូចជាការធ្វើម្ហូប ការសម្អាតផ្ទះ ការថែទាំផ្ទាល់ខ្លួន និងការគ្រប់គ្រងលុយ។ [[មាត្រា 17 Cal. Code Regs. បញ្ញត្តិ 54302(a)(35).]] មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវ ផ្តល់បំណិន ILS ប្រសិនបើវាមាននៅក្នុង IPP របស់អ្នក។ គ្រូបង្រៀនពីបំណិន ILS ជួយដល់អ្នកឱ្យទទួលបាន ឬ រក្សាទុកបាននូវបំណិនទាំងឡាយដើម្បីរស់នៅដោយឯករាជ្យនៅក្នុងផ្ទះជាកម្មសិទ្ធិខ្លួនឯង ឬ ដើម្បីឱ្យកាន់តែឯករាជ្យជាងមុនក្នុងខណៈពេលរស់នៅកន្លែងណាមួយផ្សេង។ [[បញ្ញត្តិ 4688.05.]] អ្នកនឹងទទួលបានរួចហើយនូវបំណិនជួយខ្លួនឯងជាមូលដ្ឋាន ប៉ុន្តែនៅតែត្រូវការបំណិន ILS នៅតាមតំបន់ជាក់លាក់ដើម្បីឱ្យនៅឯករាជ្យបាន។ ឧទាហរណ៍ អ្នកអាចនឹងត្រូវការជំនួយបង់ប្រាក់វិក្កយបត្រ ឬ រៀបចំអាហាររបស់អ្នក។
អ្នកអាចទទួលបានបំណិន ILS នៅក្នុងផ្ទះឪពុកម្តាយរបស់អ្នក ផ្ទះសាច់ញាតិរបស់អ្នក មណ្ឌលដែលមានអាជ្ញាប័ណ្ណ ឬ អាផាតម៉ិនផ្ទាល់ខ្លួនរបស់អ្នក។ អ្នកគួរទទួលបានបំណិន ILS រហូតដល់អ្នករៀនបំណិនទាំងឡាយដែលអ្នកត្រូវការដើម្បីរស់ដោយខ្លួនឯងបាន។ អ្នកក៏អាចប្រើប្រាស់បានផងដែរនូវបំណិន ILS និងគ្រប់គ្រងទៅលើនរណាម្នាក់ដើម្បីជួយដល់អ្នកមើលថែខ្លួនឯង ឬ សកម្មភាពដែលអ្នកមិនអាចធ្វើបានដោយខ្លួនឯង ដែលមិនត្រូវបានផ្តល់ដោយទីភ្នាក់ងារផ្សេងទៀត។
មជ្ឈមណ្ឌលថ្នាក់តំបន់មួយចំនួននិយាយថា អ្នកអាចតែទទួលបានបំណិន ILS នូវចំនួនម៉ោងជាក់លាក់។ ច្បាប់ចែងថា អ្នកមានសិទ្ធិទទួលបានបំណិន ILS បានយូរដរាបណាអ្នកនៅតែត្រូវការ និងអាចបង្ហាញដល់អ្នកនូវអត្ថប្រយោជន៍។ [[In Williams v. Macomber, 226 Cal. App. 3d 225 (1990), តុលាការរកឃើញថា “ការពឹងផ្អែករបស់មជ្ឈមណ្ឌលថ្នាក់តំបន់ទៅលើគោលនយោបាយមិនប្រែប្រួលមិនមានសុគតភាពជាមួយគោលបំណងចែងដោយច្បាប់នៃការផ្តល់សេវា បំពេញបានគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់បុគ្គលដែលមានពិការភាពផ្នែកការលូតលាស់ម្នាក់ៗ’ [បញ្ញត្តិ 4501]។” ដូច្នេះ គោលមធ្យោបាយថ្នាក់តំបន់ដែលរឹតបន្តឹងកំណត់ពេលវេលាទទួលបានសេវាកម្មបំណិន ILS ធ្វើមិនដឹងមិនឮពីតម្រូវការជាលក្ខណៈបុគ្គលរបស់អ្នកផ្ទុយទៅនឹងច្បាប់ Lanterman Act.]] អ្នកអាចនឹងត្រូវឱ្យមានការវាយតម្លៃពីកម្រិតបំណិនរបស់អ្នកបង្ហាញថាអ្នកត្រូវការសេវាកម្មទាំងនេះ។
សេវាគាំពារការរស់នៅ
សេវាគាំពារការរស់នៅ (ហៅកាត់ខ្លីថា SLS) គាំទ្រដល់អ្នកទាំងឡាយដែលមានពិការភាពផ្នែកការលូតលាស់ ដើម្បីឲ្យពួកគេអាចរស់នៅក្នុងផ្ទះ ឬអាផាតម៉ិនផ្ទាល់ខ្លួនរបស់ពួកគេបាន។ SLS មិនសម្រាប់អ្នកទាំងឡាយដែលចង់រស់នៅជាមួយនឹងឪពុកម្តាយ ឬ អ្នកថែទាំ។ [[មាត្រា 17 Cal. Code Regs. បញ្ញត្តិ 58613(a)(2)(B).]] ប៉ុន្តែ អ្នកអាចនឹងមានលទ្ធភាពទទួលបានបំណិន SLS ប្រសិនបើឪពុកម្តាយរបស់អ្នករស់នៅជាមួយ។
អ្នកមិនគួរត្រូវបានបដិសេធការរស់នៅដែលមានការគាំពារតែមួយមុខដោយសារតែកម្រិតនៃប្រភេទពិការភាពដែលអ្នកមាន។ អ្នកគួរទទួលបាននូវសេវាគាំពារដែលអ្នកត្រូវការញឹកញាប់និងយូរតាមដែលអ្នកត្រូវការវាដើម្បីឱ្យអ្នកអាច៖
- រស់នៅក្នុងផ្ទះ ឬ អាផាតម៉ិនដែលអ្នកមានជាកម្មសិទ្ធិ ឬជួល
- ជ្រើសរើសនិងកសាងទំនាក់ទំនងនៅក្នុងសហគមន៍% និង
- រស់នៅដូចមនុស្សពុំមានពិការភាព ច្រើនតាមដែលអាចធ្វើទៅបាន។
[[បញ្ញត្តិ 4689.]]
សេវារបស់អ្នកអាស្រ័យទៅលើតម្រូវការរបស់អ្នកនិងការពេញចិត្ត។ ផែនការ SLS នីមួយៗមានលក្ខណៈខុសគ្នា។ SLS អាចជាសេវាទាំងឡាយណាដែលអ្នកត្រូវការដើម្បីរស់នៅដោយខ្លួនអ្នកបាន។ ឧទាហរណ៍ អ្នកអាចប្រើប្រាស់ SLS ដើម្បីជួយដល់អ្នក៖
- អភិវឌ្ឈន៍ “រង្វង់នៃការគាំពារ” [[“រង្វង់នៃការគាំពារ” មានន័យថាជាក្រុមមនុស្សមិនផ្លូវការ ប៉ុន្តែជាក្រុមដែលអាចកំណត់បាននិងជឿទុកចិត្តបាននៃអ្នកដែលបំពេញបាន និងទំនាក់ទំនងញឹកញាប់ទៅតាមការចាំបាច់ ដើម្បីផ្តល់ការគាំពារដល់អ្នកប្រើប្រាស់សម្រាប់អត្ថប្រយោជន៍របស់អ្នកដែលរង្វង់កើតមានឡើង។ មាត្រា 17, ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា, បញ្ញត្តិ 58601(a)(1)។]]
- ទទួលបានការបណ្តុះបណ្តាលនិងការគាំពារជាបំណិនសង្គម ឥរិយាបថ និងការរស់នៅប្រចាំថ្ងៃ។
- ជ្រើសរើស ជួល និងបណ្តុះបណ្តាលអ្នកទាំងឡាយដើម្បីជួយដល់អ្នកក្នុងការថែទាំផ្ទាល់ខ្លួន
- រៀនបំណិនថ្មីៗទាំងឡាយ
- ត្រូវចូលរួមក្នុងសកម្មភាពកែកម្សាន្ត លំហែរអារម្មណ៍ ស្មារតី ឬ សកម្មភាពទាំងឡាយផ្សេងទៀតនៅក្នុងសហគមន៍ក្នុងមូលដ្ឋានរបស់អ្នក។
- គ្រប់គ្រង ដឹកនាំ និងបញ្ឈប់អ្នកដែលទុកចិត្តបំផុត។
- ទទួលបានការថែទាំវេជ្ជសាស្រ្ត ឬការគាំពារផ្សេងទៀតដែលអ្នកត្រូវការដើម្បីធ្វើសមាហរ័ណកម្មចូលក្នុងសហគមន៍របស់អ្នក និង
- អភិវឌ្ឍន៍គោលដៅការងារ។ [[បញ្ញត្តិ 4689(c).]]
SLS ដែលអ្នកទទួលបានអាចនឹងផ្លាស់ប្តូរនៅពេលដែលតម្រូវការរបស់អ្នកប្រែប្រួល។
(7.4) តើខ្ញុំទទួលបានបំណិន ILS តាមរបៀបណា?
ដើម្បីទទួលបានបំណិន ILS ពីមជ្ឈមណ្ឌលថ្នាក់តំបន់ សូមអនុវត្តតាមជំហានដូចខាងក្រោម៖
សូមមើល ឯកសារបន្ថែម H អំពីរបៀបស្នើសុំការប្រជុំ IPP ។
អ្នកនិងក្រុមការងារ IPP របស់អ្នកនឹងពិភាក្សាគ្នាអំពីការគាំពារនិងសេវាកម្មនានាដែលអ្នកត្រូវការដើម្បីអភិវឌ្ឍបំណិនការរស់នៅដោយឯករាជ្យរបស់អ្នក។ ទីភ្នាក់ងារ ទាំងនេះ អាចជួយដល់អ្នកធ្វើផែនការ ILS របស់អ្នកបាន៖
- មជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នក។
- Department of Developmental Services (DDS) – ទូរសព្ទទៅលេខ (916) 654-2140 ហើយសុំនិយាយជាមួយនរណាម្នាក់ដែលដឹងអំពីបំណិន ILS, ឬបញ្ជាទិញឯកសារបោះពុម្ពរបស់ DDS។
- Disability Rights California
(7.5) តើខ្ញុំអាចទទួលបាន SLS តាមរបៀបណា?
