ច្បាប់ផ្តល់សិទ្ធិដល់អ្នក ឯកសារបន្ថែមនេះប្រាប់អ្នកពីផ្នែកណាមួយនៃច្បាប់ Lanterman Act ដែលផ្តល់ដល់អ្នកនូវសិទ្ធិដើម្បីទទួលបានសេវានិងការគាំពារដែលអ្នកត្រូវការ។ ផ្នែកទាំងនេះត្រូវបានគេហៅថា បញ្ញត្តិ (ឬ §) ហើយបញ្ញត្តិទាំងនេះគឺដលស្រង់ចេញពី Welfare & Institution Code។ ដើម្បីរៀនបន្ថែមអំពីបញ្ញត្តិណាមួយដែលប៉ះពាល់ដល់អ្នក សូមអានខាងក្រោម។
ចំណុចសំខាន់! បញ្ជីនេះមិនពេញលេញទេ។ យើងមិនអាចរាយសេវាទាំងអស់ក្នុងបញ្ជីដែលអ្នកមានសិទ្ធិទទួលនោះទេ ប៉ុន្តែយើងរាយនូវសេវាទាំងឡាយដែលគេទទួលបានច្រើនបំផុត។ សម្រាប់ព័ត៌មានបន្ថែមអំពីសិទ្ធិរបស់អ្នក សូមមើលសៀវភៅណែនាំពេញលេញ ដែលមានចំណងជើងថា Rights Under the Lanterman Act។
សិទ្ធិជាមូលដ្ឋាន និងការធ្វើសមាហរ័ណកម្ម (Basic Rights and Integration – § 4502)
ប្រសិនបើអ្នកមានពិការភាពផ្នែកការលូតលាស់ អ្នកមានសិទ្ធិទទួលបាន៖
- ការព្យាបាល សេវាកម្ម និងការគាំពារទាំងឡាយដើម្បីជួយដល់អ្នកឱ្យរស់បានដោយឯករាជ្យ មានផលិតភាព និងជីវិត “ជាប្រក្រតី” បំផុតតាមដែលអាចធ្វើបាន។
- សេវាកម្មទាំងឡាយដែលការពារសេរីភាពរបស់អ្នកនៅក្នុងរបៀបដែលមានការរឹតត្បិតតិចតួចបំផុត។
- ភាពថ្លៃថ្នូរ ឯកជនភាព និងការថែទាំក្នុងភាពជាមនុស្ស។
- ការព្យាបាល សេវានិងការគាំពារជាលក្ខណៈធម្មជាតិ ទីលំនៅសហគមន៍ ច្រើនបំផុតតាមដែលអាចធ្វើបាន។
- ការចូលរួមក្នុងកម្មវិធីអប់រំសាធារណៈសមស្រប ដោយមិនគិតពីពិការភាពរបស់អ្នក។
- ការថែទាំផ្នែកវេជ្ជសាស្រ្តនិងការព្យាបាលទាន់ពេល។
- សេរីភាពសាសនា មនសិការ និងសេរីភាពអនុវត្តនូវសាសនារបស់អ្នក។
- ចូលរួមក្នុងសកម្មភាពសហគមន៍ និងមានទំនាក់ទំនងសង្គមជាមួយនឹងដៃគូ។
- លំហាត់ប្រាណ និងការលំហែរកម្សាន្ត។
- គេផុតពីគ្រោះថ្នាក់ រួមទាំងការបង្ខាំងផ្នែករាងកាយដែលមិនចាំបាច់ ការដាក់នៅដាច់តែឯង ការផ្តល់ថ្នាំព្យាបាលច្រើនលើសលុប ការរំលោភបំពាន និងការទុកចោល។
- និយាយថា “ទេ” ចំពោះនីតិវិធីដែលមិនមានសុវត្ថិភាព។
- ជ្រើសរើសជម្រើសជីវិតខ្លួនឯងដោយផ្ទាល់។ នេះរួមបញ្ចូលទាំងទីកន្លែងដែលអ្នកចង់រស់នៅ អ្នកដែលអ្នកចង់រស់នៅជាមួយ ទំនាក់ទំនងរបស់អ្នក របៀបដែលអ្នក ប្រើប្រាស់ពេលទំនេររបស់អ្នក ការអប់រំរបស់អ្នក និងការងារ គោលដៅផ្ទាល់ខ្លួនរបស់អ្នក និងការធ្វើផែនការដែលត្រូវទៅតាមតម្រូវការរបស់អ្នក និងការចង់បានរបស់អ្នក។
- ការស៊ើបអង្កេតទាន់ពេលពីការរំលោភបំពានដែលអាចកើតមានមកលើអ្នក។
ជម្រើសនិងការធ្វើសេចក្តីសម្រេច (Choices and Decision-Making – § 4502.1)
អ្នកមានសិទ្ធិ៖
- មាន DDS មជ្ឈមណ្ឌលថ្នាក់តំបន់ អ្នកផ្តល់សេវា និងអ្នកផ្សេងផ្តល់ព័ត៌មានដល់អ្នកដែលអ្នកអាចយល់បានដើម្បីជួយដល់អ្នកជ្រើសរើសជម្រើសសមស្រប។
- មាន DDS មជ្ឈមណ្ឌលថ្នាក់តំបន់ អ្នកផ្តល់សេវា និងអ្នកផ្សេងផ្តល់ឱកាសដល់អ្នកធ្វើការសម្រេចចិត្ត។
- មាន DDS មជ្ឈមណ្ឌលថ្នាក់តំបន់ អ្នកផ្តល់សេវា និងអ្នកផ្សេងគោរពតាមជម្រើសរបស់អ្នក។
- មានមជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់ដល់អ្នកនូវព័ត៌មានដែលក្នុងបំណងរក្សាបាននូវវប្បធម៌របស់អ្នក និងជាភាសាដែលអ្នក ឬ ឪពុកម្តាយរបស់អ្នក អ្នកអាណាព្យាបាល ឬ តំណាងស្របច្បាប់អាចយល់បាន។ នេះរួមបញ្ចូលទាំងទម្រង់ផ្សេងទៀតនៃការទំនាក់ទំនង។
សិទ្ធិរស់នៅក្នុងទីលំនៅដែលធ្វើប្រតិបត្តិការដោយរដ្ឋ ការថែទាំតាមសហគមន៍ និងមណ្ឌលសុខភាព (Rights in State-Operated, Community Care, and Health Facilities – § 4503)
ប្រសិនបើអ្នករស់នៅតាមមណ្ឌលដែលធ្វើប្រតិបត្តិការដោយរដ្ឋ មណ្ឌលថែទាំសុខភាពសហគមន៍ ឬ មណ្ឌលសុខភាព (ឧទា. មន្ទីរពេទ្យ មណ្ឌលថែទាំមានជំនាញ ឬ មណ្ឌលសុខភាពទូទៅ) អ្នកមានសិទ្ធិ៖
- ស្លៀកពាក់សម្លៀកផ្ទាល់ខ្លួនរបស់អ្នក។
- មាននិងប្រើប្រាស់របស់របរផ្ទាល់ខ្លួនរបស់អ្នកដោយពុំត្រូវប្រើរួមជាមួយនឹងអ្នកស្នាក់នៅផ្សេងទៀត។ ឧទាហរណ៍ សាប៊ូកក់សក់ផ្ទាល់ខ្លួន ថ្នាំដុសធ្មេញ ទឹកអប់។
- មាននិងចាយលុយផ្ទាល់ខ្លួនរបស់អ្នក រួមទាំងការចាយនៅតាមកុងទីន។
- មានកន្លែងផ្ទាល់ខ្លួនទុកដាក់ទ្រព្យរបស់ខ្លួនឯង។
- ជួបជាមួយអ្នកមកលេងបានជារៀងរាល់ថ្ងៃ។
- ទូរសព្ទចេញ ឬ ទទួលទូរសព្ទដោយពុំមាននរណាម្នាក់ស្តាប់ ឬ ឮការសន្ទនារបស់អ្នក។
- មានក្រដាស ស្រោមសំបុត្រ ស្តែមប្រៃសណីយ៍ ឬ របស់របស់ផ្សេងទៀតដែលអ្នកត្រូវការដើម្បីសរសេរលិខិត។
- ផ្ញើចេញនិងទទួលលិខិតដោយគ្មានអ្នកផ្សេងអានអ្វីដែលអ្នកសរសេរ ឬ បើកមើល ឬ អានលិខិតដែលត្រូវបានផ្ញើមកឱ្យអ្នក។
- និយាយថាទេចំពោះ ការព្យាបាល “ដោយឆក់ខ្សែភ្លើង” (ការព្យាបាលដោយការឆក់ ឬ ការព្យាបាល ECT)។
- និយាយថាទេចំពោះ ការវះកាត់ខួរក្បាល។ ការវះកាត់ខួរក្បាលមានន័យថាការវះកាត់ទៅលើខួរក្បាលដូចជា ការវះកាត់ព្យាបាលជំងឺផ្លុវចិត្ត ការវះកាត់ជំងឺវិកលចរិត និងការវះព្យាបាលឥរិយាបថ ដែលជះឥតពលដល់របៀបដែលអ្នកគិត មានអារម្មណ៍ ឬ ធ្វើសកម្មភាព។
- និយាយថាទេចំពោះការព្យាបាលដែលបង្ករឱ្យមានការឈឺចាប់ ឬ ការត់ស្លុត។
- ជ្រើសរើសជម្រើសទាំងនៃសកម្មភាពប្រចាំថ្ងៃរបស់អ្នក (ពេលវេលាដែលត្រូវក្រោកពីដំណេក ឬ ចូលដំណេក) អពីមិត្តភក្តិរបស់អ្នក ពេលទំនេរ និងសកម្មភាពសង្គមនានា។
- ជ្រើសរើសជម្រើសអំពីអ្វីដែលគួរមាននៅក្នុង IPP របស់អ្នក។
ការតស៊ូមតិ – § 4648(b) និង 17 California Code of Regulations § 50510(a)(12)
អ្នកមានសិទ្ធិ៖
- ទទួលបានសេវាតស៊ូមតិ
- ឡើងតុលាការដើម្បីដាក់ឱ្យអនុវត្តសិទ្ធិរបស់អ្នក។ នេះរួមទាំងការនិយាយថាទេចំពោះការថែរក្សា។
ទំនាក់ទំនង – § 4620.1