ដើម្បីទទួលបាន SLS អ្នកត្រូវតែមានអាយុយ៉ាងហោចណាស់ 18ឆ្នាំ ហើយចង់រស់នៅក្នុងផ្ទះ ឬ អាផាតម៉ិនដែលអ្នកមានជាកម្មសិទ្ធិ ឬ ជួលគេ។ [[មាត្រា 17 Cal. Code Regs. បញ្ញត្តិ 58613(a).]] ប្រសិនបើអ្នកនឹងមានអាយុចូល 18 ឆាប់ៗ អ្នកអាចស្នើសុំការវាយតម្លៃ SLS នៅឯកិច្ចប្រជុំ IPP បានដើម្បីចាប់ផ្តើមដំណើរការ ដូច្នេះអ្នកអាចប្តូរចូលបាននៅពេលអ្នកមានសិទ្ធិទទួលបាន SLS។
ចំណុចសំខាន់ ! គ្រប់គ្នាមានសិទ្ធិទទួលបាន SLS។ វាប្រឆាំងទៅនឹងច្បាប់ចំពោះការបដិសេធមិនផ្តល់ SLS ដល់នរណាម្នាក់ពីព្រោះតែពួកគេអាចនឹងត្រូវការការជួយគាំពារច្រើននោះ។ [[បញ្ញត្តិ 4689(a)(8) និង មាត្រា 17 Cal. Code Regs. បញ្ញត្តិ 58613(b).]]
ដូចគ្នាទាំងស្រុងទៅនឹងការទទួលបាន ILS ដែរ អនុវត្តទៅតាមជំហានទាំងនេះដើម្បីទទួលបាន SLS៖
- ប្រាប់ដល់ក្រុមការងារ IPP ថាអ្នកចង់បាន SLS
- សុំឱ្យមានការប្រជុំ IPP មួយឡើង
- ស្នើសុំឱ្យមានអ្នកធ្វើសេចក្តីសម្រេចចិត្ត ដែលដឹងអំពី SLS ឱ្យមានវត្តមាននៅក្នុងការប្រជុំ IPP។
សូមមើល ឯកសារបន្ថែម H អំពីរបៀបស្នើសុំការប្រជុំ IPP ។
មជ្ឈមណ្ឌលថ្នាក់តំបន់ខ្លះនឹងសុំឱ្យអ្នកទៅចូលរួមវគ្គតម្រង់ទិសអំពី SLS នៅមុនការប្រជុំ IPP ត្រូវធ្វើឡើង។ ធ្វើបែបនេះអាចជួយដល់អ្នកឱ្យយល់កាន់តែច្បាស់អំពី SLS និងពីរបៀបដែលវាត្រូវផ្តល់ឱ្យ។ ការដែលត្រូវទៅចូលរួមក្នុងវគ្គតម្រង់ទិសនោះ មិនគួរពន្យារដល់ការប្រជុំ IPP របស់អ្នកយូរហួសពេកទេ។
នៅពេលដែល SLS មាននៅក្នុង IPP របស់អ្នកហើយ អ្នកចាំបាច់ត្រូវតែជ្រើសរើសអ្នកផ្តល់ SLS ។ អ្នកមានជម្រើស៖
- អ្នកអាចណែនាំដល់សាច់ញាតិ មិត្តភក្តិ ឬ អ្នកផ្តល់ SLS ដែលអ្នកស្គាល់។ ឬ សម្របសម្រួលសេវាកម្មដោយខ្លួនអ្នកផ្ទាល់។
- អ្នកអាចនឹងស្នើសុំមជ្ឈមណ្ឌលថ្នាក់តំបន់នូវឈ្មោះរបស់ទីភ្នាក់ងារផ្តល់សេវា SLS បាន។ អ្នកអាចសម្ភាសន៍ពួកគេដើម្បីសម្រេចថាតើទីភ្នាក់ងារមួយណាដែលអ្នកពេញចិត្ត។ សូមមើល ឯកសារបន្ថែម O សម្រាប់សំណួរដើម្បីសួរទៅកាន់ទីភ្នាក់ងារ SLS នៅពេលដែលអ្នកសម្ភាសន៍ពួកគេ។
- ប្រសិនបើអ្នកផ្តល់ការអនុញ្ញតរបស់អ្នក មជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងផ្ញើព័ត៌មានអំពីអ្នកទៅកាន់ទីភ្នាក់ងារ SLS មួយចំនួនដើម្បីឱ្យដឹងថាតើទីភ្នាក់ងារមួយណាដែលអាចនិងចាប់អារម្មណ៍ផ្តល់សេវាដល់អ្នក។ អ្នកអាចសម្ភាសន៍ទីភ្នាក់ងារទាំងនោះបាន។
នៅពេលអ្នកជ្រើសអ្នកផ្តល់ SLS ហើយ មជ្ឈមណ្ឌលថ្នាក់តំបន់គួរចាត់ចែងឱ្យអ្នកនូវការវាយតម្លៃ SLS មួយ។ អ្នកផ្តល់ SLS ដែលអ្នកជ្រើសរើសនឹងជាធម្មតាធ្វើការវាយតម្លៃ។ ទោះជាយ៉ាងណា មជ្ឈមណ្ឌលថ្នាក់តំបន់មួយចំនួននឹងមានមនុស្សម្នាក់ផ្សេងធ្វើការវាយតម្លៃនេះ។ ក្រុមការងារ IPP ជាដំបូងនឹងបំពេញ “កម្រងសំណួរវាយតម្លៃស្តង់ដា” នៅពេលធ្វើការអភិវឌ្ឍ ពិនិត្យឡើងវិញ ឬ កែសម្រួលដល់ IPP។ [[បញ្ញត្តិ 4689(p)(1).]] នេះគឺដើម្បីឱ្យប្រាកដថាអ្នកនឹងទទួលបាននូវចំនួនទឹកប្រាក់និងប្រភេទនៃការគាំពារដែលសមស្រប។ កម្រងសំណួរមាននៅលើគេហទំព័រ DDS សូមចុចនៅទីនេះ។
ការវាយតម្លៃ SLS អាចស៊ីពេល ដោយសារតែអ្នកនិងអ្នកវាយតម្លៃត្រូវតែស្គាល់គ្នាជាមុនសិន។ អ្នកវាយតម្លៃនឹងមើលទៅលើសេវាកម្មនិងការគាំពារដែលអ្នកត្រូវការនិងចង់បានដើម្បីរស់នៅក្នុងផ្ទះរបស់អ្នកនិងធ្វើសមាហរ័ណកម្មចូលទៅសហគមន៍របស់អ្នក។ ពួកគេនឹងធ្វើការវាយតម្លៃដ៏ទូលាយមួយដើម្បីឱ្យស្គាល់អ្នកនិងអភិវឌ្ឍផែនការ។ [[បញ្ញត្តិ 4689(p)(2).]]
អ្នកផ្តល់ SLS នឹងសម្របសម្រួលសេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកត្រូវការដើម្បីរស់នៅក្នុងផ្ទះខ្លួនឯង។ សេវានិងការគាំពារទាំងនេះត្រូវបានរាយនៅក្នុងផែនការ IPP និង SLS រួមទាំងសេវាកម្មទាំងឡាយចេញពីទីភ្នាក់ងារទូទៅនានា ឬ ការគាំពារជាលក្ខណៈធម្មជាតិ។ អ្នកផ្តល់មិនត្រូវការអាជ្ញាប័ណ្ណពិសេសដើម្បីផ្តល់ SLS។ អ្នកផ្តល់អាចជាទីភ្នាក់ងារគាំពារការរស់នៅ ឬ សមាជិកក្រុមគ្រួសារ ឬមិត្តភក្តិ។ [[17 Cal. Code Regs. បញ្ញត្តិ 58616.]] អ្នកអាចនឹងសម្របសម្រួលសេវាខ្លួនឯងបាន។
នៅពេលផែនការ SLS បញ្ចប់ភ្លាម អ្នកអាចនឹងត្រូវការការប្រជុំ IPP មួយ។ ប្រសិនបើផែនការ SLS ត្រូវបានអនុម័តនោះ ទីភ្នាក់ងារ SLS អាចជួយអ្នកស្វែងរកទីកន្លែងដើម្បីរស់នៅ ស្វែងរកអ្នកស្នាក់នៅរួមជាមួយ ប្រសិនបើអ្នកត្រូវការ ឬ ចង់បានពួកគេ និងជួលអ្នកគាំពារផ្ទាល់ខ្លួន។ វាអាចប្រើពេលរហូតដល់ទៅប្រាំមួយខែពីពេលដែលអ្នកស្នើសុំ SLS ជាលើកដំបូងរហូតដល់អ្នកប្តូរចូលទៅរស់នៅតាមផ្ទះរបស់អ្នកវិញ។ មជ្ឈមណ្ឌលថ្នាក់តំបន់នឹងមើលថាតើសេវាកម្មរបស់អ្នកល្អប៉ុណ្ណា និងពួកគេដំណើរការបានល្អប៉ុណ្ណា – ថាតើអ្នកផ្តល់នោះជាក្រុមគ្រួសារ មិត្តភក្តិរបស់អ្នក ឬ ជាទីភ្នាក់ងារ SLS ។ [[បញ្ញត្តិ 4689(e).]]
(7.6) តើ SLS បង់ថ្លៃយ៉ាងដូចម្តេច?