អ្នកអាចនឹងមានទំនាក់ទំនងជាមួយនឹងឪពុកម្តាយនិងសមាជិកក្រុមគ្រួសាររបស់អ្នក។ មជ្ឈមណ្ឌលថ្នាក់តំបន់និងអ្នកផ្តល់សេវាត្រូវគោរពនិងជម្រុញដល់ទំនាក់ទំនងទាំងនេះ។
ការរស់នៅតាមសហគមន៍ (Community Living – § 4640.7(a))
មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវជួយដល់អតិថិជន និងក្រុមគ្រួសាររបស់ពួកគេទទួលបានសេវានិងការគាំពារដែលផ្តល់ដល់ពួកគេនូវឱកាសនិងជម្រើសច្រើនបំផុតសម្រាប់ការរស់នៅ ធ្វើការ រៀនសូត្រ និងលែងនៅក្នុងសហគមន៍។
ការវាយតម្លៃទៅលើសិទ្ធិអាចទទួលបាន (Eligibility Assessments – § 4643(a))
អ្នកមានសិទ្ធិ៖
- ឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់សម្រេចប្រសិនបើអ្នកមានសិទ្ធិទទួលបានសេវាតិចជាង 120 ថ្ងៃ។
- ឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់សម្រេចប្រសិនបើអ្នកមានសិទ្ធិទទួលបានសេវាតិចជាង 60 ថ្ងៃ។
- ការរង់ចាំនឹងធ្វើឱសុខភាពនិងសុវត្ថិភាពរបស់អ្នកប្រឈម ឬ ឈានទៅដល់បញ្ហាក្នុងអភិវឌ្ឍផ្នែកស្មារតីនិងរាងកាយ ឬ
- មានហានិភ័យផ្ទាល់ដែលអ្នកត្រូវប្តូរទៅកាន់បរិយាកាសដែលមានលក្ខណៈរឹតបន្តឹងតែងជាងមុន (ឧទាហរណ៍ ទីលំនៅដែលចាក់សោរបិទជិត)។
លក្ខខណ្ឌកំណត់ពីសិទ្ធិទទួលបាន និងសេវាកម្មមជ្ឈមណ្ឌលថ្នាក់តំបន់ ប្រសិនបើអ្នកប្តូរចេញ – § 4643.5 (a-c)
អ្នកមានសិទ្ធិទាំងនេះ បើទោះបីជាអ្នកប្តូរទៅកាន់មជ្ឈមណ្ឌលថ្នាក់តំបន់ថ្មី៖
- ប្រសិនបើមានមជ្ឈមណ្ឌលថ្នាក់តំបន់មួយសម្រេចថាអ្នកមានសិទ្ធិទទួលបានសេវានោះ អ្នកមានសិទ្ធិទទួលបានសេវានៅគ្រប់មជ្ឈមណ្ឌលទាំងអស់ក្នុងរដ្ឋកាលីហ្វ័រញ៉ា។
- សិទ្ធិដែលអាចទទួលបានរបស់អ្នក នឹងមិនបញ្ចប់ទេលើកលែងតែមជ្ឈមណ្ឌលថ្នាក់តំបន់បញ្ជាក់ថាការសម្រេចិត្តពីខាងដើមរបស់គេខុសទាំងស្រុង។
- ប្រសិនបើអ្នកប្តូរទៅកាន់តំបន់មួយដែលផ្តល់សេវាដោយមជ្ឈមណ្ឌលថ្នាក់តំបន់ផ្សេងនោះ មជ្ឈមណ្ឌលថ្នាក់តំបន់ចាស់និងថ្មីត្រូវតែធានាដល់សេវានិងការគាំពាររបស់អ្នកត្រូវបានផ្ទេរដោយរលូន។
- អ្នកនឹងមាន IPP ដដែលរហូតដល់អ្នកឯកភាពទៅនឹង IPP ថ្មី។
- ប្រសិនបើសេវាកម្ម ឬ ការគាំពារដែលអ្នកមាននៅមុនពេលអ្នកបានប្តូរទីតាំងមិនមាននៅឯមជ្ឈមណ្ឌលថ្នាក់តំបន់ថ្មីទេនោះ ការប្រជុំមួយត្រូវតែធ្វើឡើងក្នុងរយៈពេល 30ថ្ងៃ ។
- រហូតទាល់តែការប្រជុំ IPP ថ្មីត្រូវបានធ្វើឡើង ទើបមជ្ឈមណ្ឌលថ្នាក់តំបន់ថ្មីត្រូវផ្តល់ដល់អ្នកនូវសេវានិងការគាំពារផ្សេង ដែលឆ្លើយតបបំផុតប្រសើបំផុតទៅនឹងគោលដៅ IPP របស់អ្នកនៅក្នុងទីលំនៅដែលមានការរឹតត្បិតតិចតួចបំផុត។
សិទ្ធិផែនការកម្មវិធីជាលក្ខណៈបុគ្គល (IPP) របស់អ្នក – §§ 4646, 4646.5, និង 4648(a)(1)
សិទ្ធិ IPP ទូទៅ
- ក្រោយពីមជ្ឈមណ្ឌលថ្នាក់តំបន់រកឃើញថាអ្នកមានសិទ្ធិទទួលបានសេវា ពួកគេមានពេល 60ថ្ងៃ ដើម្បអភិវឌ្ឍ IPP មួយឡើង។ §4646(c).