នៅក្នុងការចាត់ចែងការរស់នៅដោយមានការគាំពារ អ្នកត្រូវតែប្រើ SSI របស់អ្នក ឬ ចំណូលផ្សេងទៀតដើម្បីបង់ថ្លៃឈ្នួល ឬ ថ្លៃផ្ទះ អាហារ ភ្លើង ទូរសព្ទ ការប្រើប្រាស់ផ្សេងទៀត និងការចំណាយសម្រាប់ការកែកម្សាន្ត។ [[បញ្ញត្តិ 4689(h) & (i).]] មជ្ឈមណ្ឌលថ្នាក់តំបន់បង់ថ្លៃដល់អ្នកផ្តល់ SLS សម្រាប់សេវាកម្មនិងការគាំពារដែលអ្នកចង់បាននិងត្រូវការដើម្បីរស់នៅក្នុងផ្ទះរបស់អ្នកបាន។ ប៉ុន្តែ នៅមុនពេលមជ្ឈមណ្ឌលថ្នាក់តំបន់ឯកភាពទិញសេវាគាំពារការរស់នៅជាពិសេសណាមួយ ក្រុមការងារធ្វើផែនការរបស់អ្នកនឹងពិនិត្យមើលថាតើអ្នកអាចប្រើប្រាស់ “ការគាំពារជាលក្ខណៈធម្មជាតិ” (មិត្តិភក្តិ ឬ ក្រុមគ្រួសារ) និងទីភ្នាក់ងារទូទៅ។ [[បញ្ញត្តិ 4689(f).]] ឧទារណ៍មួយនៃការគាំពារទីភ្នាក់ងារទូទៅគឺជាកម្មវិធី In-Home Supportive Services (IHSS) ខោនធី ដែលបង់ថ្លៃឱ្យពលរដ្ឋដើម្បីផ្តល់ការថែទាំតាមផ្ទះដល់អ្នក។ [[មើល សៀភៅណែនាំរបស់ Disability Rights California អំពី IHSS, “IHSS Fair Hearing និង Self-Assessment Packet.” វាមានផ្តល់ជូននៅលើគេហទំព័ររបស់យើង៖ www.disabilityrightsca.org/PUBS/501301.htm.]]
អ្នកនឹងមានការចំណាយច្រើនបន្ថែមទៀតនៅពេលប្តូរជាដំបូងចូលទៅរស់នៅក្នុងផ្ទះដែលជាកម្មសិទ្ធិខ្លួនឯង។ អ្នក (ឬក្រុមគ្រួសារ ឬ មិត្តភក្តិ) ត្រូវបង់ថ្លៃចំណាយលើការចូលនៅរួមទាំងប្រាក់កក់ គ្រឿងសង្ហារឹម និងរបស់ប្រើប្រាស់ក្នុងផ្ទះ។ ប៉ុន្តែ ប្រសិនបើអ្នកមិនអាចមានលទ្ធភាពចូលនៅ ឬ ការចំណាយជាប្រចាំ ហើយ វានឹងសន្សំលុយរដ្ឋ មជ្ឈមណ្ឌលថ្នាក់តំបន់អាចបង់ថ្លៃចូលនៅ ថ្លៃឈ្នួល ឬ ប្រាក់កក់ថ្លៃទឹកភ្លើង គ្រឿងសង្ហារឹម ឬ ថ្លៃប្រើប្រាស់ទឹកភ្លើង។ [[មាត្រា 17 Cal. Code Regs. បញ្ញត្តិ 58611(b).]] សម្រាប់ការងារនេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវបញ្ជាក់ជាលាយលក្ខណ៍អក្សរថា៖ (1) ការបង់ប្រាក់ដែលចាំបាច់ដើម្បីឆ្លើយតបទៅនឹងការថែទាំពិសេសនិងជាក់លាក់ដែលត្រូវការដូចមានចែងនៅក្នុង IPP និង (2) លក្ខខណ្ឌវេជ្ជសាស្រ្ត ឥរិយាបថ ឬ វិកលចរិតដែលត្រូវបានបញ្ជាក់របស់អ្នកបង្ហាញពីហានីភ័យសុខភាពនិងសុវត្ថិភាពដល់អ្នក ឬ បុគ្គលម្នាក់ផ្សេង។ [[បញ្ញត្តិ 4689(i) (1)(A).]]
មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចបង់ថ្លៃឈ្នួលរបស់អ្នក អចលនទ្រព្យ ការជួល ឬ ការចំណាយក្នុងគ្រួសារសម្រាប់រយៈពេលលើសពីប្រាំមួយខែ លើកលែងតែវាយល់ថាការធ្វើបែបនេះមានសារសំខាន់ដើម្បីបំពេញទៅតាមតម្រូវការរបស់អ្នកនៅក្នុង IPP របស់អ្នក។ មជ្ឈមណ្ឌលថ្នាក់តំបន់នឹងពិនិត្យឡើងវិញទៅលើតម្រូវការរបស់អ្នកនៅក្នុងត្រីមាសនីមួយៗ។ ជាមួយគ្នានេះដែរ នាយកប្រតិបត្តិមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែលើកឡើងជារៀងរាល់ឆ្នាំនៅក្នុងផ្នែកបន្ថែមរបស់ IPP ដែលអ្នកបំពេញបានទៅតាមលក្ខខណ្ឌទាំងពីរសម្រាប់ការលើកឡើង។ [[បញ្ញត្តិ 4689(i)(1)(C).]]
ទីភ្នាក់ងារនិងធនធានផ្សេងទៀតដែលអាចជួយអ្នកធ្វើផែនការសេវា SLS របស់អ្នករួមមាន៖
- មជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នក – មជ្ឈមណ្ឌលថ្នាក់តំបន់មួយចំនួនមានអ្នកសម្របសម្រួល SLS។
- Department of Developmental Services (DDS) – ទូរសព្ទទៅលេខ (916) 654-2140 ហើយសុំនិយាយជាមួយនរណាម្នាក់ដែលដឹងអំពីសេវាគាំពារការរស់នៅ ឬបញ្ជាទិញឯកសារបោះពុម្ពផ្សាយពីការរស់នៅរបស់ DDS។
- Disability Rights California – ស្នើសុំឯកសារបោះពុម្ពអំពីសេវាគាំពារការរស់នៅ។
- Connections for Information and Resources on Community Living (CIRCL) – នេះជាបណ្តាញពលរដ្ឋដែលមានបទពិសោធន៍ច្រើនឆ្នាំជាមួយនឹងការគាំពារការរស់នៅ។ CIRCL ជួយដល់អ្នកដែលគិតអំពីការចាប់ ផ្តើម និងធ្វើឱ្យប្រសើរឡើងនូវសេវាគាំពារការរស់នៅ។ សូមទាក់ទង CIRCL តាមលេខ (626) 447-5477 ឬ (530) 644-6653។ នៅលើអនឡាញសូមមើល allenshea.com។
- California Supported Living Network (CSLN) – CSLN គឺជាបណ្តាញពលរដ្ឋនិងអ្នកផ្តល់សេវានៅក្នុងរដ្ឋកាលីហ្វ័រញ៉ាដែលតស៊ូមតិសម្រាប់សេវាគាំពារការរស់នៅដែលមានគុណភាព។ សូមទាក់ទង CSLN តាម www.ccln.org ឬ តាម (415) 505-5975។
(7.7) តើមានការកម្រិតទៅលើចំនួនទឹកប្រាក់ដែលអាចចំណាយបានទៅលើ SLS ទេ?
ពុំមានការកំណត់ស្របតាមច្បាប់ដើម្បីចំណាយទៅលើថ្លៃចំណាយនៃសេវា SLS របស់អ្នកនោះទេ។ ប៉ុន្តែ ច្បាប់ចែងថាសេវាកម្មនិងការគាំពារទាំងអស់ដែលមជ្ឈមណ្ឌលថ្នាក់តំបន់ទិញ ត្រូវតែ “មានប្រសិទ្ធភាពថ្លៃ។ ”[[បញ្ញត្តិ 4512(b), 4646(a), 4651(a), និង 4685(c)(3).]] មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវទិញសេវាកម្មចេញពីអ្នកផ្តល់ដែលមានតម្លៃទាបជាង ដែលបំពេញបានទៅតាមតម្រូវការរបស់អ្នក។ [[បញ្ញត្តិ 4648(a)(6)(D).]]
ប្រសិទ្ធភាពថ្លៃត្រូវបានត្រូវបានកំណត់ថាជា “លទ្ធផលខ្ពស់បំផុតដែលទទួលបានសម្រាប់ការចំណាយ។” [[មាត្រា 17 Cal. Code Regs. បញ្ញត្តិ 58501(a)(6).]]