- ទាំង IPP របស់អ្នក និងសេវានិងការគាំពារដែលអ្នកទទួល ត្រូវតែរៀបចំតម្រូវទៅតាមអ្នកនិងក្រុមគ្រួសាររបស់អ្នក។ IPP របស់អ្នកត្រូវពិចារណាទៅលើតម្រូវការនិងការពេញចិត្តរបស់អ្នក (និងរបស់ក្រុមគ្រួសារអ្នក ប្រសិនបើសមស្រប)។
- សេវា IPP និងការគាំពាររបស់អ្នកត្រូវជួយដល់អ្នកធ្វើសមាហរ័ណកម្មចូលទៅក្នុងសហគមន៍ និងឈានទៅដល់ជីវិតមួយដែលឯករាជ្យ មានផលិតភាព និងមានប្រក្រតីភាពនៅក្នុងការបរិយាកាសមួយដែលមានផាសុខភាពនិងមានស្ថេរភាព។
- សេវាទាំងឡាយដែលអ្នកនិងក្រុមគ្រួសារអ្នកទទួលត្រូវតែ៖ ឆ្លុះបញ្ចាំងទៅនឹងការពេញចិត្តនិងជម្រើសរបស់អ្នក ជួយឱ្យសម្រេចគោលដៅ IPP របស់អ្នក និងមានប្រសិទ្ធិភាពថ្លៃ។ §4646(a).
- IPP របស់អ្នកត្រូវតែរួមបញ្ចូលនូវគោលបំណង វត្ថុបំណង និង សេវានិងការគាំពាររបស់អ្នក ដែលមជ្ឈមណ្ឌលថ្នាក់តំបន់បង់ថ្លៃឱ្យ ឬ ដែលអ្នកទទួលបានពីទីភ្នាក់ងារផ្សេងទៀត §4646(d)។
- IPP របស់អ្នកត្រូវតែលើកឡើងឱ្យច្បាស់ពីចំនួននិងប្រភេទនៃសេវាដែលអ្នកនឹងទទួលបាន និងពេលវេលាដែលសេវានឹងចាប់ផ្តើម។ §4646.5(a)(5).
- នៅទីបញ្ចប់នៃកិច្ចប្រជុំ IPP មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែផ្តល់ឱ្យអ្នកនូវបញ្ជីឈ្មោះសេវានិងការគាំពារទាំងឡាយដែលអ្នកទាំងពីរបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំ។ បញ្ជីឈ្មោះនោះត្រូវតែលើឡើងពីពេលវេលាដែលសេវាអាចនឹងចាប់ផ្តើម អ្នកនឹងទទួលបានសេវាទាំងនោះញឹកញាប់ប៉ុណ្ណា និងវាមានរយៈពេលយូរប៉ុណ្ណា និងតើនរណាជាអ្នកផ្តល់សេវានោះ (ប្រសិនបើដឹង)។ §4646(f)
- នៅពេលណាដែលអាចធ្វើបាន ក្រុមការងារ IPP ត្រូវជ្រើសរើសសេវាទាំងឡាយដែលអនុញ្ញាតឱ្យ៖
- កុមាររស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេ។
- មនុស្សពេញវ័យរស់នៅក្នុងសហគមន៍ដោយមានឯករាជ្យភាពច្រើនតាមដែលអាចធ្វើបាន។
- អតិថិជនមានប្រាស្រ័យទាក់ទងជាមួយនឹងនឹងអ្នកដែលពុំមានពិការភាពតាមមធ្យោបាយដែលវិជ្ជមាននិងមានប្រយោជន៍។ § 4648(a)(1).