គោលដៅរបស់ច្បាប់ Lanterman Act គឺដើម្បីជួយដល់អ្នកដែលពិការភាពផ្នែកការលូតលាស់ដើម្បីរស់បានដូចអ្នកដែលពុំមានពិការភាពដែរ។ មនុស្សពេញវ័យភាគច្រើនដែលពុំមានពិការភាពផ្នែកការលូតលាស់រស់នៅបានដោយឯករាជ្យ។ ដូច្នេះ លុយដែលបានចំណាយទៅលើ SLS ឆ្លើយតបបានទៅនឹងអាទិភាពខ្ពស់បំផុត និងទទួលបានលទ្ធផលច្រើនបំផុតដែលជាបំណងរបស់ច្បាប់ Lanterman Act។
សេវាដែលមានប្រសិទ្ធភាពថ្លៃនៅតែត្រូវបំពេញទៅតាមតម្រូវការ។ នៅពេលធ្វើការជ្រើសរើស “អ្នកផ្តល់សេវាដែលមានតម្លៃទាប” អ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់ពិចារណាអ្នកផ្តល់សេវាដែលសេវារបស់ខ្លួនមានគុណភាពប្រហាក់ប្រហែលគ្នា និងដែលជាអ្នកអាចបំពេញបានទៅតាមតម្រូវការរបស់អ្នក។ [[បញ្ញត្តិ 4648(a)(6)(D).]] ការចំណាយទៅលើ SLS របស់អ្នកមិនត្រូវថ្លៃលើសពីតម្លៃសេវានិងការគាំពារមួយឆ្នាំឡើយនៅក្នុងមណ្ឌលស្នាក់នៅដែលមានអាជ្ញាប័ណ្ណ។ [[មាត្រា 17 Cal. Code Regs. បញ្ញត្តិ 58617.]] ការកម្រិតនេះហៅថា “តម្លៃមធ្យម។” មជ្ឈមណ្ឌលថ្នាក់តំបន់នីមួយៗប្រើប្រាស់វាផ្សេងពីនេះ ប៉ុន្តែពួកគេមិនអាចបញ្ឈប់អ្នកពីការទទួលបាន SLS ទេដោយសារតែ “តម្លៃមធ្យម។”
មជ្ឈមណ្ឌលថ្នាក់តំបន់ និងក្រុមការងារ IPP របស់អ្នកអាចនឹងមើលទៅលើតម្លៃនៅក្នុងការសម្រេចទៅលើអ្នកផ្តល់សេវា ឬ វិធីសាស្រ្តនៃការឈានទៅសម្រេចគោលដៅ។ ប៉ុន្តែថ្លៃមិនអាចជាកត្តាដែលត្រូវពិចារណាតែមួយបានទេ។ [[បញ្ញត្តិ 4512(b).]] មជ្ឈមណ្ឌលថ្នាក់តំបន់និងក្រុមការងារ IPP របស់អ្នកក៏ត្រូវតែពិចារណាទៅលើគុណភាពសេវាកម្មនិងការពេញចិត្តរបស់អ្នកផងដែរ។ ពុំមាននរណាម្នាក់បង្ខំឱ្យអ្នកទទួលយកសេវាដែលមានតម្លៃទាបបំផុតនោះទេ ប្រសិនបើវាមិនបំពេញបានទៅតាមតម្រូវការរបស់អ្នកនោះ។ ប៉ុន្តែ ប្រសិនបើអ្នកផ្តល់ដែលមានតម្លៃទាបជាងអាចជួយអ្នកឱ្យសម្រេចបាននូវគោលដៅរបស់អ្នកនោះ អ្នកអាចនឹងត្រូវតែប្រើអ្នកផ្តល់សេវានោះ។
ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់ចង់ធ្វើការផ្លាស់ប្តូរ SLS របស់អ្នក វាត្រូវតែ៖
- រៀបចំការប្រជុំ IPP និងឈានទៅដល់ការឯកភាពគ្នាជាមួយអ្នកអំពីការផ្លាស់ប្តូរ ឬ
- ផ្តល់ដល់អ្នកនូវសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីមូលហេតុសម្រាប់ការផ្លាស់ប្តូរស្នើឡើង និងពីរបៀបដែលអ្នកអាចប្តឹងជំទាស់បាន។ [[បញ្ញត្តិ 4689(p)(3).]]
(7.8) តើអ្វីទៅជាភាពខុសគ្នារវាង ILS និង SLS?
ILS ភាគច្រើនផ្តល់ការបណ្តុះបណ្តាលដល់អ្នកឱ្យរៀននិងកែលម្អបំណិនដែលអ្នកត្រូវការដើម្បីរស់បាននៅក្នុងផ្ទះផ្ទាល់ខ្លួនរបស់អ្នក។ អ្នកក៏នៅតែអាចទទួលបាន ILS ដើម្បីស្នាក់នៅដោយឯករាជ្យបានប្រសិនបើអ្នករស់នៅក្នុងផ្ទះផ្ទាល់ខ្លួនរបស់អ្នកនោះ។ អ្នកអាចទទួលបាន ILS នៅគ្រប់កន្លែងទាំងអស់ សូម្បីតែអ្នករស់នៅក្នុងផ្ទះជាមួយនឹងក្រុមគ្រួសាររបស់អ្នក ឬ នៅតាមមណ្ឌលដែលមានអាជ្ញាប័ណ្ណក៏ដោយ ក្នុងខណៈដែលអ្នករៀបចំដើម្បីប្តូរចេញ។
SLS ជាធម្មតារួមបញ្ចូលនូវសេវាផ្ទាល់ច្រើនជាង។ SLS គឺសម្រាប់អ្នកទាំងឡាយដែលត្រូវការលើសពីការបណ្តុះបណ្តាលដើម្បីឯករាជ្យបាន។ អ្នកអាចទទួលបាន SLS តែក្នុងករណីដែលអ្នករស់នៅដោយខ្លួនឯងក្នុងផ្ទះផ្ទាល់ខ្លួនរបស់អ្នក ឬ ផ្ទះ ជួល។
មជ្ឈមណ្ឌលថ្នាក់តំបន់មួយចំនួនមិនបង្ហាញពីភាពខុសគ្នារវាង ILS និង SLS និងអាចនឹងផ្តល់សេវាប្រហាក់ប្រហែលគ្នាស្ថិតក្រោមប្រភេទនីមួយៗ។ ស្នើសុំមើលគោលនយោបាយការទិញសេវា (POS) របស់មជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នក ដើម្បី រៀនពីរបៀបដែលមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នករៀបរាប់និងផ្តល់នូវសេវាកម្មទាំងនេះ។
(7.9) តើសេវាមជ្ឈមណ្ឌលក្នុងតំបន់ប្រភេទណាដែលអាចជួយខ្ញុំនៅពេលដែលខ្ញុំចង់បន្តរស់នៅតាមផ្ទះជាមួយគ្រួសាររបស់ខ្ញុំ?
ប្រសិនបើអ្នកជ្រើសរើសបន្តរស់នៅជាមួយគ្រួសាររបស់អ្នកបន្ទាប់ពីអ្នកមានអាយុ 18 ឆ្នាំ អ្នកនៅតែមានសិទ្ធិទទួលបានសេវាពីមជ្ឈមណ្ឌលក្នុងតំបន់នៅតាមផ្ទះរបស់គ្រួសារអ្នក ដើម្បីជួយអ្នកឱ្យរស់នៅក្នុងជីវិតដែលអ្នកចង់រស់នៅ។ សេវាទាំងនេះរួមមាន៖
សេវាគាំពារគ្រួសារដែលបានសម្របសម្រួល៖ សេវាគាំពារគ្រួសារដែលបានសម្របសម្រួល គឺជាសេវាសម្រាប់មនុស្សពេញវ័យដែលជ្រើសរើសបន្តរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេបន្ទាប់ពីពួកគេមានអាយុ 18 ឆ្នាំ។ សេវាទាំងនេះត្រូវបានបង្កើតឡើងដើម្បីឱ្យមានភាពបត់បែន និងសម្របតាមតម្រូវការរៀងៗខ្លួនរបស់អ្នកនិងគ្រួសារអ្នក។ ពួកគេត្រូវតែគោរពចំពោះភាសា ជាតិពន្ធុ និងវប្បធម៌របស់អ្នក។ សេវាគាំពារគ្រួសារដែលបានសម្របសម្រួល អាចមានជាអាទិ៍៖
- ការផ្តល់ការគាំពារដោយផ្ទាល់នៅក្នុងផ្ទះគ្រួសាររបស់អ្នក ដើម្បីជួយអ្នកឱ្យធ្វើអ្វីៗដែលអ្នកចង់ធ្វើ។
- ការពិភាក្សាជាមួយមនុស្សនិងទីភ្នាក់ងារផ្សេងៗទាំងអស់ដែលគាំទ្រដល់អ្នកដើម្បីឱ្យប្រាកដថា អ្នកនឹងទទួលបានរាល់សេវាទាំងអស់ដែលអ្នកត្រូវការនិងចង់បាន។
- ការកំណត់អ្នកផ្តល់សេវាជំនួយនៅពេលបុគ្គលិករបស់អ្នកមិនបង្ហាញវត្តមាន។
- ការជួយឱ្យអ្នកចូលទៅកាន់សហគមន៍របស់អ្នក។
- ការធ្វើការជាមួយអ្នកដើម្បីបង្កើតគម្រោងចាកចេញពីផ្ទះរបស់គ្រួសារអ្នក ប្រសិនបើអ្នកចង់រស់នៅដោយខ្លួនឯង។
សេវាបំណិនរស់នៅដោយខ្លួនឯង៖ បំណិនរស់នៅដោយឯករាជ្យ (ហៅកាត់ដោយខ្លីថា ILS) គឺជាបំណិនដែលអ្នកត្រូវការដើម្បីរស់នៅដោយខ្លួនឯងនៅក្នុងសហគមន៍របស់អ្នក។ កម្មវិធី ILS អាចបង្រៀនអ្នកអំពីបំណិនទាំងនេះបានដូចជា ការចម្អិនអាហារ ការសម្អាតផ្ទះ ការថែទាំខ្លួន និងការគ្រប់គ្រងប្រាក់កាស។ អ្នកអាចទទួលបាន ILS ប្រសិនបើអ្នករស់នៅក្នុងផ្ទះរបស់គ្រួសារអ្នក។
សេវាសុខភាពតាមផ្ទះ៖ សេវាសុខភាពតាមផ្ទះ គឺជាប្រភេទនៃការគាំពារដោយផ្ទាល់ដែលអ្នក អាចទទួលបាននៅក្នុងផ្ទះរបស់គ្រួសារអ្នក ប្រសិនបើអ្នកមានតម្រូវការថែទាំសុខភាពជាក់លាក់ដែលតម្រូវឱ្យមានការថែទាំពីជំនួយការសុខភាពតាមផ្ទះ ឬគិលានុបដ្ឋាក។
សេវាសម្រាប់អ្នកថែទាំសម្រាកលំហែ៖ សេវាសម្រាប់អ្នកថែទាំសម្រាកលំហែ គឺជាសេវាដែលត្រូវបានផ្តល់ជូនដល់គ្រួសាររបស់អ្នកដើម្បីឱ្យពួកគេអាចឈប់សម្រាកពីការគាំពារអ្នកដោយ ផ្ទាល់។ នេះមានន័យថា បុគ្គលិកថែទាំជំនួសពេលសម្រាកលំហែ មកកាន់ផ្ទះរបស់អ្នក។ វាក៏ អាចមានន័យផងដែរថា អ្នកស្នាក់នៅផ្ទះផ្សេងក្នុងមួយរយៈពេល ប្រសិនបើនោះជាអ្វីដែលអ្នកនិងគ្រួសាររបស់អ្នកចង់បាន។
សេវាជំនួយបុគ្គល/សេវាមេផ្ទះ សេវាជំនួយបុគ្គល អាចជួយអ្នកឱ្យធ្វើអ្វីដែលអ្នកចង់ធ្វើនៅ ពេលអ្នកស្ថិតនៅក្នុងផ្ទះរបស់គ្រួសារអ្នក ឬនៅពេលដែលអ្នកចេញមកក្រៅនៅក្នុងសហគមន៍នោះ។ សេវាមេផ្ទះគឺជាសេវាដែលជួយអ្នកនៅក្នុងសកម្មភាពតាមផ្ទះជាទូទៅដូចជា ការរៀបចំចំណីអាហារ និងកិច្ចការផ្សេងទៀតនៅពេលបុគ្គលដែលជួយដល់សកម្មភាពទាំងនេះជាធម្មតាមិនអាចស្វែងរកបាន។
(7.10) តើ Family Teaching Home ជាអ្វី?
Family Teaching Home គឺជាការចាត់ចែងការរស់នៅមួយផ្សេងទៀតសម្រាប់មនុស្សពេញវ័យ។ [[បញ្ញត្តិ 4689.1(c).]] វាខុសពី AFHA តាមលក្ខណៈពីរយ៉ាង៖
- ក្រុមគ្រួសារនិងបុគ្គលមានពិការភាពមិនរស់នៅក្នុងផ្ទះឯកជនរួមគ្នាបានទេ។ការបង្រៀនគ្រួសាររស់នៅតាមផ្ទះដែលភ្ជាប់ជាមួយ ឬ ក្បែរផ្ទះរបស់បុគ្គលដែលមានពិការភាព។ ជាធម្មតាវាទាំងជាកម្មសិទ្ធិនិងជួល ជួលឱ្យ ឬ ជួលពីគេ ដោយ AFHA។
- Family Teaching Home បង្កើតឡើងដើម្បីគាំពារមនុស្សពេញវ័យដែលមានពិការភាពរហូតដល់ទៅបីនាក់ ដែលមិនត្រូវការការថែទាំដែលមានជំនាញជាប់ជានិច្ចនោះ។
(7.11) តើ Family Home ជាអ្វី?
Family Home ជាផ្ទះដែលជាកម្មសិទ្ធិ ឬ ត្រូវបានជួលដោយក្រុមគ្រួសារដែលរស់នៅជាមួយក្នុងផ្ទះនោះផងដែរ។ គ្រួសារនោះផ្តល់សេវានិងការគាំពារដល់មនុស្សពេញវ័យដែលមានពិការភាពផ្នែកការលូតលាស់គ្រប់កម្រិតមិនលើសពីពីរនាក់ ដរាបណាពួកគេមិនត្រូវការការថែទាំដែលមានជំនាញជាប្រចាំទេនោះ។ [[បញ្ញត្តិ 4689.1(b).]]
(7.12) តើស្ថានភាពការរស់នៅជាក្រុមក្រៅពីការរស់នៅជាមួយគ្រួសារតាមផ្ទះត្រូវតែទទួលបានអាជ្ញាប័ណ្ណចេញដោយរដ្ឋទេ?
មនុស្សភាគច្រើនដែលមានពិការភាពផ្នែកការលូតលាស់ដែលរស់នៅខាងក្រៅផ្ទះក្រុមគ្រួសាររបស់គេនោះ រស់នៅជាក្រុមតាមផ្ទះ ឬ តាមមណ្ឌល។ មានក្រុមមណ្ឌលបីផ្សេងគ្នា៖
- ផ្ទះ ដោយមានអ្នកដែលមានពិការភាពផ្នែកការលូតលាស់រហូតដល់ 6 នាក់។
- មណ្ឌលតូច មានអ្នកដែលមានពិការភាពផ្នែកការលូតលាស់ពី 7-15 នាក់ និង
- មណ្ឌលធំ មានអ្នកដែលមានពិការភាពផ្នែកការលូតលាស់មិនលើសពី 16 នាក់។
អាស្រ័យទៅលើទំហំនិងថាតើពួកគេផ្តល់សេវាថែទាំសុខភាពជាក់លាក់ដែរឬទេ មណ្ឌលទាំងឡាយប្រភេទនេះត្រូវបានផ្តល់អាជ្ញាប័ណ្ណទាំងដោយ៖
- Department of Health Care Services (DHCS) របស់រដ្ឋ - ហៅថា Intermediate Care Facilities (ICFs) ឬ
- Department of Social Services (DSS) - ហៅថា Community Care Facilities (CCFs)។
(7.13) តើ Intermediate Care Facilities (ICFs) ជាអ្វី?
ICFs ជាមណ្ឌលដែលអ្នកមានពិការភាពផ្នែកការលូតលាស់រស់នៅនិងទទួលសេវាថែទាំសុខភាព ការបណ្តុះបណ្តាលបំណិនជិវិត និងការបណ្តុះបណ្តាលវិជ្ជាជីវៈដែលគេត្រូវការ។ [[សម្រាប់និយមន័យនៃប្រភេទ ICFs ផ្សេង, សូមមើល សុខភាព និង សុវត្ថិភាព Code បញ្ញត្តិ 1250(e)(g)&(h).]] ពីព្រោះតែពួកគេផ្តល់នូវការថែទាំខ្លួនប្រាណនិងការថែទាំផ្នែកវេជ្ជសាស្រ្តនៅនឹងកន្លែងនោះ ICFs នឹងទទួលបានអាជ្ញាប័ណ្ណផ្តល់ដោយ Department of Health Care Services។
មាន ICFs បួនប្រភេទខុសគ្នាសម្រាប់អ្នកដែលមានពិការភាពផ្នែកការលូតលាស់៖
- ICF/DD [[សុខភាព និង សុវត្ថិភាព Code បញ្ញត្តិ 1250(g); មាត្រា 22 Cal. Code Regs. បញ្ញត្តិ 51343.]]
- ICF/DD-Habilitation [[សុខភាព និង សុវត្ថិភាព Code បញ្ញត្តិ 1250(e); មាត្រា 22 Cal. Code Regs. បញ្ញត្តិ 51343.1.]]
- ICF/DD-Nursing [[សុខភាព និង សុវត្ថិភាព Code បញ្ញត្តិ 1250(h); មាត្រា 22 Cal. Code Regs. បញ្ញត្តិ 51343.2.]]
- ICF/DD-Continuous Nursing Care [[Welfare & Institutions Code បញ្ញត្តិ 14495.10.]]
ICFs ភាគច្រើនមានទំហំតូច ដោយមានអ្នកស្នាក់នៅប្រាំមួយនាក់ ឬ តិចជាងនេះ។
ប៉ុន្តែ ICFs អាចមានទំហំធំជាងនេះ ជួនកាលមានអ្នកស្នាក់នៅរាប់រយនាក់។
យើងពិភាក្សាតែ ICF/DD-Habilitation, ICF/DD-Nursing, និង ផ្ទះ ICF/DD-Continuous Nursing Care។ ផ្ទះ ICF/DD ធំជាងនេះមិនត្រូវបានចាត់ទុកថាជាជម្រើសរស់នៅក្នុងសហគមន៍ទេ ពីព្រោះវាច្រើនតែធំជាមណ្ឌលមានលក្ខណៈប្រមូលផ្តុំគ្នា។
ផ្ទះ ICF/DD-Habilitation ភាគច្រើនជាផ្ទះដែលមានមនុស្សស្នាក់នៅប្រាំមួយនាក់ ប៉ុន្តែវាមានរហូតដល់ 15 នាក់។ ផ្ទះទាំងនេះផ្តល់សេវាថែទាំផ្ទាល់ខ្លួន 24ម៉ោង ការស្តារនីតិសម្បទា ផ្នែកលូតលាស់ និងសេវាគាំពារសុខភាព។ ផ្ទះទាំងនេះសម្រាប់មនុស្សដែលត្រូវការសេវាថែទាំខ្លួនប្រាណមួយចំនួន ប៉ុន្តែមិនត្រូវការជាប់ជាប្រចាំទេ។ អ្នកស្នាក់នៅក៏ត្រូវបានបញ្ជាក់ដោយអ្នករូបវិជ្ជាវេជ្ជសាស្រ្ត និងគ្រូពេទ្យវះកាត់ដោយមិនត្រូវការការថែទាំខ្លួនប្រាណដែលមានជំនាញជាប្រចាំទេ។ [[សុខភាព និង សុវត្ថិភាព Code បញ្ញត្តិ 1250(e); មាត្រា 17 Cal. Code Regs. បញ្ញត្តិ 54302(a)(42); មាត្រា 22 Cal. Code Regs. បញ្ញត្តិ 51343.1.]]