ការប្រជុំ IPP៖
- អ្នកនឹងមានការប្រជុំធ្វើផែនការដើម្បីឯកភាពគ្នាទៅលើអ្វីដែលនឹងត្រូវដាក់បញ្ចូលទៅក្នុង IPP របស់អ្នក។
- មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវផ្តល់ដល់អ្នកនូវបញ្ជីមួយនៃសេវាកម្មនិងការគាំពារទាំងឡាយដែលបានឯកភាពគ្នានៅខាងចុងនៃការប្រជុំ។ បញ្ជីនោះត្រូវតែរួមនូវការលើកឡើងពីពេលវេលាដែលសេវាអាចនឹងចាប់ផ្តើម អ្នកនឹងទទួលបានសេវាទាំងនោះញឹកញាប់ប៉ុណ្ណា និងវាមានរយៈពេលយូរប៉ុណ្ណា និងតើនរណាជាអ្នកផ្តល់សេវានោះ (ប្រសិនបើដឹង)។ §4646(f).
- ប្រសិនបើអ្នក (និងអ្នកកំពុងតំណាងឱ្យអ្នក) មិនអាចឯកភាពជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ទៅលើ IPP លើកទីមួយបានទេ អ្នកនឹងត្រូវមានការប្រជុំមួយទៀតក្នុងរយៈពេល 15 ថ្ងៃ លើកលែងតែអ្នកស្នើសុំពេលវេលាយូរជាងនេះ។ §4646(g).
- ត្រូវតែមាននរណាម្នាក់ដែលមានសិទ្ធិអំណាចនិយាយថា “បាន” ឬ “មិនបាន” សម្រាប់មជ្ឈមណ្ឌលថ្នាក់តំបន់នៅក្នុងកិច្ចប្រជុំ IPP របស់អ្នក។ § 4646(d)។
- អ្នកត្រូវតែទទួលបានការជូនដំណឹងរៀងរាល់កិច្ចប្រជុំ IPP។
- អ្នកអាចតម្រូវថា មាននរណាម្នាក់ផ្សេងផងដែរដែលទទួលបានការជូនដំណឹងពីការប្រជុំ IPP នេះ ហើយដែលពួកគេត្រូវទទួលបានមួយច្បាប់នៃការជូនដំណឹងដែលអ្នកទទួលបាន។ § 4646(e)។
- មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវរៀបចំឯកសារជាភាសាកំណើតរបស់អ្នក (និង/ឬ ភាសាកំណើតរបស់ឪពុកម្តាយ អ្នកអាណាព្យាបាល ឬ តំណាងស្របច្បាប់របស់អ្នក) នៅក្នុង IPP របស់អ្នក។ ពួកគេក៏ត្រូវរៀបចំការប្រជុំ IPP ជាភាសានោះ ហើយផ្តល់មួយច្បាប់នៃ IPP របស់អ្នកជាភាសានោះដែរ។ § 4646(i).
ការពិនិត្យឡើងវិញទៅឡ IPP៖
- IPP របស់អ្នកត្រូវតែពិនិត្យឡើងវិញ និងកែសម្រួលយ៉ាងហោចណាស់ រៀងរាល់ 3 ឆ្នាំម្តងដែរ។
- ប្រសិនបើអ្នកស្នើសុំឱ្យពិនិត្យទៅលើ IPP របស់អ្នកមុនពេលនោះ អ្នកមានសិទ្ធិពិនិត្យឡើងវិញទៅលើ IPP របស់អ្នកក្នុងរយៈពេល 30ថ្ងៃ។ ប្រសិនបើសុខភាពនិងសុវត្ថិភាពរបស់ត្រូវកំពុងតែប្រឈមនឹងហានិភ័យ ឬ អ្នកអាំចនឹងត្រូវប្តូរចេញពីកន្លែងដែលអ្នកកំពុងរស់នៅនោះ អ្នកមានសិទ្ធិពិនិត្យឡើងវិញក្នុងរយៈពេល 7ថ្ងៃ (អ្នកខ្លះហៅករណីនេះថាជាការប្រជុំ IPP បន្ទាន់)។ §4646.5(b).
- ប្រសិនបើអ្នកទទួលបានសេវាក្រោមកម្មវិធី HCBS Waiver នោះ IPP របស់អ្នកត្រូវតែពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ។
បណ្តឹងជំទាស់ (Appeals)៖
- ប្រសិនបើអ្នកមិនឯកភាពទៅនឹងផ្នែកណាមួយនៃ IPP របស់អ្នក (ឧទាហរណ៍ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់បដិសេធមិនបញ្ចូលសេវារបស់អ្នកដែលអ្នកគិតថាអ្នកត្រូវការនោះ) មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវបញ្ជូនឱ្យអ្នកនូវការជូនដំណឹងដែលពន្យល់ពីមូលហេតុដែលគេមិនឯកភាព (§ 4701) និងសិទ្ធិរបស់អ្នកត្រូវប្តឹងជំទាស់។ §§ 4646(h) និង 4701.