ផ្ទះ ICF/DD-Habilitation ភាគច្រើនជាផ្ទះដែលមានទំហំតូចសម្រាប់មនុស្សស្នាក់នៅប្រាំមួយនាក់ ប៉ុន្តែវាអាចមានរហូតដល់ 15 នាក់។ ផ្ទះទាំងនេះផ្តល់សេវាថែទាំផ្ទាល់ខ្លួន 24ម៉ោង ការស្តារនីតិសម្បទា ផ្នែកលូតលាស់ និងសេវាគាំពារសុខភាព។
ផ្ទះទាំងនេះគឺសម្រាប់អ្នកដែលត្រូវការសេវាថែទាំខ្លួនប្រាណជាជាងអ្នកដែលរស់នៅតាម ICF/DD-Habilitation។ អ្នកដែលស្នាក់នៅតាមផ្ទះទាំងនេះត្រូវការការគ្រប់គ្រងការថែទាំខ្លួនប្រាណ 24 ម៉ោង ប៉ុន្តែលក្ខខណ្ឌរបស់គេមានលំនឹង ហើយពួកគេមិនមានតម្រូវការការថែទាំខ្លួនប្រាណ 24ម៉ោងទេ។ ផ្ទះទាំងនេះផ្តល់សេវាដល់អ្នកដែលមានតម្រូវការការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្រ្ត ឬ ភាពយឺតយ៉ាវ ផ្នែកការលូតលាស់ធ្ងន់ធ្ងរដែលអាចឈានទៅដល់ពិការភាពផ្នែកការលូតលាស់ ប្រសិនបើមិនត្រូវបានព្យាបាលទេនោះ។ [[បញ្ញត្តិ 54302(a)(43); ចំណងជើង 22 Cal. Code Regs. បញ្ញត្តិ 51343.2.]] ផ្ទះ ICF/DD-Continuous Nursing មិនសូវមានទេ។ មានផ្ទះតែ 10 ដែលត្រូវបានអនុញ្ញាតដោយច្បាប់សម្រាប់រដ្ឋកាលីហ្វ័រញ៉ា។ ផ្ទះទាំងនោះផ្តល់សេវាបានត្រឹមតែប្រាំមួយនាក់ប៉ុណ្ណោះ។ ផ្ទះទាំងនោះផ្តល់សេវាថែទាំខ្លួនប្រាណមានជំនាញ 24ម៉ោងក្នុងមួយថ្ងៃ 7ថ្ងៃក្នុងមួយសប្តាហ៍ផ្តល់ដោយ (ឬត្រូវបានគ្រប់គ្រងដោយ) គិលានុបដ្ឋាយិកាដែលមានចុះបញ្ជី។ ផ្ទះទាំងនេះផ្តល់ថវិកា 100% ដោយកម្មវិធី Medicaid សហព័ន្ធ។ [[Welf. & Inst. Code § 14495.10. សម្រាប់ព័ត៌មានបន្ថែមអំពី DD-CNCs, សូមមើលគេហទំព័ររបស់ California Department of Health Care Services, http://www.dhcs.ca.gov/services/medi-cal/Pages/ICFDDCN_MC_ Waiver.aspx.]]
(7.14) តើ Alternative Residential Model (ARM)ជាអ្វី?
ប្រព័ន្ធដែលហៅថា Alternative Residential Model (ARM) កំណត់លេខ CCFs ទៅតាមកម្រិតនៃការថែទាំដែលវាផ្តល់។ ប្រព័ន្ធមើលទៅលើអនុបាតបុគ្គលិក ចំនួននៃសេវាប្រឹក្សា និងតម្រូវការរបស់អ្នកស្នាក់នៅ។ វាកំណត់ចំណាត់ថ្នាក់ CCF នីមួយៗជា ARM កម្រិត 2, 3, ឬ 4។ ARM កម្រិត 2 មានអានុបាតបុគ្គលិកទាបបំផុត ដែលមានន័យថាអ្នកដែលរស់នៅទីនោះត្រូវការការគាំពារនិងសេវាតិច។ អ្នកស្នាក់នៅតាម ARM កម្រិត 4 CCFs ត្រូវការសេវានិងការគាំពារច្រើនជាង។ ច្រើនតែ ARM កម្រិត 4 CCFs ផ្តល់សេវាដល់អ្នកមានបញ្ហាផ្នែកឥរិយាបថ។ កម្រិត 4 ក៏ត្រូវបានបំបែកជាប្រាំបួនកម្រិតតូចទៀត ពី A ទៅ I។ ផ្ទះកម្រិត 4I ផ្តល់សេវានិងការគាំពារកម្រិតខ្ពស់បំផុតនៅក្នុងប្រព័ន្ធ ARM។
អ្នកមានសិទ្ធិជ្រើសរើសពីទីកន្លែងដែលរស់នៅ និងអ្នកដែលរស់នៅជាមួយអ្នក។អ្នកអាចស្នាក់នៅក្នុងមណ្ឌល ARM ទៅតាមកម្រិតរបស់អ្នក បើទោះបីជាអ្នកមានតម្រូវការផ្លាស់ប្តូរក៏ដោយ។ ប៉ុន្តែ ប្រសិនបើក្រុមការងារ IPP របស់អ្នកសម្រេចថាអ្នកមានតម្រូវការសេវានិងការគាំពារតិចជាងកម្រិត ARM ដែលមណ្ឌលអ្នកបង់សម្រាប់អ្នកស្នាក់នៅម្នាក់ៗហើយនោះ មជ្ឈមណ្ឌលថ្នាក់តំបន់អាចបង់លុយទៅឱ្យមណ្ឌលសម្រាប់អ្នកតិចជាងមុនដើម្បីឱ្យអ្នកបន្តរស់នៅទីនោះ។ [[បញ្ញត្តិ 4681.7(a).]] ច្បាប់អនុញ្ញតតែចំនួនទឹកប្រាក់ទាបជាងនៅពេលដែលក្រុមការងារ IPP របស់អ្នកឯកភាពហើយនោះ មណ្ឌល ARM របស់អ្នកអាចផ្តល់ដោយសុវត្ថិភាពនូវអ្វីដែលអ្នកនិងអ្នកដែលរស់នៅជាមួយអ្នកត្រូវការ។ ប្រសិនបើអ្នកក្រោយមកត្រូវការការគាំពារនិងសេវាបន្ថែមទៀត មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវប្តូរសេវាកម្មបំពេញទៅតាមតម្រូវការរបស់អ្នក។ [[បញ្ញត្តិ 4681.7(b).]]
មជ្ឈមណ្ឌលថ្នាក់តំបន់ក៏ត្រូវតែផ្តល់ផងដែរនូវសេវាអន្តរាគមន៍បន្ទាន់និងវិបត្តិដែលអ្នកត្រូវការដើម្បីស្នាក់នៅក្នុងផ្ទះតាមជម្រើសរបស់អ្នក។ [[បញ្ញត្តិ 4648(a)(10).]] ច្បាប់ក៏អនុញ្ញាតផងដែរដល់មជ្ឈមណ្ឌលថ្នាក់តំបន់ឱ្យទិញបុគ្គលិកបន្ថែមសម្រាប់មណ្ឌល ARM របស់អ្នក។ [[បញ្ញត្តិ 4648(a)(9)(F).]]
(7.15) តើមានផ្ទះស្នាក់នៅជាក្រុមក្រៅពីផ្ទះនៅក្នុងប្រព័ន្ធ ARM ទេ?
មជ្ឈមណ្ឌលថ្នាក់តំបន់ខ្លះមាន CCFs តូចតាមឯកទេស។ មជ្ឈមណ្ឌលថ្នាក់តំបន់ចាត់ចែងផ្ទះទាំងនោះតាមអត្រា “តាមការចរចា”។ នេះមានន័យថា មជ្ឈមណ្ឌលថ្នាក់តំបន់និងអ្នកផ្តល់សេវាឯកភាពគ្នាទៅតាមអត្រា ដោយផ្អែកទៅលើអ្វីដែលគេ ផ្តល់។ ជាធម្មតា CCFs ទាំងនេះមានមនុស្សពី 1-4 ក្នុងករណីតម្រូវការស្មុគស្មាញ។ ពួកគេមិនមែនជាផ្នែកនៃប្រព័ន្ធ ARM តាមកម្រិតទេ។
ផ្ទះឯកទេសទាំងនេះផ្តល់សេវាដល់អ្នកដែលមានតម្រូវការសុខភាពផ្លូវចិត្តនិងផ្នែកឥរិយាបថជាពិសេស ដែលមិនអាចបំពេញបានដោយជម្រើសការរស់នៅតាម សហគមន៍ផ្សេងទៀត។ ពួកគេជាធម្មតាផ្តល់សេវាដោយបុគ្គលិកជំនាញនិងមានវិជ្ជាជីវៈនៅនឹងកន្លែង 24ម៉ោងបំពេញទៅតាមតម្រូវការជាក់លាក់របស់អ្នកស្នាក់នៅ។ ជាញឹកញាប់ ផ្ទះទាំងនេះអាចឆ្លើយតបទៅនឹងវិបត្តិនៅនឹងកន្លែង ដើម្បីបំពេញបានទៅតាមតម្រូវការនិងលើកកម្ពស់ភាពថ្លៃថ្នូរនិងឯករាជ្យភាពជាអតិបរមា។
(7.16) តើមានផ្ទះណាផ្សេងសម្រាប់អ្នកដែលមានតម្រូវការផ្នែកឥរិយាបថ ឬអ្នកដែលមានវិបត្តិ?
បាទ/ចាស មានផ្ទះរស់នៅជាក្រុមពីរប្រភេទ ត្រូវបានបង្កើតឡើងនៅទូទាំងរដ្ឋនៅពេលអ្នករស់នៅចាប់ផ្តើមប្តូរចេញពីមណ្ឌលអភិវឌ្ឍន៍ការលូតលាស់៖ Enhanced Behavioral Supports Home (EBSH) និង Community Crisis Home (CCH)។ ផ្ទះទាំងពីរប្រភេទត្រូវបានបញ្ជាក់ដោយ Department of Developmental Services និងត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយ State Department of Social Services។ មជ្ឈមណ្ឌលថ្នាក់តំបន់គ្រប់គ្រងទៅ EBSHs និង CCHs ទៅតាមផ្នែកសេវាកម្មរបស់គេផ្ទាល់។
Enhanced Behavioral Supports Homes (EBSHs) ជាមណ្ឌលស្នាក់នៅសម្រាប់មនុស្សពេញវ័យ ឬ ផ្ទះរស់នៅជាក្រុមរបស់កុមារ។ ផ្ទះទាំងនេះផ្តល់ការថែទាំមិនមែនវេជ្ជសាស្រ្ត 24ម៉ោងទៅដល់អ្នកដែលមានបញ្ហាផ្នែកឥរិយាបថដែលត្រូវការការគាំពារ បុគ្គលិក និងការគ្រប់គ្រងបន្ថែមនៅក្នងមណ្ឌលដូចផ្ទះ។ ផ្ទះនីមួយៗមានលក្ខណៈពិសេសដាច់ និងផ្តល់សេវាផ្នែកឥរិយាបថនិងការគាំពារច្រើនជាងផ្ទះនៅតាមសហគមន៍ផ្សេងទៀត។ នៅរៀងរាល់រដូវក្តៅម្តងៗត្រូវតែមានបន្ទប់គេងឯកជនផ្ទាល់ខ្លួនរបស់គេ។ [[បញ្ញត្តិ 4684.80 និង 17 CCR 59050-59072.]] សូមចុចត្រង់នេះសម្រាប់ព័ត៌មានមកពីគេហទំព័រ DDS។
Community Crisis Homes (CCHs) ជាមណ្ឌលស្នាក់នៅដែលផ្តល់ការថែទាំមិនមែនវេជ្ជសាស្រ្ត 24ម៉ោងទៅដល់អ្នកដែលត្រូវការសេវាអន្តរាគមន៍វិបត្តិ។ CCHs ផ្តល់សេវាដល់អ្នកដែលប្រឈមនឹងការដាក់ឱ្យស្នាក់នៅតាមមណ្ឌលស្ថាប័ន (មជ្ឈមណ្ឌលវិបត្តិបន្ទាន់ មណ្ឌលប្រតិបត្តិការដោយរដ្ឋ ការដាក់ឱ្យស្នាក់នៅក្រៅរដ្ឋ មន្ទីពេទ្យទូទៅសង្គ្រោះបន្ទាន់ ឬ ស្ថាប័នសម្រាប់ជំងឺផ្លូវចិត្ត)។ CCHs ផ្តល់នូវសេវាថែទាំធ្ងន់ធ្ងរ និងគាំពារដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់បុគ្គល។ ពួកគេផ្តោតទៅលើការធ្វើឱ្យមានស្ថិរភាពនិងគោលដៅជាលក្ខណៈបុគ្គល ដើម្បីឱ្យអ្នក សូមចុចត្រង់នេះ ដើម្បីចូលទៅកាន់គេហទំព័ររបស់មជ្ឈមណ្ឌលផ្ដល់ធនធាននិងការទំនាក់ទំនងនៅពេលមានគ្រោះមហន្តរាយសម្រាប់ជនពិការ (DDS)។
(7.17) តើអ្នកដែលរស់នៅក្នុង Community Care Facilities អាចទទួលបានសេវាថែទាំសុខភាពណាមួយទេ?
អ្នកដែលរស់នៅតាម CCFs អាចទទួលសេវាផ្នែកវេជ្ជសាស្រ្តមានកម្រិតបានតែពីបុគ្គលិក រួមមាន៖
- ការថែទាំទៅលើថង់លាមកពីពោះវៀនធំ និង ពោះវៀនតូច
- ថែទាំសុងទឹកនោម និង
- ការបញ្ចុកអាហារតាមបំពង់ចូលក្រពះនិងការថែទាំ។ [[សុខភាព និង សុវតិ្ថភាព Code បញ្ញត្តិ 1507(b).]]
ដើម្បីទទួលបានសេវាវេជ្ជសាស្រ្តមានកម្រិតពីបុគ្គលិក CCF អ្នកត្រូវតែមានផែនការថែទាំសុខភាពជាលក្ខណៈបុគ្គលដែលរួមបញ្ចូលទាំងអ្នករូបវិទ្យាវេជ្ជសាស្រ្ត គិលានុបដ្ឋាយិកា ឬ អ្នកវិជ្ជាជីវៈថែទាំសុខភាពផ្សេងទៀត។ [[សុខភាព និង សុវតិ្ថភាព Code បញ្ញត្តិ 1507(c)(1)(A).]] ផែនការថែទាំសុខភាពត្រូវតែពិនិត្យឡើងវិញយ៉ាងហោចណាស់រៀងរាល់ 12ខែម្តង។ [[សុខភាព និង សុវតិ្ថភាព Code បញ្ញត្តិ 1507(c)(1) (B).]] ផែនការត្រូវតែកំណត់ទៅលើអ្នកវិជ្ជាជីវៈថែទាំសុខភាពដែលនឹងបណ្តុះបណ្តាលបុគ្គលិកមណ្ឌលឱ្យផ្តល់នូវសេវាវេជ្ជសាស្រ្តតាមកម្រិត។ [[សុខភាព និង សុវតិ្ថភាព Code បញ្ញត្តិ 1507(c)(1)(C).]] មជ្ឈមណ្ឌលថ្នាក់តំបន់ ឬ ទីភ្នាក់ងារទទួលការស្នាក់នៅផ្សេងទៀត នឹងវាយតម្លៃ តាមដាន និងគ្រប់គ្រងទៅលើសេវាកម្មវេជ្ជសាស្រ្តដែលបានផ្តល់នៅតាមមណ្ឌលដោយបុគ្គលិកមណ្ឌល។ [[សុខភាព និង សុវតិ្ថភាព Code បញ្ញត្តិ 1507(c)(1)(E).]]
(7.18) ប្រសិនបើខ្ញុំមានតម្រូវការការថែទាំសុខភាពមានលក្ខណៈ ស្មុគស្មាញ តើមានកន្លែងណានៅក្នុងសហគមន៍ដែលខ្ញុំអាចរស់នៅបានទេ ក្រៅតែពីផ្ទះថែទាំខ្លួនប្រាណដែលមានជំនាញនោះ?
“Adult Residential Facility for Persons with Special Healthcare Needs,” ឬ “SB 962 Home,” [[បញ្ញត្តិ 4684.50 និង សុខភាព និង សុវតិ្ថភាព Code បញ្ញត្តិ 1538.55 និង 1567.50។ “SB” មានន័យថា Senate Bill.]] ជាផ្ទះរៀបចំឡើងដើម្បីបំពេញទៅតាមតម្រូវការពិសេសរបស់អ្នកដែលមានពិការភាពផ្នែកការលូតលាស់ដោយចម្រុះគ្នានូវការថែទាំសុខភាពឯកទេស និងតម្រូវការការគាំពារធ្ងន់ធ្ងរ។
ផ្ទះ SB 962 ផ្តល់សេវាបានរហូតទៅដល់ប្រាំនាក់។ អ្នកស្នាក់នៅតាម SB 962 អាចទទួលបានសេវាសុខភាពឯកទេស ដែលរួមមាន៖
- ការគាំពារអាហារូបត្ថម្ភ (អាហារូបត្ថម្ភជាឪពុកម្តាយសរុប ការបញ្ចុកតាមបំពង់អាហារ និងទឹក)។
- ការលាងតម្រងនោម និង
- ផែនការព្យាបាលពិសេស ដូចជាការចាក់តាមសាច់ដុំ ការផ្តល់ថ្នាំតាមសរសៃ ការគ្រប់គ្រងទៅលើជំងឺទឹកនោមផ្អែមដោយការចាក់អាំងស៊ុយលីន ការដាក់បំពង់ ការគ្រប់គ្រងការដាក់បំពង់នោម ការគ្រប់គ្រងការឈឺចាប់ និងការថែទាំដោយផ្តល់ថ្នាំបំបាត់ការឈឺចាប់បណ្តោះអាសន្ន។ [[បញ្ញត្តិ 4684.50(g)(1)-(14).]]
ផ្ទះ SB 962 ទាំងអស់ត្រូវមាន៖
- បុគ្គលិកជាគិលានុបដ្ឋាយិកាមានអាជ្ញាប័ណ្ណប្រចាំការ 24ម៉ោងក្នុងមួយថ្ងៃ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។ [[បញ្ញត្តិ 4684.63(a)(1)(A).]]
- Individual Health Care Plan បង្កើតឡើងសម្រាប់អ្នកស្នាក់នៅម្នាក់ៗ។ [[បញ្ញត្តិ 4684.68.]] ផែនការត្រូវតែធ្វើបច្ចុប្បន្នភាពយ៉ាងហោចណាស់ម្តងរៀងរាល់ប្រាំមួយខែម្តង។ [[បញ្ញត្តិ 4684.68(a)(12).]]
- ការចុះពិនិត្យអ្នកស្នាក់នៅដោយផ្ទាល់ដោយគិលានុបដ្ឋាយិកាមជ្ឈមណ្ឌលថ្នាក់តំបន់យ៉ាងហោចណាស់ម្តងក្នុងមួយខែ។ [[បញ្ញត្តិ 4684.70(d).]]
- ការពិនិត្យដោយអ្នករូបវិទ្យាវេជ្ជសាស្រ្តថែទាំបឋមរបស់អ្នកស្នាក់នៅម្តងរៀងរាល់ 60ថ្ងៃ ឬ ញឹកញាប់ជាងនេះប្រសិនបើត្រូវការនោះ។ [[បញ្ញត្តិ 4684.63(a)(2).]]
អាទិភាពសម្រាប់ការដាក់ឱ្យស្នាក់នៅតាម SB 962 ត្រូវបានផ្តល់ទៅដល់អ្នករស់នៅតាមមណ្ឌលអភិវឌ្ឍន៍ការលូតលាស់រដ្ឋ។ ប៉ុន្តែច្បាប់អនុញ្ញាតដល់បុគ្គលដែលមិនស្នាក់នៅក្នុងមណ្ឌលអភិវឌ្ឍន៍ការលូតលាស់ចូលទៅរស់នៅតាមផ្ទះ SB 962 បានក្នុងករណី៖
(1) មានកន្លែងទំនេរ
(2) ពុំអ្នកស្នាក់នៅក្នុងមណ្ឌលអភិវឌ្ឍន៍ការលូតលាស់ត្រូវទៅតាមលក្ខខណ្ឌតម្រូវសម្រាប់ការទទួលឱ្យស្នាក់នៅ និង
(3) ការដាក់ឱ្យស្នាក់នៅគឺចាំបាច់ដើម្បីការពារដល់សុខភាពឬសុវត្ថិភាពរបស់បុគ្គល [[បញ្ញត្តិ 4684.65(b)(3).]]