ការសម្របសម្រួលសេវាកម្ម – § 4647
អ្នកមានសិទ្ធិ៖
- ឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់សម្របសម្រួលសេវារបស់អ្នក និងធានាថាអ្នកទទួលបានសេវាដែលមាននៅក្នុង IPP របស់អ្នក។
- ចាត់តាំងយឱ្យមានអ្នកសម្របសម្រួលសេវាដល់អ្នក។
- ប្រាប់អ្នកក្នុងរយៈពេល 10ថ្ងៃ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់ប្តូរអ្នកសម្របសម្រួលសេវារបស់អ្នកជាអចិន្ត្រៃយ៍។
- លើកឡើងថាចង់បាននរណាម្នាកផ្សេងឱ្យធ្វើជាអ្នកសម្របសម្រួលសេវារបស់អ្នក។
មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែយក IPP របស់អ្នកមកអនុវត្ត – § 4648
អ្នកមានសិទ្ធិ៖
- ឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់រកសេវានិងការគាំពារដែលអ្នកត្រូវការស្របទៅតាមគោលដៅ IPP របស់អ្នក។ មជ្ឈមណ្ឌលថ្នាក់តំបន់នឹងព្យាយាមរកឱ្យអ្នកនូវសេវាពីទីភ្នាក់ងារសាធារណៈផ្សេងទៀតមុននឹងប្រើប្រាស់ថវិកាមជ្ឈមណ្ឌលថ្នាក់តំបន់ទៅបង់ថ្លៃវា។ § 4648(a)(8).
- ឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ពិចារណាការគាំពារនៅតាមសហគមន៍ជាលក្ខណៈធម្មជាតិ ផ្ទះ និងទីលំនៅលំហែកម្សាន្តជាមុនសិន៊
- ទទួលបានសេវាដែលមានលក្ខណៈបទបែននិងតម្រូវទៅតាមអ្នក។ § 4648(a)(2).
- អត្រាអ្នកផ្តល់សេវាដែលធានាថាពួកគេអាចបំពេញបានទៅតាមតម្រូវការជាពិសេសរបស់អ្នក និងផ្តល់នូវការគាំពារដែលមានគុណភាពនៅក្នុងទីលំនៅដែលមានលក្ខណៈរឹតត្បិតតិចតួច § 4648(a)(5)។
- ឱ្យជម្រើសនៃអ្នកផ្តល់សេវារបស់អ្នកត្រូវបានពិចារណា។ ក្រុមធ្វើផែនការក៏នឹងពិចារណាផងដែរទៅលើសមត្ថភាពរបស់អ្នកផ្តល់សេវា ដើម្បីផ្តល់ការគាំពារដែលមានគុណភាព គុណវុឌ្ឍិរបស់ពួកគេ និងតម្លៃចំពោះអ្នកផ្តល់សេវាដែលមានគុណភាពប្រហាក់ប្រហែល។ § 4648(a)(6).
- ទទួលបាននូវសេវាពេលមានវិបត្តិនិងបន្ទាន់ពីមជ្ឈមណ្ឌលថ្នាក់តំបន់ដើម្បីជួយឱ្យអ្នកបានបន្តស្នាក់នៅក្នុងការចាត់ចែងការរស់នៅតាមការជ្រើសរើសរបស់អ្នក។ § 4648(a)(10).
សិទ្ធិជ្រើសរើសកន្លែងដែលអ្នករស់នៅ – § 4641
ប្រសិនបើអ្នកជាមនុស្សពេញវ័យ៖
- អ្នកមានសិទ្ធិសម្រេចពីកន្លែងដែលអ្នករស់នៅ។
- អ្នកមិនអាចត្រូវបង្ខំឱ្យប្តុរចេញទេ លើកលែងតែមានគ្រោះថ្នាក់ដល់សុខភាពនិងសុខុមាលភាពរបស់អ្នក មានដីកាបង្គាប់ពីតុលាការ ឬ អ្នកថែរក្សារបស់អ្នកសម្រេចពីកន្លែងដែលអ្នករស់នៅ។
សិទ្ធិរបស់អ្នកដើម្បីប្តូរចេញ – § 4747
ប្រសិនបើអ្នកចង់ប្តូរចេញពីទីលំនៅថែទាំស្នាក់នៅ (ការស្នាក់នៅជាក្រុមតាមផ្ទះ) មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវរៀបចំកាលវិភាគប្រជុំ IPP ឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីជួយដល់អ្នកស្វែងរក និងប្តូរទៅកាន់កន្លែងផ្សេង។
សេវានិងការគាំពារសម្រាប់កុមារមានពិការភាពផ្នែកការលូតលាស់ស្នាក់នៅក្នុងផ្ទះជាមួយក្រុមគ្រួសារ – § 4685
ប្រសិនបើអ្នកជាកុមារកំពុងរស់នៅជាមួយក្រុមគ្រួសាររបស់អ្នក៖
- នឹងទទួលបានសេវាដែលអ្នកត្រូវការដើម្បីស្នាក់នៅក្នុងផ្ទះជាមួយនឹងក្រុមគ្រួសារនិងជីវិតសហគមន៍របស់អ្នកគឺជាអាទិភាពខ្ពស់បំផុត។ §4685(a)(b).
- IPP របស់អ្នកដាក់បញ្ចូលផែនការគ្រួសារដែលរៀបរាប់ពីសេវានិងការគាំពារទាំងឡាយដែលនឹងជួយដល់អ្នកឱ្យរស់នៅបានក្នុងផ្ទះជាមួយនឹងក្រុមគ្រួសារបស់អ្នក។ 4685(c)(2).
កុមាររស់នៅក្រៅផ្ទះក្រុមគ្រួសារ – § 4685.1
ប្រសិនបើអ្នកជាកុមារកំពុងរស់នៅខាងក្រៅផ្ទះរបស់អ្នក៖
- មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីដាក់ឱ្យអ្នកនៅជិតបំផុតទៅនឹងផ្ទះក្រុមគ្រួសាររបស់អ្នក។
- ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចធ្វើបែបនេះបានទេ ពួកគេត្រូវតែផ្តល់ការពន្យល់ជាលាយលក្ខណ៍អក្សរនៅក្នុង IPP របស់អ្នក យ៉ាងហោចណាស់រៀងរាល់ 6ខែ ដែលនិយាយថា អ្វីៗដែលពួកគេកំពុងធ្វើសម្រាប់អ្នកដើម្បីឱ្យអ្នកអាចរស់នៅបាននៅជិតក្រុមគ្រួសាររបស់អ្នក។ ពួកគេនឹងផ្ញើវាមួយច្បាប់មកឱ្យអ្នក។
សេវាជ្រើសរើសទំនាក់ទំនង និងធ្វើជាឪពុកម្តាយ – § 4687
អ្នកមានសិទ្ធិ៖
- មានទំនាក់ទំនង
- រៀបការ
- ស្ថិតនៅជាផ្នែកនៃក្រុមគ្រួសារ
- មានកូនចៅ
- សម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រាន់ទៅលើជីវិតផ្ទាល់ខ្លួនរបស់អ្នក
- ទទួលបានសេវាពីមជ្ឈមណ្ឌលថ្នាក់តំបន់ ដូចជា៖
- ការបណ្តុះបណ្តាលពិការរួមភេទ
- ការបណ្តុះបណ្តាលបំណិនចិញ្ចឹមកូន
- ចាត់ចែងការរស់នៅដោយមានការគាំពារសម្រាប់ឪពុកម្តាយដែលមានពិការភាពផ្នែកការលូតលាស់និងកូនៗរបស់ពួកគេ
- ការតស៊ូមតិជួយទំនាក់ទំនងជាមួយនឹងទីភ្នាក់ងារដូចជា ទីភ្នាក់ងារសុខុមាលភាពកុមារ
- សេវាប្រឹក្សាតាមគ្រួសារ
ការគាំពារដើម្បីជួយចូលរួមក្នុងសហគមន៍របស់អ្នក – § 4688
- អ្នកមានសិទ្ធិទទួលបានការគាំពារដើម្បីជួយអ្នកឱ្យចូលរួមក្នុងសហគមន៍របស់អ្នក។
- មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវពង្រីកឱកាសដែលផ្តល់ឱ្យអ្នកនូវការពារនិងការចូលរួមពេញលេញនិងស្នើភាពក្នុងសមាហរ័ណកម្មសហគមន៍និងជម្រើសការងារ លេង ចូលរួមសង្គម សេវាសហគន៍ និងការអប់រំ។
- ប្រសិនបក្រុមការងារ IPP របស់អ្នកសម្រេចថាអ្នកត្រូវការសេវាសម្របសម្រួលសហគមន៍ដើម្បីធ្វើសមាហរ័ណកម្ម ឬ បញ្ចូលទៅក្នុងសហគមន៍ មជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងទទួលបានសេវាសម្រាប់អ្នក។
សេវាគាំពារការរស់នៅសម្រាប់មនុស្សពេញវ័យ – § 4689
ប្រសិនបើអ្នកជាមនុស្សពេញវ័យ អ្នកមានសិទ្ធិដើម្បីទទួលបាននូវប្រភេទនិងចំនួននៃការគាំពារដែលអ្នកត្រូវការដើម្បីរស់នៅក្នុងផ្ទះផ្ទាល់ខ្លួន ឬ ជួល ដោយមិនគិតពីកម្រិតនៃពិការភាបរបស់អ្នកឡើយ។
ការទទួលបានសេវាសុខភាពផ្លូវចិត្ត – § 4696.1