(7.19) តើធ្វើដូចម្តេចប្រសិនបើការរៀបចំការរស់នៅដែលខ្ញុំចង់បានមិនមាន?
ជួនកាលការរៀបចំការរស់នៅដែលអ្នកនិងក្រុមធ្វើផែនការរបស់អ្នកបានឯកភាពគ្នាមិនមាន។ ករណីនេះអាចកើតមានឡើងពីព្រោះ (1) ពុំមានកន្លែងនៅផ្ទះ ឬ នៅមណ្ឌល (2)មិនមាននរណាម្នាក់ទំនេរដើម្បីផ្តល់សេវាគាំពារការរស់នៅដែលអ្នកត្រូវការ ឬ (3) ពុំមានផ្ទះគ្រួសារមនុស្សពេញវ័យទំនេរដែលអ្នកចង់រស់នៅជាមួយ។
ប្រសិនបើការរៀបចំការរស់នៅមានក្នុង IPP របស់អ្នកមិនមាននោះ បុគ្គលិកមជ្ឈមណ្ឌលថ្នាក់តំបន់គួរអភិវឌ្ឍឡើងនូវការរៀបចំការរស់នៅដែលអ្នកចង់បាន។
ប៉ុន្តែធ្វើបែបនេះត្រូវការប្រើពេលយូរ។ អ្នកអាចនឹងត្រូវការប្តូរទៅរស់នៅតាមជម្រើសការរស់នៅផ្សេង ឬ ទៅតាមផ្ទះ ឬ មណ្ឌលឆ្ងាយពីផ្ទះក្នុងសហគមន៍របស់អ្នកមួយរយៈសិន។ ប្រសិនបើមានករណីនេះកើតឡើងចំពោះអ្នកមែន ច្បាប់ចែងថាអ្នកអាចស្នើសុំឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់៖
- ស្វែងរកមនុស្ស ឬ ទីភ្នាក់ងារផ្តល់ឱ្យអ្នកនូវសេវាដែលអ្នកត្រូវការ។ ដំណើរការនេះត្រូវបានគេហៅថា “សំណើសម្រាប់ការស្នើសុំ” (RFP)។ [[បញ្ញត្តិ 4648(e) (1).]] ប្រសិនបើសេវានិងការគាំពារដែលអ្នកត្រូវការមានលក្ខណៈពិសេសខុសគេ RFP អាចនឹងចែងថាមជ្ឈមណ្ឌលថ្នាក់តំបន់អាចរៀបចំថវិកាពិសេសមួយបាន។
- ជួលអ្នកផ្តល់សេវាឱ្យផ្តល់ជូនសេវាជូនអ្នកតាមតម្រូវការ។ ប្រសិនបើអត្រាបង់ប្រាក់មិនត្រូវបានធ្វើឡើងដោយ DDS សម្រាប់សេវាកម្មទេ មជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងចរចាកិច្ចសន្យាសម្រាប់សេវាកម្មដែលអ្នកត្រូវការមួយរយៈពេលបាន។ [[បញ្ញត្តិ 4648(a)(3).]]
- ផ្តល់សេវាបន្ថែម រួមទាំងបុគ្គលិកបន្ថែមលើសពីកិច្ចសន្យាបច្ចុប្បន្នរបស់អ្នក ផ្តល់សេវា ប្រសិនបើក្រុមការងារ IPP របស់អ្នកសម្រេចថាសេវាបន្ថែមមាននៅក្នុងផែនការ IPP របស់អ្នក។ បុគ្គលិកបន្ថែមអាចជួយដល់អ្នកឱ្យរស់នៅដោយជោគជ័យនៅតាមផ្ទះដែលមាន បើទោះបីនោះមិនមែនជាផ្ទះដែលជាធម្មតាអ្នកនឹងស្នាក់នៅក៏ដោយចុះ។ [[បញ្ញត្តិ 4648(a)(9)(F).]]
អ្នកមិនគួរត្រូវតែទៅរស់នៅតាមស្ថាប័នដោយគ្រាន់តែពុំមានការរៀបចំការរស់នៅតាមសហគមន៍ទំនេរនោះទេ។
(7.20) តើមានវិន័យនៅតាមផ្ទះដែលមានអាជ្ញាប័ណ្ណទេ?
ការរៀបចំរស់នៅតាមសហគមន៍ដែលមានអាជ្ញាប័ណ្ណទាំងអស់ រួមទាំង CCFs និង ICFs ផង មាន “វិន័យក្នុងផ្ទះ។” វិន័យនៅក្នុងផ្ទះពន្យល់ពីអ្វីដែលអ្នកអាចនិងមិនអាចធ្វើបាន។ ផ្ទះត្រូវតែពន្យល់ពីវិន័យទាំងឡាយទៅដល់អ្នកនៅពេលអ្នកទៅដល់ ឬ ចាប់ផ្តើមកម្មវិធី។ អ្នកអាចផ្តល់ដល់ពួកគេនូវមតិយោបល់ពីវិន័យក្នុងផ្ទះ ដោយសារតែវាជាផ្ទះផ្ទាល់ខ្លួនរបស់អ្នក ដែលអ្នកនឹងរស់នៅក្នុងនោះ។ ពួកគេត្រូវតែបិទវិន័យនៅតាមកន្លែងដែលអ្នកអាចមើលឃើញ ហើយសរសេរវិន័យជាភាសាដែលអ្នកយល់បាន។
អ្នកមានសិទ្ធិសម្រេចទៅលើសកម្មភាពប្រចាំថ្ងៃ។ សកម្មភាពនេះរួមបញ្ចូលទាំងពេលចូលគេង ពេលញ៉ាំ ករណីដែលមានមិត្តភក្តិមកលេង និងអ្វីដែលអ្នកធ្វើក្នុងពេលទំនេរ។ វិន័យក្នុងផ្ទះគួរតែជួយដល់អ្នករស់នៅក្នុងផ្ទះឱ្យរស់នៅជាមួយគ្នាបាន ប៉ុន្តែវិន័យទាំងនោះមិនគួរតឹងតែងពេកទេ។ វិន័យទាំងនោះមិនត្រូវរំលោភដល់សិទ្ធិណាមួយរបស់អ្នកឡើយ។ ប្រសិនបើអ្នកជឿថាមណ្ឌលដែលអ្នករស់នៅមានវិន័យមិនស្របច្បាប់នោះ សូមទូរសព្ទទៅកាន់ Disability Rights California។
(7.21) តើខ្ញុំមានសិទ្ធិអ្វីខ្លះ?
មិនថាអ្នករស់នៅទីណាទេ ច្បាប់ផ្តល់ដល់អ្នកមានពិការភាពផ្នែកការលូតលាស់នូវសិទ្ធិផ្ទាល់ខ្លួន។ អ្នកមានសិទ្ធិ៖
- ផ្តល់សេវានៅតាមបរិយាកាសរឹតត្បិតតិចតួច និងដែលការពារដល់សេរីភាពផ្ទាល់ខ្លួនរបស់អ្នក
- ភាពថ្លៃថ្នូរ ឯកជនភាព និងការថែទាំក្នុងភាពជាមនុស្ស
- ចូលរួមក្នុងការអប់សាធារណៈ
- ការថែទាំផ្នែកវេជ្ជសាស្រ្តទាន់ពេល
- សេរីភាពសាសនា
- ទំនាក់ទំនងសង្គម និងការចូលរួមក្នុងសហគមន៍
- លំហាត់ប្រាណ និងការលំហែកម្សាន្ត
- រួចផុតពីគ្រោះថ្នាក់ ការឃុំឃាំងមិនចាំបាច់ ការដាក់នៅឱ្យដាច់តែឯង ការបំពារបំពាន ការទុកចោល ដំណើរការបញ្ចៀសគ្រោះថ្នាក់ និងការផ្តល់ថ្នាំច្រើនលើសលប់
- ជ្រើសរើសអំពីទីកន្លែង និងអ្នកដែលរស់នៅជាមួយ និងអំពីទំនាក់ទំនង និងរបៀបប្រើពេលវេលារបស់ខ្លួន
- ការស៊ើបអង្កេតភ្លាមៗទៅលើករណីរំលោភបំពានណាមួយ
- ស្លៀកសំលៀកបំពាក់ជារបស់ខ្លួនឯង និងមានរបស់ផ្ទាល់ខ្លួននិងលុយកាក់
- អាចប្រើប្រាស់កន្លែងរក្សាទុកដែលមានលក្ខណៈឯកជន
- ជួបជាមួយអ្នកមកលេងបានជារៀងរាល់ថ្ងៃ
- ប្រើប្រាស់ទូរសព្ទដើម្បីទូរសព្ទនិងទទួលទូរសព្ទបាន និងផ្ញើនិងទទួលលិខិតដែលបិទជិតបាន
- បដិសេធបច្ចេកទេសកែឥរិយាបថដែលបណ្តាលឱ្យមានការឈឺចុកចាប់ ឬ គ្រាំគ្រា
- សេវាតស៊ូមតិ
- សេរីភាពពីការរើសអើង
- សួរនាំពីការសម្រេចចិត្តព្យាបាល និង
- ដាក់ពាក្យបណ្តឹង [[បញ្ញត្តិ 4502, 4502.1 និង 4503; មាត្រា 17 Cal. Code Regs. បញ្ញត្តិ 50510 និង 50540.]]