អ្នកមានសិទ្ធិទទួលបានសេវាសុខភាពផ្លូវចិត្តនៅពេលអ្នកត្រូវការវា រួមទាំងសេវាពេលបន្ទាន់ ឬ វិបត្តិ។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវធ្វើការជាមួយនឹងកម្មវិធីសុខភាពផ្លូវចិត្តដើម្បីសម្របសម្រួលសេវាកម្ម។ ឧទាហរណ៍ ប្រសិនបើអ្នកត្រូវសម្រាកពេទ្យ មជ្ឈមណ្ឌលថ្នាក់តំបន់និងតំណាងសុខភាពផ្លូវចិត្តខោនធីត្រូវធ្វើការជាមួយអ្នកដើម្បីផែនការព្យាបាលសម្រាប់របស់អ្នកនិងការធ្វើផែនការចេញពីមន្ទីរពេទ្យ។
ដំណើរការសវនាការយុត្តិធម៌ – §§ 4700-4716
- ប្រសិនបើអ្នកមិនឯកភាពជាមួយនឹងការសម្រេចរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ដែលមិនផ្តល់សេវាថ្មី ឬ ផ្លាស់ប្តូរ ឬ បញ្ចប់សេវានោះ អ្នកមានសិទ្ធិជូនដំណឹង និងឡើងសវនាការយុត្តិធម៌ជាមួយនឹងចៅក្រមនីតិរដ្ឋបាលបាន។
- សូមមើល ជំពូក 10 សម្រាប់ព័ត៌មានបន្ថែមអំពីសិទ្ធិរបស់អ្នកនៅក្នុងដំណើរការសវនាការយុត្តិធម៌។
ទទួលបានកំណត់ត្រា – §§ 4725-4730
- អ្នកមានសិទ្ធិដើម្បីមើលនិងថតចម្លងកំណត់ត្រានៅក្នុងសំណុំឯកសាររបស់អ្នក។
- អ្នកមានសិទ្ធិដើម្បីពិនិត្យឡើងវិញទៅលើសំណុំឯកសាររបស់អ្នកនៅឯមជ្ឈមណ្ឌលថ្នាក់តំបន់បានក្នុងពេលម៉ោងធ្វើការ។
- នៅពេលអ្នកស្នើសុំមើលសំណុំឯកសាររបស់អ្នក ដោយផ្ទាល់មាត់ ឬ ជាលាយលក្ខណ៍អក្សរ អ្នកត្រូវបានអនុញ្ញាតឱ្យមើលវាក្នុងរយៈពេល 3ថ្ងៃនៃថ្ងៃធ្វើការ។
អនុលោមភាពបណ្តឹង – § 4731
- ប្រសិនបើអ្នកគិតថាសិទ្ធិរបស់អ្នកត្រូវបានបដិសេធ ឬ រំលោភបំពាននោះ អ្នកមានសិទ្ធិដាក់ពាក្យបណ្តឹងជាមួយនឹងនាយកនៃមជ្ឈមណ្ឌលថ្នាក់តំបន់ ឬ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់។
- មើលជំពូក 10 សម្រាប់ព័ត៌មានបន្ថែមអំពីដំណើរការបណ្តឹង ពេលដែលត្រូវប្រើដំណើរការបណ្តឹង និងពេលប្រើដំណើរការសវនាការយុត្តិធម៌។
មជ្ឈមណ្ឌលថ្នាក់តំបន់ជួយសេវាផ្សេងៗទៀត – §§ 4658, 4659, 4640.6(g)
មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវជួយអ្នកទទួលបានអត្ថប្រយោជន៍សាច់ប្រាក់ ការថែទាំសុខភាព ឬ សេវាផ្សេងទៀតដែលអ្នកមានសិទ្ធិទទួលបាន។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវមានបុគ្គលិក ឬ អ្នកផ្តល់សេវាដោយបំណិនពិសេសនៅក្នុងយុត្តិធម៌ព្រហ្មទណ្ឌ ការអប់រំពិសេស ការគាំពារដល់គ្រួសារ ការផ្តល់ទីជម្រក និងការធ្វើសមាហរ័ណកម្មសហគមន៍។ នេះមានន័យប្រសិនបើអ្នកត្រូវជំនួយនៅក្នុងមួយនៃផ្នែកទាំងនេះ មជ្ឈមណ្ឌលថ្នាក់តំបន់គួរតែមានមនុស្សម្នាក់ ឬ ចេញលុយឱ្យមនុស្សម្នាក់ដើម្បីជួយដល់អ្នក។